រដ្ឋមន្រ្តីការបរទេសកម្ពុជានឹងអញ្ជើញបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រម៉ារ៉ុក និងសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីបនៅចុងខែនេះ

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិ​ការអន្តរជាតិនៃព្រះរាជា ណាចក្រកម្ពុជា នឹងដឹកនាំ គណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រម៉ារ៉ុកពីថ្ងៃទី២៧ ដល់ថ្ងៃទី ២៨ ខែមីនា និង សាធារណរដ្ឋ អារ៉ាប់ អេហ្ស៊ីប ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២៣។ទស្សនកិច្ចនេះតបតាមការអញ្ជើញរបស់ឯកឧត្តម Nasser BOURITA រដ្ឋមន្រ្តី ការបរទេស សហប្រតិបត្តិការអាហ្រ្វិក និងជនអន្តោប្រវេសន៍ នៃព្រះរាជាណាចក្រម៉ារ៉ុក និងឯកឧត្តម Sameh SHOUKRY រដ្ឋមន្រ្តីការ បរទេស នៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី២៤ ខែមីនាឆ្នាំ២០២៣បានឱ្យដឹងថា​នៅប្រទេស​ម៉ារ៉ុក ឯកឧត្តមឧបនាយករដ្ឋមន្រ្តី នឹងមានជំនួបទ្វេភាគីជាមួយឯកឧត្តម Nasser BOURITA ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងម៉ារ៉ុក លើវិស័យផ្សេងៗ រួមមាន វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ កសិកម្ម និងអប់រំ ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ ដែលជាប្រយោជន៍ និងក្តីបារម្ភរួម។ បន្ទាប់ពីជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរនឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធី ចុះហត្ថលេខាលើកិច្ចព្រមព្រៀង រួមមានកិច្ចព្រមព្រៀងស្តីពីសេវាដឹកជញ្ជូនតាមផ្លូវអាកាស ដើម្បីជំរុញការផ្លាស់ប្តូរទេស ចរណ៍ ធុរកិច្ច និងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។

ក្នុងកំឡុងពេលទស្សនកិច្ចផ្លូវការនៅប្រទេសអេហ្ស៊ីប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងជួបពិភាក្សាការងារជាមួយឯកឧត្តម Sameh SHOUKRY ដើម្បីពិនិត្យឡើងវិញលើកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ និងពិភាក្សាអំពីការវិវត្តនៃស្ថានភាព​ក្នុងតំបន់ និងអន្តរជាតិសំខាន់ៗ។ នៅប្រទេសអេហ្ស៊ីប ភាគីទាំងពីរគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សរណៈយោគយល់គ្នាមួយ​ចំនួន ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ការសិក្សាការទូត និងកិច្ចការកុងស៊ុល។

ប្រភពដដែលបន្តថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់​ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ទៅកាន់ប្រទេសម៉ារ៉ុក និងអេហ្ស៊ីបនាពេលខាង​មុខនេះ គឺដើម្បីពង្រឹង និងពង្រីកបន្ថែម​ទៀតនូវចំណង និងកិច្ចសហប្រតិបត្តិការជាប្រពៃណីដែលមានស្រាប់ រវាងកម្ពុជា ជាមួយបណ្តា​ប្រទេសទាំងពីរនៅទ្វីបអាហ្រ្វិក៕ដោយ៖ពលជ័យ

ads banner