ការប្រកួតវ៉ូវីណាមជើងឯកអាស៊ីអាគ្នេយ៍លើកទី៦ ដែលកម្ពុជារៀបចំ ដើម្បីពង្រឹងសមត្ថភាពអត្តពលនិងធនធានមន្រ្តីបច្ចេកទេសត្រៀមស៊ីហ្គេមលើកទី៣២នៅកម្ពុជា
ភ្នំពេញ ៖ លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានថ្លែង ឲ្យដឹង នៅក្នុងសន្និសិទសារព័ត៌មាន ស្តីពីការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី៦ The 6th Southeast Asian Vovinam Championships នាថ្ងៃទី២៤ ខែមីនាថា ការប្រកួតជើងឯកអាស៊ីអាគ្នេយ៍លើកទី៦នេះ សហព័ន្ធបានរៀបចឡើងក្នុងគោលបណងពង្រឹងសមត្ថភាពអត្តពលិកជ្រើសជាតិវ៉ូវីណាម និងធនធានមន្រ្តីបច្ចេកទេសដូចជាអមន្រ្តីចៅក្រមនិងអាជ្ញាកណ្តាល ដើម្បីជាការត្រៀមខ្លួនឲ្យកាន់តែប្រសើរសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាអឡុង ខែ ឧសភា ឆ្នាំ២០២៣ខាងមុខនេះ។

ប្រធានសហព័ន្ធរូបនេះ បន្តថា សម្រាប់ការប្រកួតនេះពិជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់កីឡាករ កីឡាការិនី ព្រោះវាជាការពង្រឹងសមត្ថភាព និងជាការវាស់ស្ទង់មុននឹងចូលរួមស៊ីហ្គេម លើកទី៣២ ដែលនឹងចូលមកដល់នាពេលជាងមួយខែទៀតនេះ ។
ដោយឡែកសម្រាប់ការប្រកួតនេះ លោក អ៊ូ រតនា បានបញ្ជាក់ថា ជាការផ្តល់បទពិសោធន៍ដល់គណៈកម្មការបច្ចេកទេស ចៅ ក្រម អាជ្ញា កណ្តាល និង គណៈកម្មការ រៀបចំ របស់យើង គឺធ្វើម៉េចឱ្យការរៀបចំទទួលភ្ញៀវ មកប្រកួត ស៊ីហ្គេម ខាងមុខនេះបានល្អប្រសើរ ។

លោក អះអាងទៀតថា សម្រាប់សហព័ន្ធវ៉ូវីណាមកម្ពុជា នឹងយកការប្រកួតជើងឯកអាស៊ីអាគ្នេយ៍លើកទី៦នេះ ជាបទពិសោធន៍ធ្វើយ៉ាងណាឲ្យការរៀបចំការប្រកួតកីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះទទួលបានជោគជ័យទៅតាមផែនការដែលបានគ្រោងទុក ។
សូមបញ្ជាក់ថា ការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ីអាគ្នេយ៍លើកទី៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដំណើរការរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែមីនា ដោយមានប្រទេសចូលរួមចំនួន៧ ប្រកួតលើ៣០វិញ្ញសា ៕


អត្ថបទ ៖ ជាវ ចន្ធូ