កាកបាទក្រហមកម្ពុជាសាខាខណ្ឌឫស្សីកែវ បន្តចុះជួយពលរដ្ឋរងគ្រោះ នៅសង្កាត់ ច្រាំងចម្រេះទី១

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ លោកស្រី អាន ផល្លា អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ បានបន្តដឹកនាំសហការី នាំយកគ្រឿងឧបភោគបរិភោគ និងថវិកា ដើម្បីចុះសួរសុខទុក្ខ និងឧបត្ថម្ភជូន ប្រជាពលរដ្ឋចាស់ជរា ងាយរងគ្រោះ រស់នៅសង្កាត់ច្រាំងចម្រេះទី១ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩នេះ។

ការងារមនុស្សធម៌នេះធ្វើឡើងជាបន្តបន្ទាប់ ក្រោយពីលោក ជា ពិសី ប្រធានស.ស.យ.ក ខណ្ឌឫស្សីកែវ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បានចាត់ឲ្យលោកស្រីផ្ទាល់ ដឹកនាំសហការីយកគ្រឿងឧបភោគបរិភោគ និងថវិកា ដើម្បីចុះសំណេះសំណាល សួរសុខទុក្ខ និងឧបត្ថម្ភជូនមន្ត្រី និងប្រជាពលរដ្ឋ ងាយរងគ្រោះ ក្នុងការជួយសម្រួលដល់ជីវភាពរស់នៅតាមមូលដ្ឋានសង្កាត់ស្វាយប៉ាក នារសៀលថ្ងៃទី១៩ ខែសីហា ម្សិលមិញ។

ការងារមនុស្សធម៌នេះដែរ លោកស្រី អាន ផល្លា ជាពិសី បានថ្លែងថា ចំពោះអំណោយមានជាគ្រឿងឧបភោគបរិភោគ និងថវិកាដែលក្រុមការងារ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ បាននាំមកឧបត្ថម្ភជូននៅពេលនេះ គឺសម្រាប់ចែកជូនចំពោះ តែប្រជាពលរដ្ឋក្រីក្រ ដែលងាយរងគ្រោះប៉ុណ្ណោះ ក្រោមការដឹកនាំចង្អុលបង្ហាញពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

សូមជម្រាបថា នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ម្សិលមិញ លោក ជា ពិសី ប្រធានស.ស.យ.ក ខណ្ឌឫស្សីកែវ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បានចាត់ឲ្យលោកស្រី អាន ផល្លា ប្រធានអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ ដែលជាអនុប្រធានកិត្តិយសអនុសាខាខណ្ឌ រួមដំណើរដោយអនុប្រធានសមាគមគឺ លោកស្រី សួស សូលីដា អភិបាលរងខណ្ឌ និងសហការី ជាសមាជិកាក្រុមប្រឹក្សាខណ្ឌ និងនារីសង្កាត់ច្រើនរូបទៀត ក្នុងការនាំយកគ្រឿងឧបភោគបរិភោគ និងថវិកា ដើម្បីចុះសំណេះសំណាល សួរសុខទុក្ខឧបត្ថម្ភជូន ប្រជាពលរដ្ឋងាយរងគ្រោះ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅក្នុងភូមិលូ សង្កាត់ស្វាយប៉ាក នៅមុនពេលសម្រេចរៀបចំបញ្ជូនលោកស្រីមេ៥០ខ្នងម្នាក់ នៅសង្កាត់ច្រាំងចម្រេះទី២ ដែលមានជំងឺធ្លាក់ឈាមឲ្យទៅពិនិត្យព្យាបាលសុខភាព នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ  និងក្រោយពេលបញ្ចប់ការសួរសុខទុក្ខ និងឧបត្ថម្ភជូនភរិយាប្រធានយុវជន ស.ស.យ.ក សង្កាត់ច្រាំងចម្រេះទី១ ទើបសម្រាលបានកូនស្រីនៅគេហដ្ឋាន។

លើកឡើងនាឱកាសឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកានាពេលនេះ លោកស្រី អាន ផល្លា ជា ពិសី សូមជូនពរភរិយាប្រធានយុវជន ស.ស.យ.ក សង្កាត់ច្រាំងចម្រេះទី១ ទើបសម្រាលបានកូនស្រី និងលោកស្រីមេ៥០ខ្នង សង្កាត់ច្រាំងចម្រេះទី២ ដែលមានជំងឺធ្លាក់ឈាម ឲ្យទៅពិនិត្យព្យាបាលសុខភាព នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ រួមជាមួយប្រជាពលរដ្ឋ ងាយរងគ្រោះទាំងអស់ ខំថែទាំសុខភាពឲ្យបានល្អប្រសើរ ត្រូវហូបស្អាត ផឹកស្អាត ពោលគឺការរស់នៅស្អាតជានិច្ច ជៀសវាងឆ្លងជំងឺតម្កាត់ផ្សេងៗ។

លើសពីនេះ លោកស្រី អាន ផល្លា ជាពិសី ក៏បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្ដេចតែងតែគិតគូរពីសុខទុក្ខ របស់ប្រជាពលរដ្ឋក្រីក្រ តាមជាក់ស្ដែងព្រោះនៅទីណាឲ្យតែមានប្រជាពលរដ្ឋ ងាយរងគ្រោះ ទីនោះតែងតែមានវត្តមានកាកបាទក្រហមកម្ពុជា មកជួយសង្គ្រោះជានិច្ច បើទោះបីជាអំណោយមិនមានចំនួនច្រើន ប៉ុន្តែអាចជួយដោះស្រាយ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃបានមួយគ្រា ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ៕ធ.ដ

ដោយៈ ហាស់ កំសាន្ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner