មូលនិធិរូបិយវត្ថុអន្តរជាតិព្រមានថា បើគ្មានកំណែទម្រង់ទេ លីបង់អាចប្រឈមនឹងអតិផរណាខ្ពស់ហួសហេតុ

បេរ៉ូត៖មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានផ្តល់ការវាយតម្លៃដ៏គួរឱ្យព្រួយបារម្ភមួយកាលពីថ្ងៃព្រហស្បតិ៍ទី ២៣ ខែមីនា ស្ដីពីទស្សនវិស័យរបស់លីបង់ក្នុងការងើបចេញពីវិបត្តិហិរញ្ញវត្ថុ ដោយលើកឡើងថា ប្រសិនបើគ្មានកំណែទម្រង់ទេនោះ ប្រទេសនេះនឹងអាចធ្លាក់ទៅក្នុងវិបត្តិអតិផរណាខ្ពស់ហួសហេតុ ដែលមិនអាចគ្រប់គ្រងបាន (Hyperinflation)។

ប្រធានបេសកកម្ម IMF លោក Ernesto Ramirez Rigo ដែលកំពុងបំពេញទស្សនកិច្ចនៅលីបង់ បានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចរយៈពេល៩ថ្ងៃរបស់ខ្លួនថា ការបន្តភាពអសកម្មរបស់មេដឹកនាំលីបង់នឹងធ្វើឱ្យប្រទេសនេះស្ថិតនៅក្នុង «វិបត្តិមិនចេះចប់» ដែលវាអាចបន្តចូលទៅក្នុងអតិផរណាខ្ពស់ហួសហេតុ «ប៉ះពាល់ដល់គុណភាពនៃជីវិតរបស់ប្រជាជនលីបង់ជាច្រើនឆ្នាំទៅមុខទៀត»។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ក្រុមការងារ IMF នាពេលនេះ បានរៀបចំឡើងខណៈដែលស្ថាប័នផ្ដល់ប្រាក់កម្ចីមួយនេះ កំពុងឆ្ពោះទៅរកការបញ្ចប់ការសិក្សាស្ដីពីការផ្ដល់កញ្ចប់ថវិកាសង្គ្រោះសេដ្ឋកិច្ច ដែលលីបង់កំពុងត្រូវការខ្លាំងដើម្បីជួសជុលភាពជាប់គាំងនៃសេដ្ឋកិច្ច។

ចាប់តាំងពីចុងឆ្នាំ ២០១៩ មកលីបង់បានធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្រ្តសម័យទំនើបរបស់ខ្លួន ដោយសារតែអំពើពុករលួយ និងការគ្រប់គ្រងមិនត្រឹមត្រូវជាច្រើនទសវត្សរ៍ដោយវណ្ណៈនយោបាយ ដែលដឹកនាំប្រទេសចាប់តាំងពីចុងបញ្ចប់នៃសង្រ្គាមស៊ីវិលឆ្នាំ ១៩៧៥-១៩៩០។ ៣/៤នៃប្រជាជនលីបង់ជាង ៦ លាននាក់ រួមទាំងជនភៀសខ្លួនស៊ីរីមួយលាននាក់ ឥឡូវនេះរស់នៅក្នុងភាពក្រីក្រ ស្របពេលដែលអតិផរណាកំពុងកើនឡើង។

យ៉ាងណាមិញ តាំងពីសម្រេចកិច្ចព្រមព្រៀងបឋមជាមួយ IMF ជិតមួយឆ្នាំមុន មន្ត្រីលីបង់បានធ្វើឱ្យមានការវិវឌ្ឍន៍តិចតួចលើកំណែទម្រង់ ដែលរួមមានការរៀបចំរចនាសម្ព័ន្ធបំណុលរបស់ប្រទេស និងប្រព័ន្ធធនាគារដែលកំពុងមានបញ្ហា ការធ្វើកំណែទម្រង់ប្រព័ន្ធអគ្គិសនីសាធារណៈដែលស្ទើរតែមិនដំណើរការ និងការធ្វើកំណែទម្រង់អភិបាលកិច្ច។

ដំណើរទស្សនកិច្ច IMF គឺជាផ្នែកមួយនៃការវាយតម្លៃជាប្រចាំ ដែលស្ថាប័ននេះធ្វើឡើងលើប្រទេសសមាជិកទាំងអស់ ហើយវាមិនទាក់ទងដោយផ្ទាល់ទៅនឹងការចរចាសម្រាប់ការធានាការផ្ដល់ប្រាក់សង្រ្គោះសេដ្ឋកិច្ចនោះទេ។ ទោះជាយ៉ាងណាក៏ដោយ លោក Rigo បានសម្តែងការខកចិត្តចំពោះអត្រាយឺតនៃវឌ្ឍនភាពលើកំណែទម្រង់ ដែលលីបង់ត្រូវធ្វើ ដើម្បីឱ្យសម្រេចបានកិច្ចព្រៀងផ្ដល់ជំនួយហិរញ្ញវត្ថុប្រភេទនេះពី IMF។

លោក Rigo បានគូសបញ្ជាក់ថា IMF គ្មានថ្ងៃកំណត់ដើម្បីឱ្យលីបង់បំពេញកាតព្វកិច្ចរបស់ខ្លួននោះទេ ប៉ុន្តែលោកកត់សម្គាល់ថា សូម្បីតែច្បាប់ដែលអនុម័តដើម្បីធ្វើកំណែទម្រង់នៅក្នុងករណីខ្លះ បានបរាជ័យ។ លោកបន្តថា វិសោធនកម្មច្បាប់សម្ងាត់ធនាគាររបស់ប្រទេសដែលអនុម័តកាលពីខែតុលា ក្នុងបំណងជួយសម្រួលដល់គណនេយ្យភាពក្នុងវិស័យហិរញ្ញវត្ថុ និងសេចក្តីព្រាងច្បាប់គ្រប់គ្រងដើមទុននោះ មិនបានបំពេញតាមតម្រូវការរបស់ IMF នោះទេ។

សូមរំឭកថា កិច្ចព្រមព្រៀងបឋមដែលសម្រេចបានកាលពីឆ្នាំមុន នឹងផ្តល់ថវិកាសង្គ្រោះសេដ្ឋកិច្ចប្រហែល ៣ ប៊ីលានដុល្លារ ប៉ុន្តែ លោក Rigo បាននិយាយថា តួលេខនេះនឹងត្រូវពិនិត្យមើលឡើងវិញនៅពេលដែលស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសបានផ្លាស់ប្តូរ៕
ប្រែសម្រួល៖ ហួន ឌីណា

ads banner