បុរសម្នាក់ ប្រើជំនាញសិល្បៈចម្លាក់ស្បែកជួយកែប្រែវាសនាកុមារកំព្រាក្រខ្សត់បានជាង ១០០នាក់នៅខេត្តសៀមរាប
សៀមរាប៖បច្ចុប្បន្នគេពុំសូវឃើញមានសិប្បកម្មសិល្បៈចម្លាក់ស្បែករបស់ខ្មែរនៅសេសសល់ច្រើនឡើយ ពោលគឺមានចំនួនតិចតួចតាមនៅតាមរមណីយដ្ឋានទេសចរណ៍មួយចំនួនក្នុងខេត្តសៀមរាប។ ភាគច្រើនសិប្បកម្មចម្លាក់ស្បែកទាំងនេះមាននៅតាមផ្លូវចូលទៅប្រាសាទបាគង និងនៅខាងមុខប្រាសាទព្រះគោផ្ទាល់តែម្តង។ សិប្បកម្មចម្លាក់ស្បែកមួយកន្លែងនៅភូមិឪឡោក ឃុំ និងស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលបានបង្កើតឡើងតាំងពីឆ្នាំ ២០០១ មិនត្រឹមតែជាអាជីវកម្មបង្កើតដើម្បីប្រាក់ចំណូលនោះទេ

ប៉ុន្តែជាផ្ទះដ៏កក់ក្តៅមួយ ដែលបានផ្តល់ឱកាសឱ្យយុវជនក្រីក្រ ក្មេងកំព្រាស្នាក់នៅ រៀនចម្លាក់ស្បែកផង និងមានឱកាសបន្តការសិក្សានៅមហាវិទ្យាល័យទៀតផង។
លោក ញឹក សេរីរតនា ដែលជាម្ចាស់សិប្បកម្មចម្លាក់ស្បែកមួយនេះ ដែលធ្លាប់ឆ្លងកាត់ការលំបាកសព្វយ៉ាងក្នុងឆាកជីវិត បានឱ្យដឹងពីប្រវត្តិរបស់គាត់មុនមានសិប្បកម្មដែលអាចជួយកុមារកំព្រាក្រខ្សត់ រយៈពេលជាង ២០ឆ្នាំមកនេះ។លោកបានឱ្យដឹងថា ដើមឡើយលោកមិនមែនជាអ្នកធូរធារអីទេ លោកគ្រាន់តែជាក្មេងកំព្រាម្នាក់។នៅពេលអាយុ ៩ឆ្នាំ ឪពុកម្តាយរបស់បានស្លាប់ចោលអស់ទៅ លោកដើររើសអេតចាយ ធ្វើនំខ្មែរទូលដើរលក់ ដល់ពេលមួយឃើញរោងស្បែក ក៏ចាប់អារម្មណ៍សុំចូលរៀន។

លោកបានបន្តថា ដល់ឆ្នាំ២០០១ ខែធ្នូ លោកបានសុំខាងអង្គភាពមកបើកកន្លែងផ្ទាល់ខ្លួនឯង ព្រោះប្អូនលោកត្រូវរៀនដល់មហាវិទ្យាល័យ ហើយប្រាក់ខែនៅទីនោះផ្គត់ផ្គង់ប្អូនមិនគ្រាន់ ។លោកក៏ចាប់ផ្តើមអាជីវកម្មខ្លួនឯងតិកតក់ៗ ជួយប្អូនផង និងកុមារកំព្រាផង រហូតប្រែក្លាយកន្លែងលក់ដូរនេះពីអាជីវកម្មសម្រាប់គ្រួសារទៅជាកន្លែងមនុស្សធម៌ ជួយបង្ហាត់បង្រៀនដល់ក្មេងក្រីក្រ និងក្មេងកំព្រាឪពុកម្ដាយជាច្រើនទៀត។ ។
លោក ញឹក សេរីរតនា បានឲ្យដឹងថា ចំនួនកុមារដែលសិប្បកម្មរបស់លោកបានជួយសរុបជាង ១០០នាក់ និងបច្ចុប្បន្នកុមារសរុបដែលនៅទីនេះមានចំនួន ២៨នាក់។
ម្ចាស់សិប្បកម្មចម្លាក់ស្បែក Khmer Art Leather Carving-Little Angels បានឱ្យដឹងទៀតថា រយៈពេលជាង ២០ឆ្នាំមកនេះ សិប្បកម្មចម្លាក់ស្បែករបស់លោក បានកែប្រែវាសនាក្មេងកំព្រាក្រខ្សត់ទៅមានការងារសមរម្យដូចជា ក្រឡាបញ្ជី មគ្គុទេ្ទសក៍ទេសចរណ៍ បុគ្គលិកធនាគារ ខ្លះមានការងារផ្សេងធ្វើរៀងៗខ្លួន និងមានយុវជនប្រមាណ ៥០នាក់ចាប់អាជីពជាអ្នកចម្លាក់ស្បែក។ ម្ចាស់សិប្បកម្ម វ័យ ៤៥ឆ្នាំរូបនេះ បានឱ្យដឹងទៀតថា កន្លែងរបស់លោកជួយតែក្មេងៗ កំព្រាក្រីក្រ ឪពុកម្តាយលែងលះគ្នា ដែលគាត់មានបំណងចង់រៀនបន្ត បញ្ចប់មហាវិទ្យាល័យប៉ុណ្ណោះ ហើយក្មេងៗដែលរស់នៅទីនេះ លោកបែងចែកពេលវេលាឱ្យច្បាស់លាស់ ទាល់តែពួកគេទំនេរពីការសិក្សាទើបអនុញ្ញាតឱ្យជួយសិប្បកម្ម
ប៉ុន្តែដល់ពេលរៀនត្រូវតែទៅរៀន។ បើមិនទៅរៀនលោកមិនឱ្យនៅទេ ព្រោះគោលដៅរបស់លោកគឺជួយតែអ្នកដែលចង់រៀន។
លោក ញឹក សេរីរតនា បន្តថា ៖ «ការរៀនជំនាញចម្លាក់នេះវាគ្រាន់ជាជំនាញបន្ថែមសម្រាប់ពួកគាត់ មិនមែនថាមិនចង់ឱ្យគាត់ចេះទេ ប៉ុន្តែចង់ឱ្យគាត់មានចំណេះដឹងទូទៅឱ្យបានច្រើន ប្រសិនបើគាត់ចាប់របរស្បែកនេះមិនបាន គាត់អាចធ្វើអ្វីផ្សេងបាន កុំឱ្យចេះតែមួយនឹង»។ ដ្បិតថា មុខរបរលក់ចម្លាក់ស្បែកមិនបានចំណូលច្រើនដែលអាចឱ្យក្លាយលោកទៅជាអ្នកមានប៉ុន្តែ លោកបានបញ្ជាក់បែបនេះថា ៖ «ខ្ញុំសប្បាយចិត្តដោយយើងធ្លាប់ក្រធ្លាប់លំបាក ចង់ឱ្យគេជួយ តែឥឡូវយើងមានកិត្តិយស គេហៅថាគ្រូ កូនសិស្សមានឡាន
ម៉ូតូល្អៗជិះទៅគេថានេះជាឆ្នាំងបាយដែលខ្ញុំផ្តល់ឱ្យពួកគេ ខ្ញុំសប្បាយចិត្ត»។
បន្ថែមពីលើនេះ លោកក៏មានបំណងចង់បើកជាសារមន្ទីរស្បែកមួយ ដែលជាកន្លែងមួយដាក់តាំងស្បែកគ្រប់ប្រភេទ មានការពន្យល់ និងមានការអនុវត្តផ្ទាល់ ពោលលោកគឺចង់ឲ្យជាកន្លែងពិរព័ណ៌សម្រាប់សិល្បៈតែម្តង។
សូមបញ្ជាក់ផងដែរថា ល្ខោនស្រមោលស្បែកធំ ជាសិល្បៈខ្មែរមួយបែបមានកំណើតតាំងពីស.វទី ១ និងត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ របស់អង្គការយូណេស្កូ៕
ដោយ៖កែវ បុស្បា