សហរដ្ឋអាមេរិក និងកាណាដាឈានដល់កិច្ចព្រមព្រៀងទប់ស្កាត់ការធ្វើចំណាកស្រុកខុសច្បាប់
អូតាវ៉ា៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន អបអរសាទរកាណាដាចំពោះការបើកផ្លូវច្បាប់ថ្មីសម្រាប់ជនចំណាកស្រុក បន្ទាប់ពីបានប្រកាសកិច្ចព្រមព្រៀងរវាងអាមេរិក និងកាណាដា ដើម្បីទប់ស្កាត់ការធ្វើចំណាកស្រុកខុសច្បាប់ឆ្លងកាត់ព្រំដែនភាគខាងជើងពីសហរដ្ឋអាមេរិក។
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយអំឡុងពេលថ្លែងសន្ទរកថាទៅកាន់សភាកាណាដាក្នុងទីក្រុងអូតាវ៉ា យ៉ាងដូច្នេះថា ជនជាតិអាមេរិក និងកាណាដា គឺជាមនុស្សពីរ… ប្រទេសពីរ… តាមទស្សនៈរបស់ខ្ញុំ កំពុងចែករំលែកបេះដូងតែមួយ។
ពីព្រោះវិបុលភាពរួមគ្នារបស់យើង មានទំនាក់ទំនងយ៉ាងស៊ីជម្រៅ ជាមួយសន្តិសុខរួមរបស់ពួកយើង។
ប៉ុន្មានឆ្នាំកន្លងមកនេះ បានបង្ហាញឱ្យឃើញពីប្រទេសកាណាដា និងសហរដ្ឋអាមេរិកមិនត្រូវបានការពារពីបញ្ហាប្រឈមនានា ដែលជះឥទ្ធិពលដល់ពិភពលោកទាំងមូលនោះទេ។ ពិភពលោកត្រូវការកាណាដា និងសហរដ្ឋអាមេរិកធ្វើការរួមគ្នាជាមួយពួកយើង ព្រមទាំងដៃគូនៅជុំវិញពិភពលោក ដើម្បីប្រមូលផ្តុំសកម្មភាពជាសាកលដ៏រឹងមាំ និងមានប្រសិទ្ធភាព។ គ្មានកន្លែងណាច្បាស់ជាងការឆ្លើយតបរួមរបស់ពួកយើង ចំពោះការឈ្លានពានដ៏ឃោរឃៅរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែននោះទេ។
ជាមួយគ្នានេះ នាយករដ្ឋមន្រ្តីកាណាដា លោក ចាស្ទីន ទ្រូដូ បាននិយាយយ៉ាងដូច្នេះថា ឥឡូវនេះ សង្រ្គាមបានត្រលប់មកអឺរ៉ុបវិញហើយ។ ដូចដែលអ្នកបានដឹងហើយថា លោកប្រធានាធិបតី បៃដិន និងកាណាដា នឹងបន្តឈរជើងយ៉ាងរឹងមាំជាមួយអ៊ុយក្រែន ជាមួយនឹងអ្វីដែលពួកគេត្រូវការ។ រួមគ្នា ពួកយើងទាំងពីរ គឺជាដៃគូដែលអ៊ុយក្រែន និងពិភពលោកអាចពឹងផ្អែកបាន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា




