សហភាពអឺរ៉ុប គំរាមដាក់ទណ្ឌកម្មថ្មីលើទីក្រុងមីនស្កិ៍ ប្រសិនបើបេឡារុសធ្វើជាម្ចាស់ផ្ទះអាវុធនុយក្លេអ៊ែររុស្ស៊ី
ព្រុចសែល៖ ប្រធានគោលនយោបាយការបរទេសអឺរ៉ុប លោក ចូសេប បូរែល នៅថ្ងៃទី២៦ ខែមីនានេះ បានបញ្ជាក់ថា ទីក្រុងព្រុចសែលបានត្រៀមខ្លួនជាស្រេច ក្នុងការដាក់ទណ្ឌកម្មថ្មីលើបេឡារុស ប្រសិនបើទីក្រុងមីនស្កិ៍ ធ្វើជាម្ចាស់ផ្ទះអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី។
ប្រធានគោលនយោបាយការបរទេសអឺរ៉ុប លោក ចូសេប បូរែល បានបង្ហោះសារនៅលើបណ្តាញសង្គមធ្វីតធើថា បេឡារុសធ្វើជាម្ចាស់ផ្ទះអាវុធនុយក្លេអ៊ែររបស់រុស្សី មានន័យថា ជាការបង្កើនភាពតានតឹងដែលគ្មានការទទួលខុសត្រូវ និងការគំរាមកំហែងដល់សន្តិសុខអឺរ៉ុប។ លោកថា បេឡារុសនៅតែអាចបញ្ឈប់វាបាន… វាគឺជាជម្រើសរបស់ពួកគេ ប៉ុន្តែសម្រាប់សហភាពអឺរ៉ុបបានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការឆ្លើយតបជាមួយនឹងការដាក់ទណ្ឌកម្មបន្ថែមទៀត។
គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា តបតាមសំណើរបស់បេឡារូស រុស្ស៊ីនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិចរបស់ខ្លួននៅក្នុងប្រទេសបេឡារូស ដូចដែលសហរដ្ឋអាមេរិកបានធ្វើជាយូរមកហើយនៅលើទឹកដីនៃប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួន។ បើតាមការបញ្ជាក់របស់មេដឹកនាំរុស្ស៊ី ការសាងសង់ឃ្លាំងស្តុកអាវុធនុយក្លេអ៊ែរតាក់ទិចនៅក្នុងប្រទេសបេឡារូស ត្រូវបានគេរំពឹងថា នឹងបញ្ចប់នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
