ម្ចាស់កសិដ្ឋានឃ្មុំមួយរូបថា របរចិញ្ចឹមឃ្មុំដ្បិតពិបាក តែមានផលប្រយោជន៍ច្រើនដល់កសិកម្មទាំងមូល
ភ្នំពេញ៖ការចិញ្ចឹមឃ្មុំ ជាមុខរបរមួយដែលទាមទារបទពិសោធន៍ ជំនាញខ្ពស់ និងមានផលវិបាកច្រើនដែរ តែរបរមួយនេះអាចផ្តល់អត្ថប្រយោជន៍ខ្ពស់ រួមទាំងអាចជួយបង្កាត់ពូជខ្វែងដល់ដំណាំ នឹងជួយបង្កើនទិន្នផលដំណាំរបស់ប្រជាកសិករផងដែរ។

លោក សួង ណយ អាយុ ៥៥ឆ្នាំ ជាអ្នកជំនាញកសិកម្មមួយរូប និងជាម្ចាស់កសិដ្ឋានចិញ្ចឹមឃ្មុំមួយកន្លែង នៅតំបន់អង្ករធំ ខេត្តសៀមរាប បានឱ្យដឹងថា កាលណាគេនិយាយពីរឿងឃ្មុំគឺវាមានប្រយោជន៍ បើទោះបីរបរនេះពិបាក ប៉ុន្តែប្រសិនគ្មានឃ្មុំវិញ ការដាំដំណាំមិនសូវបានផលទេ។ឃ្មុំជួយយកលំអងញី និងឈ្មោលប៉ះគ្នា ។ដូច្នេះហើយផលដែលទទួលបានពីឃ្មុំមិនសម្រាប់តែយើងទេ គឺបានទៅដល់ប្រជាជននៅជុំវិញកសិដ្ឋានទាំងមូល។
លោក សួង ណយ បានប្រាប់ថា បើសួរថាពិបាកទេ គឺពិបាកមិនស្រួលទេ ដោយសារយើងមិនចេះនិយាយជាមួយឃ្មុំ ហើយឃ្មុំយើងត្រូវការដឹកវា ដូចថាឥឡូវនេះរដូវមានរដូវផ្កាចំនួនបួន ។ដូចជារដូវផ្កាគ យើងត្រូវដឹកទៅកន្លែងណាដែលមានដើមគ ចេញពីរដូវគមកត្រូវទៅរដូវកៅស៊ូ បន្តទៅត្រងែន ហើយបានទៅដល់រដូវផ្កាព្រៃ។

លោក សួង ណយ បន្តទៀតថា ចំពោះការដឹកនេះទៀតសោត ត្រូវដឹកនាពេលកណ្ដាលអធ្រាត្រ និងមិនអាចដឹកនៅពេលថ្ងៃបាននោះទេ។ ជាទូទៅឃ្មុំចិញ្ចឹមចូលក្នុងធុងរបស់វានៅម៉ោង ៧យប់ ។ដូច្នេះការដឹកជញ្ចូនធុងឃ្មុំនេះត្រូវឲ្យដល់ទីតាំងយ៉ាងហោចណាស់ម៉ោង៨ព្រឹក ព្រោះបើដឹកជញ្ជូននៅពេលថ្ងៃឃ្មុំទាំងនោះនឹងងាប់អស់។
លើសពីនេះលោកថា ការចំណាយសម្រាប់ចិញ្ចឹមឃ្មុំក៏ច្រើនគួរសម ចំណែកចំណូលអាស្រ័យទៅលើផ្កា ភ្លៀង និងកត្តាបម្រែបម្រួលអាកាសធាតុ។
លោក សួង ណយ បានលើកឡើងថា ឧទាហរណ៍សម្រាប់ឃ្មុំ ២០០ធុង យើងធ្លាប់បានដល់បីតោន តែឆ្នាំនេះយើងបានតែមួយតោនស្មើនឹង ៧០០លីត្រ ។កត្តាអាកាសធាតុប្តូរលឿនពេកទាំងគេ និងយើងជួបផលវិបាកគ្រប់គ្នា។ ជួនកាលឃ្មុំមានជំងឺ និងឆ្នាំខ្លះម្ចាស់ចម្ការអាចនឹងគាត់បាញ់ថ្នាំពុលក៏ងាប់អស់ពាក់កណ្តាលចឹងទៅ ឬម្ចាស់ដំណាំត្រសក់គាត់បាញ់ថ្នាំគីមីក៏ងាប់ទៅ។
លោកបានបន្តថា៖«និយាយរួមការចិញ្ចឹមឃ្មុំហានិភ័យខ្ពស់ ប៉ុន្តែបើឱ្យបោះបង់ចោលយើងអត់ឈប់ទេ ដោយសារយើងចង់ឲ្យការចិញ្ចឹមឃ្មុំនឹងវារីក ដុះដាលកាន់តែធំទៅ ការដាំដុះដំណាំហូបផ្លែរបស់កសិករនឹងកើន»។
ក្រៅពីផលវិបាកម្ចាស់កសិដ្ឋានដែលមានឈ្មោះថា «ឃ្មុំអង្គរ» ក៏បានបង្ហាញឱ្យដឹងពីចំណុចពិសេសនៃការចិញ្ចឹមឃ្មុំ គឺរបរនេះត្រូវការមនុស្សតិច និងឆាប់ទទួលបានផលគួរសម។
លោក សួង ណយ បានឱ្យដឹងថា ប្រសិនបើកសិករដឹកឃ្មុំយកទៅដាក់នៅកន្លែងផ្កា ត្រឹមរយៈពេល ២១ថ្ងៃ គេអាចយកផលវាបានហើយ ពោលគឺនៅពេលដែលវាបិទគម្រប ហើយនឹងទឹករបស់វាឡើងក្រហមបន្តិច។

ចំណែកឯមនុស្សមើលថែវិញ លោកក៏បានឱ្យដឹងថា ការចិញ្ចឹមក្នុងចំនួន ២០០ធុង ត្រូវការមនុស្សត្រឹម ២នាក់ប៉ុណ្ណោះ ។ប៉ុន្តែក៏ត្រូវមានជំនាញខ្ពស់គួរសមផងដែរ។ អ្នកចិញ្ចឹមឃ្មុំត្រូវស្វែងយល់នូវចំណុចសំខាន់ៗមួយំនួន ក្នុងនោះត្រូវដឹងថាឃ្មុំនឹងវាមានជំងឺ ឬអត់, ត្រូវរក្សាធុងឃ្មុំ កុំឱ្យមានស្រមោច សង្អារ ឬសត្វដែលស៊ីវា ពិសេសសត្វឪម៉ាល់ ដែលវានឹងស៊ីឃ្មុំ។
ចំណែកចំណុចសំខាន់មួយទៀតគឺ ត្រូវមើលថែក្នុងធុងនឹងកុំឲ្យមានមេរោគ និងត្រូវឧស្សាហ៍បោះសម្អាត ប្រសិនបើឃ្មុំខ្សោយគឺអ្នកមើលថែត្រូវរកម្សៅសណ្ដែកឲ្យឃ្មុំនោះស៊ី ដើម្បីឱ្យវាកើតកូន និងដើម្បីឲ្យវាមានពងច្រើន។
លោក សួង ណយ បញ្ជាក់ថា ៖ «ឧទាហរណ៍ថាមួយខែទៀត យើងត្រូវទៅចូលចម្ការគ អញ្ចឹងយើងត្រូវបំប៉នវាឲ្យវាខ្លាំង ឲ្យវាមានច្រើន កាលណាឃ្មុំយើងតិច បឺតទឹកក៏បានតិច តែបើឃ្មុំយើងច្រើនកម្មករយើងច្រើនបឺតទឹកក៏បានច្រើន អញ្ចឹងខំបំប៉នវា»។
លើសពីនេះ ម្ចាស់កសិដ្ឋានដែលបានបង្កើតកសិដ្ឋានចិញ្ចឹមឃ្មុំបែបស្តង់ដារ អស់រយៈពេល ៥ឆ្នាំមកនេះ ក៏បានផ្ដល់ដំបូន្មានសម្រាប់អ្នកចង់ចិញ្ចឹមឃ្មុំដែរថា បើចង់ចិញ្ចឹមឃ្មុំ អ្នកនោះត្រូវទៅរៀនទ្រឹស្តី ត្រូវទៅកសិដ្ឋានផ្ទាល់ ១ ឬ២ខែម្តង។ បើពួកគាត់មិនឆ្លងកាត់ដំណាក់កាលទាំងនេះទេ ពួកគាត់មិនគួរចិញ្ចឹមឃ្មុំឡើយ៕
ដោយ៖កែវ បុស្បា