ប្រធានាធិបតីម៉ិកស៊ីក៖ ក្រសួងការបរទេសអាមេរិក ជាអ្នកកុហក
ម៉ិកស៊ីកូ៖ ប្រធានាធិបតីប្រទេសម៉ិកស៊ីក បានចោទប្រកាន់ថា ក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកគឺជាអ្នកកុហក ជាការឆ្លើយតបនឹងបញ្ហាបំផ្លិចបំផ្លាញបំពង់បង្ហូរប្រេង។
«សហរដ្ឋអាមេរិកត្រូវតែឆ្លើយតបទៅនឹងការចោទប្រកាន់របស់ បំពង់បង្ហូរប្រេង ណត ស្ទ្រីម (Nord Stream) » នេះគឺជាអ្វីដែលលោក ប្រធានាធិបតីម៉ិកស៊ិក ឡូប៉េស អូប្រាឌឺ (Lopez Obrador) បានអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោនឆ្លើយតប លើការអះអាងអំពីការបំផ្លិចបំផ្លាញបំពង់បង្ហូរប្រេងនេះ។
ប្រធានាធិបតីម៉ិកស៊ិកបានអះអាងថា សហរដ្ឋអាមេរិកគួរតែឆ្លើយតបទៅនឹងការចោទប្រកាន់ថា ខ្លួនបានបំផ្លាញបំពង់បង្ហូរ ណត ស្ទ្រីម។ ការលើកឡើងនេះបានធ្វើឡើងខណៈដែលមេដឹកនាំម៉ិកស៊ិកបានចេញមុខតតាំងនឹងការចោទប្រកាន់របស់សហរដ្ឋអាមេរិក បន្ទាប់ពីមានការរិះគន់ប្រទេសរបស់លោក។
“ប្រសិនបើយើងកំពុងនិយាយអំពីអំពើហឹង្សា តើវាទៅជាយ៉ាងណាដែលអ្នកសារព័ត៌មានដែលទទួលបានពានរង្វាន់នៅសហរដ្ឋអាមេរិកអះអាងថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបំផ្លិចបំផ្លាញបំពង់បង្ហូរឧស្ម័នពីរុស្ស៊ីទៅកាន់អឺរ៉ុប?” នេះជាអ្វីដែលោក Lopez Obrador បានសួរក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃអង្គារ សប្តាហ៍នេះ។
ប្រធានាធិបតីម៉ិកស៊ិកសំដៅលើការអះអាងរបស់អ្នកកាសែតដែលឈ្នះរង្វាន់មួយថា រដ្ឋបាល បៃឌិន (Biden) បានបំផ្ទុះបំពង់បង្ហូរ ណត ស្ទ្រីម ដែលតភ្ជាប់រុស្ស៊ី និងអាល្លឺម៉ង់ កាលពីឆ្នាំមុន។
ការកត់សម្គាល់របស់លោក ឡូប៉េស អូប្រាឌឺ (Lopez Obrador) បានកើតឡើង ជាផ្នែកមួយនៃការបដិសេធចំពោះការចោទប្រកាន់ពី “អំពើហិង្សា” បង្កដោយអាជ្ញាធរម៉ិកស៊ិក ដែលធ្វើឡើងនៅក្នុងរបាយការណ៍សិទ្ធិមនុស្សប្រចាំឆ្នាំដែលចេញដោយក្រសួងការបរទេសសហរដ្ឋអាមេរិក ក្នុងសប្តាហ៍នេះ។ របាយការណ៍នេះបានចោទប្រកាន់ “បញ្ហាសិទ្ធិមនុស្សសំខាន់ៗ” នៅក្នុងប្រទេសម៉ិកស៊ិក ហើយបានលើកឡើងពី “របាយការណ៍គួរឱ្យទុកចិត្ត” នៃការសម្លាប់ដោយខុសច្បាប់ ឬតាមអំពើចិត្តដោយប៉ូលីស ក៏ដូចជាការធ្វើទារុណកម្ម និងការបាត់ខ្លួនដោយបង្ខំ៕ ប្រភពពីAFP ប្រែសម្រួលដោយ៖ សារ៉ាត