នាយករដ្ឋមន្ត្រីម៉ាឡេស៊ី គ្រោងទស្សនកិច្ចកម្ពុជា ថ្ងៃច័ន្ទសប្តាហ៍ក្រោយ (Video Inside)

នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី លោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម គ្រោងនឹងធ្វើទស្សនកិច្ចក្នុងប្រទេសកម្ពុជា នៅថ្ងៃច័ន្ទសប្តាហ៍ក្រោយនេះ តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស, ក្នុងដំណើរទស្សនកិច្ចនាថ្ងៃទី២៧ មីនា ឆ្នាំ២០២៣, នាយករដ្ឋមន្ត្រីកម្ពុជា និងម៉ាឡេស៊ី នឹងជួបប្រជុំទ្វេភាគី ដើម្បីរិះរករបៀប និងវិធីសាស្រ្តថ្មីៗ សំដៅធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវទំនាក់ទំនងទ្វេភាគីដ៏យូរលង់ ដែលគ្រប់ដណ្តប់លើកិច្ចសហប្រតិបត្តិការគ្រប់វិស័យ រាប់ចាប់ពីនៅក្នុងវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច រហូតដល់វិស័យសង្គម-វប្បធម៌។

នាយករដ្ឋមន្រ្តីទាំងពីរ នឹងផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកលើបញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម។ នាយករដ្ឋមន្រ្តីទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើគំនិតផ្តួចផ្តើម នៃកិច្ចសហប្រតិបត្តិការមួយចំនួន និងធ្វើសន្និសីទសារព័ត៌មានរួមគ្នា។

ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា, នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នឹងចូលរួមជាមួយសម្តេចតេជោ ហ៊ុនសែន ក្នុងពិធីលៀងសាយភោជន៍ស្រាយបួស របស់សាសនិកអ៊ិស្លាម និងចូលរួមពិធីថ្វាយបង្គំព្រះជាមួយនិស្សិត អាហារូបករណ៍ និងសហគមន៍អ៊ិស្លាមនៅកម្ពុជាផងដែរ។

យោងតាមក្រសួងការបរទេស, នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នឹងចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅក្នុងព្រះបរមរាជវាំង។ លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី នឹងមានជំនួបសម្តែងការគួរសមដាច់ដោយឡែកជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

ក្រសួងការបរទេសកម្ពុជាបានសរសេរថា ដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី នៅកម្ពុជានាពេលខាងមុខនេះ នឹងនាំមកនូវសន្ទុះថ្មីដល់ទំនាក់ទំនងទ្វេភាគីដ៏រឹងមាំ លើគ្រប់វិស័យរវាងប្រទេសទាំងពីរ ហើយនឹងរួមចំណែកដល់ការថែរក្សាសន្តិភាព និងស្ថិរភាពនៅ ក្នុងតំបន់ ក៏ដូចជារួមចំណែកដល់ការបន្តការអភិវឌ្ឍ និងវិបុលភាព របស់សហគមន៍អាស៊ាន និងអន្តរជាតិផងដែរ។

ads banner