អ្នកអភិរក្សសត្វផ្សោត៖ ការផ្តល់បណ្ណក្រីក្រដល់ប្រជានេសាទនៅតំបន់សត្វផ្សោត នឹងធានាឱ្យសត្វផ្សោតមាននិរន្តរ៍ភាព
ភ្នំពេញ៖អ្នកអភិរក្សសត្វផ្សោតបានសម្ដែងការគាំទ្រយ៉ាងខ្លាំង ចំពោះកាលដែលជំរុញឱ្យអាជ្ញាធរផ្តល់បណ្ណក្រីក្រដល់ប្រជានេសាទនៅតំបន់សត្វផ្សោត ដើម្បីធានាឱ្យសត្វផ្សោតមាននិរន្តរ៍ភាព ពីហានិភ័យដោយប្រើប្រាស់ឧបករណ៍មងនេសាទ។
ការជំរុញបែបនេះតាមរយៈប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ ២០២២ និងលើកទិសដៅឆ្នាំ ២០២៣ កាលពីរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។
លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល បានប្រាប់នៅថ្ងៃទី២៦ ខែមីនាថា ការដកសម្ពាធចេញពីតំបន់អន្លង់ទាំងអស់ដែលធ្វើឱ្យប៉ះពាល់កន្លែងត្រីមេពូជ និងប៉ះពាល់សត្វផ្សោត ជាអាទិភាពចម្បង ដែលរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងធ្វើ។
លោកបន្តថា ដោយសារនៅតាមដងទន្លេមេគង្គ ជាកន្លែងអន្លង់ត្រីមេពូជបង្កាត់កូន ដែលមានរហូតដល់ជាង ៩៧ អន្លង់ និងជាកន្លែងដែលមានផ្សោតរស់នៅ ដែលជាសម្បត្តិមានជីវិតរបស់កម្ពុជាផងដែរនោះ ហេតុនេះហើយការដកសម្ពាធចេញពីតំបន់អន្លង់ទាំងអស់នោះគឺជារឿងល្អដែលរាជរដ្ឋាភិបាលខិតខំប្រឹងប្រែងយកចិត្តទុកដាក់។
លោក អ៊ុក វិបុល បានថ្លែងថា រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងធ្វើយ៉ាងណា ដើម្បីការប្រើប្រាស់ការធ្វើនេសាទដែលដាក់សម្ពាធ ដោយប្រើប្រាស់ឧបករណ៍មួយចំនួនធ្វើឱ្យសម្លាប់សត្វផ្សោត។ជាពិសេសគឺមងនេសាទនេះឯង ដែលបានរកឃើញថាមានប្រជាពលរដ្ឋប្រមាណជាង ១ ៣០០ គ្រួសារបានប្រើប្រាស់មងនេសាទជាអាជីព។ ដូច្នេះសត្វផ្សោតដែលត្រូវស្លាប់កន្លងមក គឺភាគច្រើនជាង ៩០ភាគរយ ត្រូវបានសម្លាប់ដោយសារមងនេសាទ។ លោកបញ្ជាក់ទៀតថា ដោយសារបញ្ហាប្រឈមទាំងអស់នេះទើបរាជរដ្ឋាភិបាល បានផ្ដល់នូវការងារអាទិភាពមួយចំនួនរួមមាន ការផ្ដល់បណ្ណក្រីក្រីជូនប្រជាពលរដ្ឋដែលជាអ្នកនេសាទនៅតំបន់អភិរ
ក្សសត្វផ្សោត និងមួយទៀត ការរៀបចំផ្លាស់ប្ដូរមុខរបររបស់ប្រជានេសាទ ទៅប្រកបមុខរបរផ្សេងទៀត ដើម្បីធានាបានថាសត្វផ្សោតនឹងលែងបន្តងាប់តទៅទៀត ហើយប្រជាពលរដ្ឋ នឹងចូលរួមបញ្ឈប់ការបន្តដាក់មងនេសាទជាដើម។
លោក អ៊ុក វិបុល បញ្ជាក់ថា លោកគាំទ្រប្រសាសន៍របស់សម្ដេចដែលជារឿងល្អសម្រាប់លើកទឹកចិត្តក្នុងការផ្ដល់បណ្ណក្រីក្រដល់ប្រជានេសាទ។មួយទៀតការផ្លាស់ប្ដូរមុខរបរគាត់ពីការនេសាទទៅមុខរបរផ្សេងទៀត ដែលគាត់អាចចិញ្ចឹមជីវិតបាន។ហេតុនេះអាទិភាពទាំងពីរនេះ ទោះបីបរាជ័យ ឬជោគជ័យ គឺយើងត្រូវតែសាកល្បងធ្វើវាដើម្បីអាចនឹងធានាបានថាវាធ្វើឱ្យកាត់បន្ថយការនេសាទខុសច្បាប់ដែលប៉ះពាល់ទៅដល់ផ្សោត។
លោកបន្ថែមថា ជំនួសឱ្យប្រកបមុខរបរនេសាទដែលជាប្រភពចំណូលប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅតំបន់សត្វផ្សោត ដូច្នេះអាទិភាពទាំងពីរចំណុចនេះ (ការផ្ដល់បណ្ណក្រីក្រ និងការផ្លាស់ប្ដូរមុខរបរ) វាប្រាកដជាអាចកាត់បន្ថយការប្រើប្រាស់មងនេសាទមានការថយចុះជាក់ជាមិនខាន ហើយសត្វផ្សោតនឹងមានសុវត្ថិភាព លែងមានហានិភ័យស្លាប់ដោយសារមងនេសាទជាបន្តទៅទៀត។ ជាមួយគ្នានេះ នាយកប្រតិបត្តិអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ (WWF) លោក សេង ទៀក បានថ្លែងឱ្យដឹងដែរថា ការរៀបចំផ្ដល់បណ្ណក្រីក្រជូនប្រជានេសាទនៅតំបន់សត្វផ្សោត គឺជាការផ្ដល់ជម្រើសចិញ្ចឹមជីវិតថ្មីដល់សហគមន៍ ដែលជាអ្នកនេសាទ
ហើយជារឿងសំខាន់ខ្លាំងណាស់ក្នុងការជួយច្រើនទៅលើការងារអភិរក្ស និងការគ្រប់គ្រងផ្សោតនៅតាមដងទន្លេមេគង្គឲ្យមាននិរន្តន៍ភាព។
លោកបន្តថា ទាំងការផ្តល់បណ្ណក្រីក្រដល់ប្រជានេសាទដែលក្រីក្រ និងរួមទាំងការផ្តល់ជម្រើសមុខរបរថ្មីដល់ពលរដ្ឋដែលពឹងអាស្រ័យតែលើការនេសាទ វាពិតជាការចាំបាច់ដែលលោកយល់ថា ស្ថាប័នពាក់ព័ន្ធគួរសិក្សាឲ្យបានស៊ីជម្រៅពីស្ថានភាពគ្រួសារ មុខរបរ និងប្រភពចំណូល ដើម្បីធានាថាគ្រួសារទាំងនោះពិតជាក្រីក្រ និងពឹងអាស្រ័យតែពីការនេសាទត្រីក្នុងតំបន់អភិរក្សផ្សោតសម្រាប់ចិញ្ចឹមគ្រួសារពិតប្រាកដមែន។ ម្យ៉ាងវិញទៀត លោក សេង ទៀក បានបញ្ជាក់ដែរថា អាជ្ញាធរក៏គួរតែមានយន្តការតាមដានមើល បន្ទាប់ពីការផ្តល់បណ្ណ័ក្រីក្រ
និងរបរថ្មីឱ្យពួកគាត់រួចហើយថាតើពួកគាត់បានបោះបង់ការនេសាទខុសច្បាប់ក្នុងដែនអភិរក្សផ្សោតដែរឬទេ? ដោយសារការផ្ដល់បណ្ណក្រីក្រនេះ វានឹងជួយជាវិភាគទានដ៏ធំមួយសម្រាប់ការអភិរក្សផ្សោត និងការគ្រប់គ្រងផ្សោតរបស់កម្ពុជានៅទន្លេមេគង្គនេះ។
លោក សេង ទៀក បន្តថា៖ «ខ្ញុំយល់ថា ការផ្តល់បណ្ណក្រីក្រផង និងផ្តល់ជម្រើសមុខរបរថ្មីផងដល់ប្រជាពលរដ្ឋ ឬក្រុមគ្រួសារដែលពឹងអាស្រ័យតែពីការនេសាទជាលក្ខណៈគ្រួសារសម្រាប់ចិញ្ចឹមជីវិត គឺពិតជាអាចកាត់បន្ថយ និងបញ្ឈប់ការប្រើប្រាស់មង និងការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ដទៃទៀតក្នុងតំបន់ផ្សោតរស់នៅ»។
សូមរំឭកផងដែរថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងនាពិធីសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថា បើគិតតែពីវិធានការរដ្ឋបាលសុទ្ធគឺអត់បានគេ ដូចនេះហើយលោកបានណែនាំប្រជានេសាទកុំប្រើប្រាស់មងនៅក្នុងតំបន់ស្នូលទាំងនោះ ប៉ុន្តែអាចជំនួសមកវិញថាតើប៉ុន្មានគ្រួសារទៅដែលគាត់ប្រកបមុខរបរហ្នឹង ហើយជួយឱ្យគាត់មានមុខរបរផ្សេង។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងនាឱកាសនោះថា យើងអាចលើកទឹកចិត្តដោយផ្តល់នូវបណ្ណក្រីក្រជូនពួកគាត់ដើម្បីជំនួសមកវិញនូវការថែទាំ។ រាជរដ្ឋាភិបាលអាចផ្តល់បណ្ណក្រីក្រទៅប្រជានេសាទ ដើម្បីធានាថា ពួកគាត់បញ្ឈប់ការបន្តដាក់មងនៅតំបន់ដែលមានផ្សោត។បើមិនដូច្នេះ សត្វផ្សោតនឹងងាប់ផុតពូជអស់៕ដោយ៖ជា សុខនី