ប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន ២១គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យទី២ ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា

ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីក្រោមឱវាទ នាំយកអំណោយ ផ្តល់ជូន ប្រជាពលរដ្ឋរងគ្រោះចំនួន ២១គ្រួសារ (ស្មើនឹង ៧ខ្នងផ្ទះ មាន ៣១បន្ទប់) ក្នុងនោះអ្នករងគ្រោះធ្ងន់ធ្ងរមាន ៥គ្រួសារ, អ្នករងគ្រោះស្រាលមាន ២គ្រួសារ និងអ្នកស្នាក់នៅបន្ទប់ជួល ១៤គ្រួសារ ដែលស្ថិតនៅក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២៣ ។

លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខា ធិការរងទី ១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងសម្តែងការសោកស្តាយ ដែលឧបទ្ទវហេតុភ្លើងឆេះផ្ទះបានបំផ្លាញទីជម្រកនិងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋរងគ្រោះ ដែលជានិច្ចកាល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋរងគ្រោះនៅគ្រប់ទីកន្លែង ហើយបានចាត់ឱ្យមន្ត្រីក្រោមឱវាទចុះភ្លាមៗនាំយកអំណោយ ជូនផ្តល់ជូន ឱ្យបានទាន់ពេលវេលា ។

សូមបញ្ជាក់ថា គ្រួសាររងគ្រោះទាំង ២១គ្រួសារ ទទួលបាន ៖ អង្ករ ៨០គីឡូក្រាម, មីជាតិ ២កេស, ត្រីខ ២០កំប៉ុង, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ឃីត១កញ្ចប់(មុង ភួយ សារុង ក្រមា), សាប៊ូដុសខ្លួន ២ដប និងតង់ ១ផ្ទាំង។ ចំពោះអ្នករងគ្រោះធ្ងន់ធ្ងរ ៥គ្រួសារ ទទួលបានថវិកាបន្ថែមចំនួន ៥០ម៉ឺនរៀល។ អ្នករងគ្រោះស្រាល ២គ្រួសារ ទទួលបានថវិកាបន្ថែមចំនួន ៣០ម៉ឺនរៀល។ អ្នកជួលផ្ទះ ១៤គ្រួសារ ទទួលបានថវិកាបន្ថែម ២០ម៉ឺនរៀល ។

គួររំឭកថា កាលពីវេលាម៉ោង ៦:៣០នាទី នាព្រលប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានអគ្គិភ័យមួយបានកើតឡើង ដោយសារឆ្លងចរន្តអគ្គិសនី បណ្តាលឱ្យឆាបឆេះផ្ទះយ៉ាងសន្ធោសន្ធៅ រាលដាលតៗគ្នាអស់ផ្ទះចំនួន៧ខ្នង មាន៣១បន្ទប់ បណ្តាលឱ្យទ្រព្យសម្បត្តិផ្ទះសម្បែងក្លាយជាចំណីព្រះអគ្គីទាំងស្រុងតែមួយពព្រិចភ្នែក៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner