ទូតអាមេរិកប្រចាំកម្ពុជានិងអង្គការដៃគូ រួមគ្នាធ្វើកម្មវិធី«គ្រាប់បាល់» ដើម្បីដោះស្រាយវិបត្តិអាកាសធាតុ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងអង្គការស្មារតីកីឡាបាល់ទាត់ សហការគ្នារៀបចំកម្មវិធីមួយដែលមានឈ្មោះថា «គ្រាប់បាល់» ឬ The Ball ។កម្មវិធីនេះចង់បណ្តុះស្មារតីយុវជនកម្ពុជាឱ្យចូលរួមក្នុងការដោះស្រាយបញ្ហាអាកាសធាតុ និងកិច្ចការពារបរិស្ថាន។

សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកចុះថ្ងៃទី​២៣ ខែមីនា បានឱ្យដឹងថា កម្មវិធី គ្រាប់បាល់ គឺជាគំនិតផ្តួចផ្តើមមួយរបស់អង្គការស្មារតីនៃកីឡាបាល់ទាត់ ឬ Spirit of Football ជាស្ថាប័នមិនរកកម្រៃមួយ ដែលយកកីឡាបាល់ទាត់ធ្វើជាឧបករណ៍មួយក្នុងការដោះស្រាយបញ្ហាប្រឈមសាកល។

សេចក្តីប្រកាសបន្តថា ស្ថានទូតអាមេរិកនៅភ្នំពេញ និងអង្គការផ្កាយសមុទ្រកម្ពុជា (ISF) ក៏កំពុងរៀបចំការធ្វើដំណើរជាសាកលរបស់គ្រាប់បាល់ The Ball ដោយឆ្លងកាត់ទីក្រុងភ្នំពេញ ពីថ្ងៃទី ២៣ ដល់ ២៥ ខែមីនា។ ចំណែកអង្គការស្មារតីនៃកីឡាបាល់ទាត់ នឹងបើកសិក្ខាសាលារយៈពេល ពីរ ថ្ងៃ គឺនៅថ្ងៃទី ២៣ និងទី ២៤ ខែមីនា ដែលក្នុងនោះនឹងមានការបង្ហាញពីវិធីអប់រំ អំពីនិរន្តរភាព ដោយមានអ្នកចូលរួមមកពីបណ្តាអង្គការជាដៃគូ។ បន្ទាប់មក បាល់ទាត់នេះនឹងធ្វើដំណើរទៅសៀមរាប និងបាត់ដំបង។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជាលោក ផាទ្រិក មូផៃ(W. Patrick Murphy )បានចុះហត្ថលេខាលើ «គ្រាប់បាល់» បានលើកឡើងថា ផ្អែកតាមកីឡាបាល់ទាត់ មានន័យស្មើនឹងភ្លើងគប់កីឡាអូឡាំពិក នៅក្នុងការប្រកួតកីឡាបាល់ទាត់ដោយស្មើភាពមួយ ដែលនេះជាការបង្ហាញឱ្យឃើញការប្តេជ្ញាចិត្តយូរអង្វែងរបស់អាមេរិក នៅក្នុងការដោះស្រាយបញ្ហាវិបត្តិអាកាសធាតុ។

លោកមានប្រសាសន៍ថា៖ «កីឡាបាល់ទាត់ ដែលជាកីឡាដ៏ល្អ គឺជាវិធីធ្វើឱ្យគេមានការសប្បាយ និងបណ្តុះគំនិតច្នៃប្រឌិត ដែលធ្វើឱ្យគេមានការរួបរួមគ្នា និងឯកភាពលើបញ្ហាជាសាកល ដែលប៉ះពាល់មនុស្សជាតិទាំងមូល។ យើងមានមោទនភាពក្នុងការធ្វើការជាមួយដៃគូ ដូចជាអង្គការស្មារតីកីឡាបាល់ទាត់នេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ ហើយលើកទឹកចិត្តយុវជនកម្ពុជា ជាពិសេស ឱ្យមានការប្តេជ្ញាចិត្តក្នុងការការពារបរិស្ថាន» ។

ប្រភពដដែល បានឱ្យដឹងថា បាល់នេះ ធ្វើដំណើរពីកន្លែងនៃការប្រកួតបាល់ទាត់ផ្លូវការលើកដំបូងរបស់ពិភពលោក ដែលបានប្រព្រឹត្តទៅកាលពីឆ្នាំ ១៨៦៤ នៅ Battersea Park នៅទីក្រុងឡុងដ៏ ដល់ Eden Park នៃទីក្រុង Auckland នៃប្រទេសណូវែលសេឡង់ ជាទីដែលការចាប់ផ្តើមនៃការប្រកួតកីឡាបាល់ទាត់ពិភពលោកផ្នែកនារី នៅឆ្នាំ ២០២៣។ ពេលដែលបាល់ធ្វើដំណើរនៅជុំវិញពិភពលោក វាប្រមូលបានហត្ថលេខារបស់អ្នកដែលសន្យាគាំទ្រការលើកកម្ពស់សមភាពយេនឌ័រ និងសកម្មភាពផ្នែកអាកាសធាតុ។ តាំងពីឆ្នាំ ២០០២ មក មានមនុស្សចំនួនជាង ៥៥ ០០០ នាក់ នៅក្នុងប្រទេសចំនួន ៥៥ បានចុះហត្ថលេខាលើបាល់នេះ។

សេចក្តីប្រកាសបញ្ជាក់ថា៖«ការទូតផ្នែកកីឡា គឺជាគន្លឹះមួយនៃកិច្ចខិតខំផ្នែកការទូតរបស់សហរដ្ឋអាមេរិក ហើយការគាំទ្រយុទ្ធសាស្រ្តរួមនៃគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក ដោយដោះស្រាយបញ្ហាសំខាន់ៗ ហើយចូលរួមជាមួយក្រុមមនុស្ស ដែលមិនសូវទទួលបានការយកចិត្តទុកដាក់ ដែលរួមមានយុវជន នារី កុមារី និងជនពិការ»។

នៅព្រះរាជាណាចក្រកម្ពុជា កម្មវិធីការទូតកីឡារបស់សហរដ្ឋអាមេរិក បានពង្រឹងចំណងទាក់ទងគ្នា រវាងកីឡាករកម្ពុជា និងអាមេរិកមានដើមកំណើតខ្មែរ លើកកម្ពស់ការរីកចម្រើនជាទូទៅ និងក្នុងអាជីពរបស់យុវជននិងមនុស្សពេញវ័យ នៅតាមតំបន់ជនបទនៃប្រទេសកម្ពុជា ហើយគាំទ្រការខិតខំលើបញ្ហាគន្លឹះជាសាកល ដែលរួមមានបម្រែបម្រួលអាកាសធាតុ និងសមភាពយេនឌ័រ ៕

ដោយ៖សុខ រក្សា

ads banner