សម្ដេចតេជោ ហ៊ុន សែន ណែនាំអភិបាលខេត្ត មន្ត្រីភូមិ-ឃុំនីមួយៗ សហការជាមួយមន្ទីរកសិកម្មខេត្ត ដោះស្រាយបញ្ហាកសិកម្ម និងបញ្ហា ចិញ្ចឹមសត្វ ជូនពលរដ្ឋឱ្យបានទាន់ពេលវេលា
ភ្នំពេញ៖ ក្នុងពិធីបិទសន្និបាតបូក សរុបការងារឆ្នាំ២០២២ និងលើក ទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើការណែនាំដល់ អភិបាលខេត្ត មន្ត្រីភូមិ-ឃុំនីមួយៗ សហការជាមួយមន្ទីរកសិកម្មខេត្ត ដោះស្រាយបញ្ហាកសិកម្ម និងបញ្ហាចិញ្ចឹមសត្វ ជូនពលរដ្ឋឱ្យ បានទាន់ ពេលវេលា។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការគ្រាន់តែជំរុញឱ្យពលរដ្ឋចិញ្ចឹមសត្វ ដើម្បីលក់ នឹងមិនសម្រេចនោះទេ ប្រសិនជាចំណីសត្វនៅមានការនាំចូល និងមានតម្លៃខ្ពស់នោះ។ សម្ដេច បានផ្ដល់យោបល់ឱ្យមានការផលិត នូវ ចំណីសត្វក្នុងស្រុក ដែលធ្វើឱ្យតម្លៃចំណី អាចឱ្យប្រជាកសិករ ទទួលយក បានផងដែរ។ សម្ដេចថា ត្រូវស្វះស្វែងរកគ្រប់វិធីទាំងអស់ ដើម្បីដោះស្រាយ បញ្ហា កសិកររបស់យើង ។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់អភិបាលខេត្ត មន្ត្រីភូមិ-ឃុំនីមួយៗ ត្រូវសហការជាមួយមន្ទីរកសិកម្មខេត្ត ចុះទៅដោះ ស្រាយ បញ្ហាកសិកម្ម និងបញ្ហាចិញ្ចឹមសត្វជូនពលរដ្ឋ ឱ្យបានទាន់ ពេល វេលា។ សម្តេចតេជោបន្តថា បើមួយស្រុកមាន១២ឃុំ។ អ៊ីចឹង ឧស្សាហ៍ កោះប្រជុំគ្នា។ ឧទាហរណ៍ មានឃុំមួយកើតហេតុ ជំងឺស្រូវ ឬជំងឺសត្វ ប្រមូលមន្ត្រីកសិកម្មនៅភូមិ-ឃុំផ្សេងៗមកជួយគ្នា ហើយអភិបាលស្រុក អភិបាលខេត្ត ត្រូវឧស្សាហ៍ជួបអ្នកទាំងហ្នឹង ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានជំរុញឱ្យមានកិច្ចសហការគ្នាបែបនេះ ស្របពេលរាជរដ្ឋាភិបាល មានគោលដៅថា នឹងដាក់ពង្រាយមន្ត្រី ជំនាញ កសិកម្មតាមឃុំនៅទូទាំងប្រទេស ដើម្បីដោះស្រាយបញ្ហាប្រឈមបាន ទាន់ពេលវេលា ជូនដល់កសិករ បើកាលណាអាណត្តិក្រោយគណបក្ស ប្រជាជន បន្តជាប់ឆ្នោត។

សម្តេចតេជោ បានបញ្ជាក់ថា នេះជាគោលនយោបាយថ្មីរបស់ គណបក្ស ប្រជាជនកម្ពុជា អនុម័តសម្រាប់ទ្រទ្រង់បច្ចេកទេសកសិកម្មជូន ប្រជាជន នៅតាមជនបទ សម្រាប់អាណត្តិថ្មី ក្រោយទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតនាពេលខាងមុខ ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ
