សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ភាពជោគជ័យរបស់កម្ពុជាលើដំណាំកសិកម្ម (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាកម្ពុជា គឺជាប្រទេសដែលគ្មានចំណោទលើវិបត្តស្បៀងអាហារឡើយ ខណៈដែលប្រទេសមួយចំនួនលើពិភពលោកបានជួបប្រទះនឹងការខ្វះស្បៀងអាហារ។

សេចក្តីរាយការណ៍របស់អង្គការសុខភាពពិភពលោកបានបង្ហាញនូវប្រទេសមួយចំនួន ដែលកំពុងជួបប្រទះនឹងទុរ្ភិក្សខ្វះស្បៀងអាហារដូចជាប្រទេសអាប់កានីស្ថាន, ស៊ីរី, យេម៉ែន, ប៊ូរ៉ុនឌី, សូម៉ាលី, នីហ្សេរីយ៉ា និងស៊ូដង់ខាងត្បូង។

យោងតាមសេចក្តីរាយការណ៍របស់ អង្គការ The Global Report on Food ក្នុងឆ្នាំ២០២១កន្លងមកនេះ មានមនុស្សជិត១៩៣លាននាក់ ដែលជួបប្រទះនឹងបញ្ហាខ្វះស្បៀងអាហារ, និងក្នុងឆ្នាំ២០២២ មានប្រទេស និងដែនដីចំនួន៥៣ ដែលត្រូវការជំនួយស្បៀងអាហារជាបន្ទាន់។

ប៉ុន្តែកម្ពុជាក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលដឹកនាំគណបក្សប្រជាជនកម្ពុជា, កង្វះស្បៀងអាហារមិនមានជាចំណោទទៀតឡើយ ជាពិសេសបន្ទាប់ពីប្រទេសទទួលបានសន្តិភាពពិតប្រាកដ ក្រោមនយោបាយឈ្នះឈ្នះ ដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន។ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ, សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់យ៉ាងនេះ។

សម្តេចតេជោបានថ្លែងថាក្នុងពេលដែលពិភពលោកមានវិបត្តិបញ្ហាស្បៀងនោះ កម្ពុជាមិនត្រឹមតែមានស្បៀងអាហាររបស់ខ្លួនគ្រប់គ្រាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំចេញស្បៀងទៅលក់នៅក្រៅប្រទេស តាមរយៈផលិតផលកសិកម្មរបស់ខ្លួនបានជាង៨លានតោនថែមទៀត ទៅកាន់គោលដៅ នៃប្រទេសចំនួន៧៤ទៀតនោះផង។ សម្តេចតេជោនៅបានថ្លែងកោតសរសើរនូវការរកឃើញបង្កើតពូជស្រូវថ្មី «ចំប៉ីស៧០» និងពូជស្រូវ «កង្រី» ដែលជាស្នាដៃរបស់ខ្មែរដោយផ្ទាល់នោះថែមទៀត។

សម្តេចតេជោ ហ៊ុន សែន នៅក្នុងប្រសាសន៍ពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ របស់ក្រសួងកសិកម្មដដែលនៅបានមានប្រសាសន៍ជម្រុញការដាំដុះដើមស្វាយចន្ទី ដើម្បីប្រែក្លាយកម្ពុជាទៅជាអធិរាជស្វាយចន្ទីនាពេលអនាគតថែមទៀត។

សម្តេចបានថ្លែងថាគេនឹងបន្តទម្លាក់ទុនជាបន្ថែមទៀត ដើម្បីជួយទ្រទ្រង់ផលិតផលកសិកម្ម ក្នុងនោះលើវិស័យស្រូវនឹងគ្រោងទម្លាក់ចំនួន១០០លានដុល្លារ និងទុនមួយចំនួនថែមទៀត ដើម្បីជម្រុញវិស័យដាំដុះស្វាយចន្ទីរ ដើម្បីនាំប្រទេសកម្ពុជាអធិរាជស្វាយចន្ទីរ នាំចេញនាពេលអនាគត។

ads banner