លោក ហ្សេលេនស្គី ដាស់តឿនសហភាពអឺរ៉ុបឱ្យឆាប់បញ្ជូនយន្តហោះចម្បាំង និងមីស៊ីលដល់អ៊ុយក្រែន

កៀវ៖ នៅក្នុងសុន្ទរកថាតាមប្រព័ន្ធអ៊ីនធើណិតទៅកាន់កិច្ចប្រជុំកំពូលរបស់មេដឹកនាំអឺរ៉ុបចេញពីរថភ្លើង ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអរគុណមេដឹកនាំអឺរ៉ុបសម្រាប់ជំនួយយោធា ប៉ុន្តែព្រមានថាការពន្យារពេលក្នុងការបញ្ជូនយន្តហោះចម្បាំង និងមីស៊ីលរយៈចម្ងាយឆ្ងាយអាចអូសបន្លាយសង្គ្រាម។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយយ៉ាងដូច្នេះថា ខ្ញុំដឹងគុណចំពោះប្រទេសប៉ូឡូញ ហើយខ្ញុំដឹងគុណចំពោះប្រទេសស្លូវ៉ាគីសម្រាប់ការសម្រេចចិត្តរបស់ពួកគេក្នុងការបញ្ជូនយន្តហោះ MiGs ដល់អ៊ុយក្រែន។ ការសម្រេចចិត្តនេះនឹងពង្រឹងការការពារផ្ទៃមេឃរបស់យើងកាន់តែរឹងមាំ។ ប៉ុន្តែយើងត្រូវការយន្តហោះទំនើបៗ ហើយនេះគឺជាអ្វីដែលយើងកំពុងនិយាយអំពី។

មេដឹកនាំអ៊ុយក្រែនរូបនេះបន្ថែមថា រូបមន្តសន្តិភាពអ៊ុយក្រែន ដែលខ្ញុំបង្ហាញក្នុងរដូវស្លឹកឈើជ្រុះ គឺជាផែនការជាក់ស្តែង និងទូលំទូលាយតែមួយគត់ ដើម្បីស្ដារឡើងវិញនូវបូរណភាពទឹកដីរបស់ប្រទេសអ៊ុយក្រែន ក៏ដូចជាធានាសន្តិសុខសម្រាប់ប្រជាជនរបស់យើង និងសម្រាប់អឺរ៉ុបទាំងមូល។
លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់ទៀតថា អ៊ុយក្រែនបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការសម្រេចចិត្តលើការចាប់ផ្តើមការចរចា ស្តីពីការចូលជាសមាជិកសហភាពអឺរ៉ុបរួចហើយនៅឆ្នាំនេះ។ ការត្រៀមខ្លួនដូចគ្នា គឺត្រូវការពីអ្នកទាំងអស់គ្នា… មេដឹកនាំគ្រប់រូបនៅអឺរ៉ុប៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner