លោក ពូទីន ហៅលោកខាងលិចថា ជាអ្នកបង្កជម្លោះនៅអ៊ុយក្រែន
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចាត់ទុកប្រទេសលោកខាងលិចថា ជា “អ្នកផ្តួចផ្តើមគំនិត និងជាអ្នកជំរុញ” ជម្លោះនៅអ៊ុយក្រែន។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ពួកគេ (លោកខាងលិច) ជាអ្នកផ្តើមជម្លោះនេះ និងជាអ្នកញុះញង់ (សង្គ្រាមនៅអ៊ុយក្រែន)។ ហើយសព្វថ្ងៃនេះ ពួកគេកំពុងប្រគល់គ្រាប់រំសេវរាប់លានគ្រាប់ គ្រឿងសព្វាវុធ និងយោធូបករណ៍ជាច្រើនផ្សេងទៀត។
លោក ពូទីន បានសង្កត់ធ្ងន់ថា លោកបាននិយាយម្តងហើយម្តងទៀតអំពីរឿងនេះ និងថា អតីតមេដឹកនាំអ៊ុយក្រែនក៏អាចត្រូវបានគេស្តីបន្ទោសចំពោះកំហុសមួយចំនួនផងដែរ។ ប៉ុន្តែវាជាកិច្ចការផ្ទៃក្នុងរបស់ពួកគេ (អ៊ុយក្រែនខ្លួនឯង)។ ប៉ុន្តែការធ្វើរដ្ឋប្រហារ ក្រៅពីការបង្ហូរឈាម នេះគឺជារឿងខុសគ្នាទាំងស្រុង។ លោក ពូទីន បានសង្កត់ធ្ងន់ថា បស្ចឹមប្រទេសកំពុងឆ្លងកាត់ខ្សែបន្ទាត់ក្រហម ហើយថែមទាំងចូលជ្រៅទៅក្នុងខ្សែបន្ទាត់ក្រហម តាមរយៈការផ្គត់ផ្គង់សព្វាវុធដល់របបដឹកនាំទីក្រុងកៀវ។
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន ដែលសួរនាំថាតើការផ្គត់ផ្គង់សព្វាវុធយោធាដល់អ៊ុយក្រែន ក្នុងនោះរួមមានគ្រាប់ផ្ទុកសារធាតុរំលាយអ៊ុយរ៉ាញ៉ូម មានន័យថា កំពុងឆ្លងកាត់ខ្សែបន្ទាត់ ហើយចូលជ្រៅទៅក្នុងខែ្សបន្ទាត់ក្រហមដែរឬទេ? ប្រធានាធិបតីរុស្ស៊ីរូបនេះបានឆ្លើយថា ពិតមែនហើយ នោះជាអ្វីដែលពួកគេបាននិងកំពុងធ្វើ… ពួកគេបានធ្វើវាចាប់តាំងពីដើមឆ្នាំ ២០១៤ នៅពេលដែលពួកគេសម្របសម្រួលរដ្ឋប្រហារ៕ ប្រភព៖ Tass ប្រែសម្រួលដោយ៖ ឈឹម ទីណា
