រដ្ឋាករទឹក សុំឱ្យពលរដ្ឋយោគយល់ ខណៈនឹងខំដោះស្រាយបញ្ហាខ្វះទឹកស្អាតប្រើប្រាស់ជាជំហានៗ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ​​បានសុំការយោគយល់​ និងអធ្យាស្រ័យពីអតិថិជន ដែលខ្វះខាតទឹកប្រើប្រាស់នៅរដូវប្រាំង ខណៈអង្គភាពនេះអះអាងថា នឹងខំធ្វើការដោះស្រាយបញ្ហាខ្វះទឹកស្អាតប្រើប្រាស់បានក្នុងលក្ខណៈជាប្រព័ន្ធ និងជាជំហានៗ ចាប់ពីខែឧសភាឆ្នាំ២០២៣ តទៅ។

សេចក្តីជូនដំណឹង ស្តីពីស្ថានភាពផ្គត់ផ្គង់ទឹកក្នុងរដូវប្រាំងឆ្នាំ២០២៣ និងដំណោះស្រាយ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញចុះថ្ងៃទី២៣ ខែមីនា បានលើកឡើងថា ចាប់ពីដើមខែកុម្ភៈ ដល់ខែមីនា ឆ្នាំ២០២៣ នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ)បានទទួលព័ត៌មានអំពីការមិនពេញចិត្តរបស់អតិថិជន ពាក់ព័ន្ធនឹងបញ្ហាខ្វះទឹកប្រើប្រាស់ ទឹកមានសម្ពាធខ្សោយ និងគ្មានទឹកក្នុងបណ្តាញទឹកជាដើម។

ជាមួយគ្នានេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏បានសុំការយោគយល់​ និងអធ្យាស្រ័យពីអតិថិជន ដែលខ្វះខាតទឹកប្រើប្រាស់នៅរដូវប្រាំង និងអំពាវនាវដល់អតិថិជនទាំងអស់ទាំងក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ មេត្តាជួយសន្សំសំចៃទឹកស្អាត ​ដោយសារតម្រូវទឹកនៅឆ្នាំ២០២៣ បានកើនឡើងដល់ជិត៩០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។

រដ្ឋាករទឹក បានបញ្ជាក់ដែរថា៖ « នៅឆ្នាំ២០២៣នេះ តម្រូវការទឹកប្រើប្រាស់បានកើនឡើងជាង៨៩ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ នៅពេលដែលសមត្ថភាពផលិតទឹកជាក់ស្តែងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានប្រមាណតែ៦៤ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃតែប៉ុណ្ណោះ។ មានន័យថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ខ្វះទឹកផ្គត់ផ្គង់ចំនួន ២៥ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ»។

ជាមួយគ្នានេះដែរ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចាត់ទុកកង្វល់របស់អតិថិជន គឺជាកង្វល់ និងការទទួលខុសត្រូវរបស់ខ្លួន និងសូមអតិថិជនដែលជួបបញ្ហាទឹកស្អាតទាំងអស់មេត្តាយោគយល់ អធ្យាស្រ័យ ខន្តីអភ័យទោស និងសូមមេត្តាជឿជាក់ថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងធ្វើការដោះស្រាយបញ្ហាខ្វះទឹកស្អាតប្រើប្រាស់បាន ក្នុងលក្ខណៈជាប្រព័ន្ធ និងជាជំហានៗ ចាប់ពីខែឧសភាឆ្នាំ២០២៣ តទៅ។

ពាក់ព័ន្ធនឹងបញ្ហាខ្វះទឹកប្រើប្រាស់នេះដែរ  ប្រធាន​កម្មវិធី​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា លោក ហង់ ​ហ៊ី​
ប៊ុណ្ណា ថ្លែង​គាំទ្រ​ចំពោះ​ការខិតខំប្រឹងប្រែងរបស់រដ្ឋាករទឹក​ ខណៈលោកក៏គាំទ្រឱ្យពលរដ្ឋចូលរួមសន្សំសំចៃទឹកប្រើប្រាស់ ព្រោះកន្លងមកមានប្រជាពលរដ្ឋខ្លះនៅមានការប្រើប្រាស់ទឹកលើសតម្រូវការ និងខ្ជះខ្ជាយផងដែរ។

លោកបន្តថា៖«​ ការចេញសេចក្តីជូនដំណឹងរបស់រដ្ឋាករទឹក គឺជាការពញ្ញាក់អារម្មណ៍ដល់ប្រជាពលរដ្ឋមួយដែរ ដើម្បីឱ្យពួកគាត់ចេះប្រើប្រាស់ទឹកដោយសន្សំសំចៃ ខណៈបច្ចុប្បន្នរាជធានីភ្នំពេញកំពុងមានការអភិវឌ្ឍនខ្លាំងលើសំណង់ផ្ទះល្វែង បុរី អចលទ្រព្យ និងសំណង់នានា ដែលធ្វើឱ្យតម្រូវការប្រើប្រាស់ទឹកមានការកើនឡើង ហើយខ្ញុំសង្ឃឹមថា រដ្ឋាករទឹក នឹងដោះស្រាយបញ្ហាខ្វះទឹកស្អាតប្រើប្រាស់បានឆាប់រហ័ស សម្រាប់ឆ្លើយតបទៅដល់ប្រជាពលរដ្ឋដែលខ្វះខាត់ទឹកបានទាន់ពេល»។

គួរបញ្ជាក់ដែរថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានកត់សម្គាល់ថា ខណ្ឌដែលមានបញ្ហាទឹក​ប្រើប្រាស់ ភាគច្រើនកើតឡើងនៅក្នុងសង្កាត់​ជាយរាជធានីភ្នំពេញ ដែលមានជាអាទិ៍ សង្កាត់ស្វាយប៉ាក សង្កាត់គោករការ សង្កាត់ក្រាំងធ្នង់ សង្កាត់សម្រោងក្រោម សង្កាត់ស្ទោ សង្កាត់ភ្លើងឆេះរទេះ សង្កាត់ពងទឹក សង្កាត់កន្ទោក សង្កាត់កំបូល សង្កាត់ចោមចៅ១ សង្កាត់ចោមចៅ២ និងសង្កាត់ចោមចៅ៣ សង្កាត់កាកាប១ និងសង្កាត់កាកាប២ សង្កាត់ព្រៃវែង សង្កាត់ព្រៃស សង្កាត់ជើងឯក សង្កាត់ស្ទឹងមានជ័យ១ សង្កាត់ស្ទឹងមានជ័យ២ និងសង្កាត់ស្ទឹងមានជ័យ៣ សង្កាត់ព្រែកកំពឹស សង្កាត់ព្រែកហូរ សង្កាត់ស្វាយរលំ សង្កាត់ព្រែកថ្មី សង្កាត់ក្បាលកោះ។

 ស្ថិតក្នុងបរិការណ៍នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អះអាងដែរថា រាជរដ្ឋាភិបាល ក្រសួងអាណាព្យាល ក្រុមប្រឹក្សាភិបាល បានយល់អំពីសភាពការណ៍ខ្វះទឹកស្អាតប្រើប្រាស់ និងបានជួយគាំទ្រ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ យ៉ាងពេញទំហឹងក្នុងការផ្តល់ទុនវិនិយោគ ដើម្បីឱ្យ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានលទ្ធភាពសាងសង់រោងចក្រផលិតទឹកថ្មី ដែលមានសមត្ថភាពអាចផលិតទឹកស្អាតបានក្នុងបរិមាណ៤០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ និងបំពង់ចែកទឹកថ្មីជិតមួយពាន់គីឡូម៉ែត្រ ដើម្បីដោះស្រាយបញ្ហាខ្វះទឹក ជាជំហានៗ ឱ្យខាងតែបាន ចាប់ពីឆមាសទី១ ឆ្នាំ២០២៣ នេះតទៅ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សង្ឃឹមជឿជាក់ថា នៅដើមខែឧសភា ឆ្នាំ២០២៣នេះ រោងចក្រផលិតទឹកស្អាតថ្មី នឹងផលិតចែកចាយទឹកស្អាតបានក្នុងបរិមាណ ២០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ បន្ថែមលើសមត្ថភាពផលិតបច្ចុប្បន្ន ៦៤ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។ ពោលគឺរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានសមត្ថភាពផលិត៨៤ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ធៀបនឹងតម្រូវការទឹកស្អាត៨៩ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ និងមានន័យថារដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានដោះស្រាយបញ្ហា ខ្វះទឹកស្អាតបានជាង៩០%ហើយ។

ដោយឡែកចាប់ពីដើមឆ្នាំ២០២៤ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងអាចផលិតទឹកស្អាតបាន ២០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃបន្ថែមទៀត ដែលធ្វើឱ្យសមត្ថភាពសរុបរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានរហូតដល់ជាង១លាន ម៉ែត្រគូបក្នុងមួយថ្ងៃ ពោលគឺចាប់ពីដើមឆ្នាំ២០២៤ តទៅ សមត្ថភាពផលិតទឹកស្អាតរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានជាងមួយលានម៉ែត្រគូបក្នុងមួយថ្ងៃ ធៀបនឹងការព្យាករណ៍តម្រូវការទឹកដែលមានប្រមាណ ៩០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។ មានន័យថា អតិថិជនរស់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅទាំងអស់មានទឹកប្រើប្រាស់គ្រប់គ្រាន់​៕ ដោយ៖ សែម ពិសី

ads banner