សន្និសីទស្ដីពីទឹកឆ្នាំ២០២៣ របស់អង្គការសហប្រជាជាតិ៖ តំណាងកម្ពុជា បានបង្ហាញជំហរពីការអភិវឌ្ឍន៍ទឹកស្អាតប្រកបដោយនិរន្តភាព
ភ្នំពេញ:
ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទស្ដីពីទឹកឆ្នាំ២០២៣ របស់អង្គការសហប្រជាជាតិ នៅសហរដ្ឋអាមេ
រិក តំណាងប្រទេសកម្ពុជា បានបង្ហាញពីជំហររបស់ខ្លួនក្នុងការដាក់ទិសដៅជាយុទ្ធសាស្រ្តនៃការគ្រប់គ្រង និងការប្រើប្រាស់ទឹកប្រកបដោយអនាម័យនិងនិរន្តភាព បើទោះបីជួបបញ្ហាប្រឈមក៏ដោយ។
រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទតំណាងរាជរដ្ឋាភិបាលកម្ពុជាឯកឧត្តម អ៊ុក រ៉ាប៊ុន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមសន្និសីទស្ដីពីទឹកឆ្នាំ២០២៣ របស់អង្គការសហប្រជាជាតិ ដែលសហការរៀបចំដោយ ប្រទេសតាហ្ស៊ីគីស្ថាន និងប្រទេសហូឡង់ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកកាលពីថ្ងៃទី២២-២៤ ខែមីនា ឆ្នាំ២០២៣។ សន្និសីទនេះ ដោយមានការចូលរួមពីប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាល និងតំណាងជាន់ខ្ពស់របស់បណ្តាប្រទេសជាសមាជិកនៃអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងវិស័យឯកជន សរុបប្រហែល ២០០ ប្រទេស/ស្ថាប័ន។
សេចក្តីប្រកាសព័ត៌របស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះថ្ងៃទី ២៥ ខែមីនា បានឱ្យដឹងថា សន្និសីទស្ដីពីទឹករបស់អង្គការសហប្រជាជាតិឆ្នាំ២០២៣ មានគោលបំណងត្រួតពិនិត្យពាក់កណ្តាលអាណត្តិអំពីការអនុវត្តការងារនិរន្តរភាពទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព២០១៨- ២០២៨ ដែលពាក់ព័ន្ធជុំវិញ ការចែករំលែកចំណេះដឹង បទពិសោធន៍នៃការគ្រប់គ្រង ការប្រើ ប្រាស់ទឹក និងអនាម័យឱ្យកាន់តែប្រសើរឡើង និងការចាត់វិធានការរួមគ្នាដើម្បីឈានទៅសម្រេចបាននូវគោលដៅទឹកស្អាត និងអនាម័យសម្រាប់ទាំងអស់គ្នា។ សន្និសីទនេះ ក៏ជាវេទិកាសម្រាប់ផ្តល់ ឱកាសឱ្យបណ្តាប្រទេសជាសមាជិកបញ្ជាក់ អំពីការប្តេជ្ញាចិត្ត ផែនការ និងបទពិសោធន៍ល្អៗនានា ក្នុងការគ្រប់គ្រង ការប្រើប្រាស់ទឹក និង
អនាម័យផងដែរ។
សេចក្តីប្រកាសដដែលបន្តថា៖«ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ក្នុងនាមជាតំណាងរាជរដ្ឋាភិ
បាលកម្ពុជា បានរាយការណ៍ជូនអង្គ សន្និសីទអំពីជំហររបស់កម្ពុជាចំពោះប្រធានបទនេះ អំពីលទ្ធផលការងារ និងបញ្ហាប្រឈម និងអំពីទិសដៅ ជាយុទ្ធសាស្ត្រ នៃការគ្រប់គ្រង ការប្រើប្រាស់ទឹក និងអនា
ម័យសម្រាប់ទាំងអស់គ្នាប្រកប ដោយចីរភាព»។
ប្រភពដដែលបន្តថា ឆ្លៀតក្នុងឱកាសនោះ លោក អ៊ុក រ៉ាប៊ុន ក៏បានអញ្ជើញចូលរួមព្រឹត្តិការណ៍សំខាន់ៗ ផ្សេងទៀតផងដែរ ក្នុងនោះរួមមាន ទី១ ទទួលទានអាហារការងារថ្នាក់ដឹកនាំជាន់ខ្ពស់ ក្រោមប្រធានបទ “ទឹកបង្រួបបង្រួមយើងទាំងអស់គ្នា” ដែលរៀបចំដោយព្រះមហាក្សត្រនៃប្រទេសហូឡង់ និងប្រធានាធិបតីតាហ្ស៊ីគីស្តង់ ទី២ កិច្ចប្រជុំគណៈកម្មការដឹកនាំអំពីអនាម័យ និងទឹកស្អាតសម្រាប់ទាំងអស់គ្នា (SWA) និង៣ កិច្ចពិភាក្សាស្តីពីការជំរុញវឌ្ឍនភាពនៃការលើកកម្ពស់ការសម្អាត និងអនាម័យប្រកបដោយសុវត្ថិភាពសម្រាប់ទាំងអស់គ្នា ដែលសហការរៀបចំដោយអង្គការយូនីសេហ្វ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប )លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស (Antonio Guterres) បានថ្លែងនៅក្នុងសន្និសីទនោះ ដោយអំពាវនាវដល់គ្រប់ភាគីជាសមាសជិកទាំងអស់ឱ្យមានសកម្មភាពបន្ថែមទៀតពាក់ព័ន្ធទឹក ដើម្បីដោះស្រាយវិបត្តិទឹកជាសកល។លោកមានប្រសាសន៍ថា៖«សន្និសីទឆ្នាំនេះត្រូវតែតំណាងឱ្យការលោតផ្លោះនៅក្នុងសមត្ថភាពរបស់រដ្ឋសមាជិកនិងសហគមន៍អន្តរជាតិ ដើម្បីទទួលស្គាល់ និងធ្វើសកម្មភាពនានាដ៏មានសារៈសំខាន់នៃទឹកចំពោះនិរន្តភាពពិភពលោក»។
ពាក់ព័ន្ធវិស័យទឹកនៅកម្ពុជាវិញ ស្ថិតក្នុងបរិការណ៍នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានអះអាងថា រាជរដ្ឋាភិបាល ក្រសួងអាណាព្យាល ក្រុមប្រឹក្សាភិបាល បានយល់អំពីសភាពការណ៍ខ្វះទឹកស្អាតប្រើប្រាស់ និងបានជួយគាំទ្រ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ យ៉ាងពេញទំហឹងក្នុងការផ្តល់ទុនវិនិយោគ ដើម្បីឱ្យ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានលទ្ធភាពសាងសង់រោងចក្រផលិតទឹកថ្មីបន្ថែមទៀត ដើម្បីផ្គត់ផ្គត់ឱ្យបានគ្រប់គ្រាន់ឆ្លើយតបទៅនឹងតម្រូវការរីកចម្រើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស។
កាលពីខែកុម្ភៈ ឆ្នាំ ២០២៣ រដ្ឋសភា ក៏បានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងទឹកស្អាត ដើម្បីគ្រប់គ្រង និងការអភិវឌ្ឍវិស័យទឹកស្អាត ដែលមានគោលដៅឆ្លើយតបទៅនឹងសន្ទុះអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកម្ពុជា ដែលរីកចម្រើនឥតឈប់ឈរពីរមួយឆ្នាំទៅមួយឆ្នាំ៕
ដោយ: សុខ រក្សា