កម្ពុជា-ជប៉ុន វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ កម្ពុជា-ជប៉ុន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យទាំងផ្នែកការទូត ការធ្វើពាណិជ្ជកម្ម និងការផ្តល់ជំនួយដល់កម្ពុជា ដែលទំនាក់ទំនងនេះបាននិងកំពុងរួមចំណែកជួយដល់ការភិវឌ្ឍនៅកម្ពុជា ខណៈវិនិយោគគិនជប៉ុន បានបង្ហាញការចាប់អារម្មណ៍លើការបណ្តាក់ទុននៅកម្ពុជាជាបន្តបន្ទាប់។

ការវាយតម្លៃនេះ ធ្វើឡើងក្នុងជំនួបរវាងរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ឯកឧត្តម អ៊ិត សំហេង បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាលោក អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី (UENO Atsushi) នាទីស្តីការក្រសួងនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ។

ប្រភពពីក្រសួងការងារ បានឱ្យដឹងថា ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងការងារ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អលើគ្រប់វិស័យ ដែលជប៉ុនបានជួយកម្ពុជារួមចំណែកក្នុងការកសាង និងថែរក្សាសេ្ថរភាព សន្តិភាព និងការអភិវឌ្ឍ។ ឯកឧត្តមបន្តថា ឆ្នាំនេះគឺជាខួបអនុស្សាវរីយ៍ ៧០ឆ្នាំ នៃទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ដែលរយៈពេលកន្លងមកប្រទេសទាំងពីរបានឆ្លងកាត់ដំណាក់កាលជាច្រើន រហូតទទួលបានការរីកចម្រើនខ្ពស់បំផុត ឈានទៅរកការបង្កើតបាននូវក្របខណ្ឌដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

ឯកឧត្តម អ៊ិត សំហេង បញ្ជាក់ថា៖«កម្ពុជាចងចាំជានិច្ចនូវជំនួយរបស់ជប៉ុនក្នុងការស្វែងរកសន្តិភាព និងស្ថិរភាពក្នុងឆ្នាំ ១៩៩១ និងជំនួយរបស់ជប៉ុនបានចូលរួមចំណែកក្នុងការជួយអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកម្ពុជារហូតមកដល់បច្ចុប្បន្ន កាន់តែរីកចម្រើន ហើយជប៉ុននៅតែជាដៃគូសហប្រតិបត្តិការដ៏មានសារៈសំខាន់បំផុតជួយអភិវឌ្ឍន៍ស្ទើគ្រប់វិស័យ រួមទាំងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: តាមរយៈការផ្តល់ឥណទានជំនួយឥតសំណង»។
ប្រភពដដែល បានឱ្យដឹងទៀតថា៖«ឯកឧត្តមឯកអគ្គរាជទូតបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការផ្តល់នូវកិច្ចសហប្រតិបត្តិការល្អេ រហូតកសាងបាននូវទំនុកចិត្តជាមួយគ្នាជាយូរលង់ណាស់មកហើយ ក្នុងដំណើរស្វែងរកសន្តិភាព និងការស្តារប្រទេសឡើងវិញក្រោយពីកម្ពុជាបានឆ្លងកាត់សម័យកាលដ៏លំបាកមួយ រហូតដល់កម្ពុជាទទួលបាននូវការអភិវឌ្ឍលើគ្រប់វិស័យ កសាងបាននូវទំនុកចិត្តពីអ្នកវិនិយោគទុនជប៉ុន ហើយកំពុងតែបន្តផ្តល់ភាពទាក់ទាញបន្ថែមទៀត ដល់អ្នកវិនិយោគទុនមកបណ្តាក់ទុននៅកម្ពុជា»។

លោក យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា កម្ពុជានិងជប៉ុន ត្រូវបានដំឡើងនូវកិច្ចសហប្រតិបត្តិការទ្វេភាគីរហូតដល់កម្រិតដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយដែលជាកិច្ចសហប្រតិបត្តិការដ៏ល្អ និងផ្តល់ផលចំណេញទៅវិញទៅមកទាំងផ្នែកនយោបាយ ការទូត សេដ្ឋកិច្ច ការធ្វើពាណិជ្ជកម្ម។

ក្រសួងការងារ ឱ្យដឹងថា ភាគីទាំងពីរបានសម្តែងនូវការពេញចិត្ត នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និតថែមទៀតលើការជួយកែលម្អវគ្គបណ្តុះបណ្តាល ការបំពាក់សម្ភារៈសិក្សាតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវ: និងការបញ្ចូនអ្នកជំនាញឯកទេសជនជាតិជប៉ុន ក្រោមគម្រោង ចៃកា(JICA)។

ពាក់ព័ន្ធនឹងកម្មសិក្សាការី និងប្រព័ន្ធបញ្ចូន ភាគីទាំងពីរនឹងបន្តពង្រឹងការគ្រប់គ្រងឱ្យកាន់តែប្រសើរថែមទៀត ដើម្បីបន្តផ្តល់ឱកាសដល់ប្រជាពលរដ្ឋកម្ពុជា បានទៅបំពេញការងារជាកម្មសិក្សាការី និងជាពលករ ហើយពេលដែលពួកគេត្រឡប់មកម្ពុជាវិញ យកចំណេះដឹង និងជំនាញរបស់ពួកគេមកចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ទាក់ទាញអ្នកវិនិយោគទុនជប៉ុនកាន់តែច្រើនទៀតមកកម្ពុជា។

បន្ថែមពីនេះ ភាគីទាំងពីរ នឹងបន្តកិច្ចសហប្រតិបត្តិការលើគម្រោង ២ទៀត គឺទី១ គម្រោងជួយធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារនៃកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាគម្រោងអាស៊ាន-ជប៉ុន និងទី២ គម្រោងសុខភាពបន្តពូជសម្រាប់កម្មការិនីក្នុងវិស័យកាត់ដេរ៕
ដោយ៖សុខ រក្សា

ads banner