វិស័យពុទ្ធសាសនា និងសង្គម មានការអភិវឌ្ឍរីកចម្រើន ទៅបានដោយសារប្រទេសជាតិមានសុខសន្តិភាព

បន្ទាយមានជ័យ ៖ ក្នុងពិធីសម្ពោធឆ្លងកុដិសាងសង់អំពីថ្មមួយខ្នងទំហំ២០ម៉ែត្រគុណនឹង៧ម៉ែត្រ កម្ពស់ពីរជាន់ ចំណាយថវិកាអស់ចំនួន ៨៥៥០០ដុល្លារអាមេរិក ស្ថិតនៅក្នុងវត្តប្រាសាទពង្រតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យនាថ្ងៃទី២២ មីនាឆ្នាំ២០២៣ លោក ប៊ុន សាប់ មេឃុំ តាផូ បានលើកឡើងថា អតីតកាលទឹកដីឃុំតាផូ ជាទីលានសមរភូមិ បានធ្វើឲ្យកើតមានឡើងនូវ វិនាសកម្ម លើគ្រប់វិស័យ ។

លោក មេឃុំ បន្តថា ពេលនេះក្នុងក្របខ័ណ្ឌទូទាំងប្រទេស និងដោយឡែកខេត្តបន្ទាយមានជ័យ ក្នុងនោះឃុំតាផូ ស្រុកស្វាយចេក បានកំពុងកសាងនូវហេដ្ឋារចនាសម្ព័ន្ធទាំងវិស័យ ពុទ្ធចក្រ និង អាណាចក្រ ឬសង្គមជាតិ មានការរីកចម្រើន ជាបន្តបន្ទាប់ក៏ព្រោះតែប្រទេសកម្ពុជា មានសុខសន្តិភាពផងដែរ ។

ព្រះគ្រូចៅអធិការវត្តព្រះនាមវរឃោសោ មួង ឆាង មានសង្ឃដីកាថា ៖ សមិទ្ធផលជាច្រើននៅក្នុងបរិវេណវត្ត គឺបានមកពីកម្លាំងមហាសាមគ្គីសប្បុរសជនជិតឆ្ងាយ បានផ្ដួចផ្ដើមកសាងអាចកើតមានឡើងសម្រាប់ព្រះសង្ឃ បានប្រើប្រាស់និងជាកន្លែងសម្រាប់គោរពបូជា។ ជាក់ស្ដែងកុដិមួយខ្នងពីរជាន់នេះដែល បានចំណាយថវិការហូតដល់ជិតដប់ម៉ឺនដុល្លារអាមេរិក ។

ឯកឧត្តម ឈើយ ចាន់ណា សមាជិកព្រឹទ្ធសភា បានជំរុញឲ្យអាជ្ញាធរ ក៏ដូចជាក្រុមការងារ ចុះមូលដ្ឋាន បន្តធ្វើការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ រួមមានកុដិ សាលារៀន ការជីកស្រះ ស្ដារប្រឡាយ ធ្វើ អាងស្តុកទឹក ទុកទឹកប្រើប្រាស់ និងធ្វើសំណង់ស្ពាន រួមទាំងកសាងផ្លូវ ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ៕

ដោយ ៖ គៀន ច័ន្ទហ៊ីន + ឃិន គន្ធា

ads banner