ព្រះអគ្គីកីឡាដង្ហែរព័ទ្ធជុំវិញប្រទេសអាស៊ាន (Video Inside)

ព្រះអគ្គីកីឡាឬភ្លើងគុបកីឡា ត្រូវបានដង្ហែរចេញពីកម្ពុជាហើយនារសៀលថ្ងៃទី២២មីនា ដើម្បីការធ្វើដំណើរព័ទ្ធជុំវិញប្រទេសអាស៊ានទាំង១០ និងប្រទេសទីម័រខាងកើត។

ការដង្ហែរភ្លើងគុបកីឡាឆ្លងកាត់បណ្តាប្រទេសជាសមាជិកអាស៊ាននេះ បានដឹកនាំដោយរដ្ឋលេខាធិការ ក្រសួងទេសចរណ៍លោក ហោ សារុន។

ភ្លើងគុបកីឡាដែលបានដង្ហែរចេញពីកម្ពុជានៅថ្ងៃពុធទី២២មីនា បានធ្វើដំណើរឆ្លងកាត់ប្រទេសវៀតណាម, បន្តទៅហ្វីលីពីន, ទៅប្រទេសប្រ៊ុយណេ, ទៅប្រទេសឥណ្ឌូណេស៊ី, ទៅប្រទេសទីម័រខាងកើត, ទៅប្រទេសម៉ាឡេស៊ី, ទៅប្រទេសសឹង្ហបុរី, ទៅប្រទេសថៃ, បន្តមក ប្រទេសឡាវ មុននឹងវិលមកដល់រាជធានីនៃប្រទេសកម្ពុជាវិញនៅថ្ងៃទី២៨ មេសា ឆ្នាំ២០២៣។

ភ្លើងគុបកីឡា នឹងបន្តដង្ហែរបន្ថែមទៀតក្នុងប្រទេសកម្ពុជា នៅថ្ងៃទី២៩មេសារហូតដល់ល្ងាច ថ្ងៃទី៥ឧសភា ដោយធ្វើដំណើរឆ្លងកាត់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ និងកំពង់ចាម និងវិលត្រឡប់មកពហុកីឡាដ្ឋានជាតិមរតកតេជោនាវេលា ម៉ោង៨កន្លះយប់ គឺនៅចំពេលពិធីដែលប្រកាស បើកការប្រកួតកីឡាស៊ីហ្គេមជាផ្លូវការ លើកទី៣២ ឆ្នាំ២០២៣។

កម្ពុជាគិតត្រឹមថ្ងៃទី២២មីនានេះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនោះ គឺនៅសល់រយៈពេលតែ៤៤ថ្ងៃទៅមុខទៀតប៉ុណ្ណោះ។

ads banner