ឯកឧត្តម ស សុខា៖បើព័ត៌មាន​ក្លែងក្លាយមានចរិតនយោបាយនឹងកាន់តែប្រឈមនូវហានិភ័យសង្គមខ្ពស់

ភ្នំពេញ ៖ ឯកឧត្តម ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានបញ្ជាក់ថា ព័ត៌មានក្លែងក្លាយ នឹងអាចធ្វើឲ្យយើង​សម្រេចចិត្តខុស ហើយបើព័ត៌មានក្លែងក្លាយនោះ មានចរិតនយោបាយញុះញុង បំបែកបំបាក់ នោះនឹងកាន់តែប្រឈមនូវហានិភ័យ​សង្គមខ្ពស់ ដែលអាចឈានទៅរកភាពចលាចល ភាពវឹកវរក្នុងប្រទេស នឹងអាចកើតមានសង្គ្រាមក៏ថាបាន។

ការបញ្ជាក់នេះក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់សមាគមសម្ព័ន្ធ​សារព័ត៌មានឯករាជ្យ នៅសណ្ឋាគារ សុខាភ្នំពេញកាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ។

ឯកឧត្តម ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ

ឯកឧត្តម ស សុខា បានបន្តថា ពិតមែនហើយថ្ងៃនេះសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានប្រារព្ធធ្វើពិធីសន្និបាតបូកសរុបលទ្ធផលការ ងារ ឆ្នាំ២០២២និងលើកទិសដៅការងារឆ្នាំ ២០២៣ នៅលើបដាខាងក្រោយវេទិកាមានរំលេចពាក្យមួយឃ្លាថា “រួមគ្នាផ្សព្វផ្សាយព័ត៌មាន​ពិត កុំប្រឌិតព័ត៌មានក្លែងក្លាយ ដើម្បីសង្គមនិងមនុស្សជាតិទាំងមូល” ដែលឃ្លានេះរឹតតែឆ្លុះបញ្ចាំងពីឆន្ទៈរបស់សមាគម​សម្ព័ន្ធសារព័ត៌មាន​ឯករាជ្យ ដែលបានចូលជាមួយរាជរដ្ឋាភិបាលក្នុងការបង្ក្រាបព័ត៌មានក្លែងក្លាយឱ្យមានប្រសិទ្ធភាពនិងបានទាន់ពេលវេលាផងដែរ។

ឯកឧត្តមបានបញ្ជាក់ថា ប្រទេសរបស់យើងប្រកាន់យករបបប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលជារបបមួយធ្វើឱ្យមានសុខដុមរមនា មានសុខសន្តិភាព និងធ្វើឱ្យ​ប្រជាពលរដ្ឋ មានជីវភាពធូរធារ ប្រទេសជាតិ មានការរីកចម្រើនលើគ្រប់វិស័យ។សន្តិភាពមានតម្លៃមិនអាចកាត់​ថ្លៃបាន ហើយសន្តិភាពដែលយើងកំពុងមានសព្វថ្ងៃគឺបានមកដោយលំបាក និងដោយការតស៊ូលះបង់ខ្ពស់ពីឥស្សរជនរបស់គណបក្ស​ប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី។

ឯកឧត្តម ស សុខា ក៏បានបញ្ជាក់ទៀតថា សមាគម ត្រូវបន្តសហការជាមួយនឹងក្រសួងស្ថាប័នពាក់ព័ន្ធ ធ្វើការបណ្តុះបណ្តាលជំនាញ​វិជ្ជាជីវៈសារព័ត៌មាន ដល់អ្នកសារព័ត៌មានទូទៅ ពិសេសអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មាន សមាជិករបស់ខ្លួនឲ្យដើរទាន់ការវិវត្ត​នៃបច្ចេកវិទ្យាប្រព័ន្ធ ផ្សព្វផ្សាយឌីជីថល ដែលអាចជួយបំពេញការងារ បានរហ័ស ទាន់សភាពការណ៍ និងត្រូវបង្កើតឡើងនូវកាលានុវត្តភាព​ថ្មី​សម្រាប់ទប់ ទល់នឹងបញ្ហាប្រឈម ដែលអាចកើតឡើងនាពេលអនាគតដែលយើងមិន អាចប៉ាន់ស្មានបាន។ ជាពិសេសត្រូវបញ្ចូលការ​ផ្សព្វផ្សាយអំពីស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក៏ដូចជាកម្មវិធី កម្សាន្តនានានៅព្រឹត្តិការណ៍ចូលឆ្នាំខ្មែរខាងមុខនេះ ឱ្យបានទូលំទូលាយ នៅក្នុងផែន ការឆ្នាំ២០២៣៕ ដោយ៖ពលជ័យ

ads banner