អ្នកហុងកុងធ្វើបាតុកម្ម ជាលើកដំបូង បន្ទាប់ពីខកខានអស់ជាច្រើនឆ្នាំ ដោយសារច្បាប់សន្តិសុខជាតិថ្មី

អត្ថបទដោយ៖
CPA

ហុងកុង៖ប៉ូលិសហុងកុងបានអនុញ្ញាតឱ្យមានការហែក្បួនតវ៉ាក្នុងទំហំតូចមួយប្រឆាំងនឹងគម្រោងសាងសង់ដីមួយកន្លែងដែលបានដាក់ស្នើឡើង និងគម្រោងកែច្នៃសំរាមមួយទៀតកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ។ នេះគឺជាបាតុកម្មលើកដំបូងដែលត្រូវបានអនុញ្ញាត ចាប់តាំងពីការអនុម័តច្បាប់ស្ដីពីសន្តិសុខជាតិត្រូវបានដាក់ឱ្យអនុវត្តកាលពីឆ្នាំ២០២០។​ យ៉ាងណាក៏ដោយ បាតុករជាច្រើននាក់ត្រូវបានតម្រូវឱ្យពាក់កាតសម្គាល់លេខរៀងៗខ្លួន និងត្រូវបានរារាំងមិនឱ្យមានការពាក់របាំងមុខ ឬ ម៉ាស ខណៈដែលក្រុមប៉ូលិសបានចុះត្រួតពិនិត្យការហែក្បួនរបស់ពួកគេយ៉ាងដិតដល់។

អ្នក​ចូល​រួមបាតុកម្ម​បាន​ស្រែកអានពាក្យ​ស្លោក​ប្រឆាំង​នឹង​គម្រោង​សាងសង់​ដីមួយកន្លែងខ្លាំងៗ នៅ​ពេល​ដែល​ពួក​គេ​ដើរ​ដង្ហែក្បួន​ក្រោម​ភ្លៀង​ដោយ​មាន​កាន់បដាផងដែរ។ ការតវ៉ានេះបានធ្វើឡើង​នៅ​សង្កាត់ស៊ុង ខ្វាន់អូ (Tseung Kwan O) ភាគ​ខាង​កើត ដែលជាទីកន្លែង​គម្រោងនេះ​គ្រោង​នឹង​សាងសង់ឡើង។ អ្នកខ្លះបានរិះគន់ការរឹតបន្តឹងលើការតវ៉ារបស់ពួកគេ ដូចជាការកំណត់ចំនួនអ្នកចូលរួមត្រឹម ១០០ នាក់ជាដើម នេះបើយោងតាមសំណេរកម្រាស់ ៧ ទំព័ររបស់ប៉ូលិសផ្ញើទៅកាន់អ្នករៀបចំការតវ៉ា។

លោក ជេមស៍ អូខេដិន (James Ockenden) អាយុ ៤៩ ឆ្នាំដែលកំពុងដើរជាមួយកូនបីនាក់របស់លោក បាននិយាយថា «យើងត្រូវមានវប្បធម៌តវ៉ាដែលមានស្មារតីសេរីនិយមបន្ថែមទៀត»។ លោកបានសម្ដែងការខកចិត្តថា «ប៉ុន្តែ​នេះ​គឺ​ជា​ការ​រៀប​ចំ​ទុក​ជា​មុន ដោយមានការកំណត់ចំនួនអ្នកចូលរួមជាមុនផងដែរ ដូច្នេះ​វាជាការ​បំផ្លាញ​វប្បធម៌ និង​បានរារាំង​មនុស្ស​មិន​ឲ្យ​មកចូលរួម»។

ឆ្លើយតបទៅនឹងការតវ៉ានេះ ការិយាល័យអភិវឌ្ឍន៍ទីក្រុងបានឱ្យដឹងថា «គម្រោងនេះត្រូវបានអភិវឌ្ឍនៅក្នុងគោលណងគាំទ្រដល់តម្រូវការប្រចាំថ្ងៃរបស់សហគមន៍»។ ការិយាល័យដដែលបានបន្ថែមថា៖ «ដើម្បីជាការគោរពសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ យើងនឹងធ្វើការសិក្សាពីលទ្ធភាពនៃការកាត់បន្ថយទំហំនៃការចាក់ដីឡើងវិញ»។

គួរបញ្ជាក់ដែរថា ប៉ូលិសបានផ្តល់ឱ្យអ្នករៀបចំការតវ៉ានូវលិខិតអនុញ្ញាតមួយ ប៉ុន្តែដោយមានលក្ខខណ្ឌថា ពួកគេត្រូវធានាថាការតវ៉ានឹងមិនបំពានច្បាប់ស្ដីពីសន្តិសុខជាតិ រួមមានដូចជាការបង្ហាញ ឬការនិយាយបំភាន់ដើម្បីបំបះបំបោរសាធារណៈជននោះទេ។ ប៉ូលិសក៏​បាន​ព្រមាននៅ​ក្នុង​សំបុត្រនោះដែរថា «​ជនល្មើសខ្លះ​ក៏អាចបន្លំខ្លួនលួចចូលរួមក្នុងការតវ៉ា ​និង​ការ​ដង្ហែក្បួន​ដើម្បី​រំខាន​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ ឬការប្រព្រឹត្តនូវ​អំពើ​ហិង្សា​ខុស​ច្បាប់ទៀតផង»។

អ្នករៀបចំបាតុកម្មបានលើកឡើងថា «មនុស្សរហូតដល់ ៥០ នាក់បានចូលរួមក្នុងការតវ៉ាជាលើកដំបូងនេះ ដែលត្រូវបានអនុញ្ញាតដោយប៉ូលិសក្នុងទីក្រុងហុងកុង បន្ទាប់ពីខកខានមិនបានធ្វើបាតុកម្មអស់រយៈពេលជាច្រើនឆ្នាំមកនេះ»។ គួរដឹងដែរថា ការស្នើសុំធ្វើការបាតុកម្មតវ៉ាផ្សេងទៀត រួមមានដូចជាការដុតភ្លើងទៀននៅថ្ងៃទី៤ ខែមិថុនា ដើម្បីរំឭកដល់ជនរងគ្រោះនៃការបង្ក្រាបដោយសម្លាប់រង្គាលនៅទីលានធៀណាមិន(Tiananmen) កាលពីឆ្នាំ១៩៨៩ ត្រូវបានបដិសេធពីសំណាក់អជ្ញាធរ ក្រោមហេតុផលទាក់ទងនឹងការរក្សាគម្លាតសង្គម។

គួររំឭកថា ការរឹតបន្តឹងពាក់ព័ន្ធនឹងកូវីដ១៩ ចុងក្រោយរបស់ទីក្រុងហុងកុងត្រូវបានលុបចោលនៅដើមឆ្នាំនេះ បន្ទាប់ពីការសម្រេចចិត្តរបស់ប្រទេសចិនក្នុងការបិទបញ្ចប់គោលនយោបាយកូវីដសូន្យរបស់ខ្លួន។ តាំងពីនោះមក រដ្ឋធម្មនុញ្ញគោលរបស់ហុងកុង ដែលជាច្បាប់មូលដ្ឋាន បានធានាដល់សិទ្ធិក្នុងការជួបប្រជុំជាសាធារណៈ។

ចាប់តាំងពីច្បាប់សន្តិសុខជាតិហុងកុងដែលត្រូវបានដាក់ចេញដោយប្រទេសចិន និងដែលបានអនុម័តកាលពីខែមិថុនា ឆ្នាំ២០២០ ដើម្បីឆ្លើយតបទៅនឹងការបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យដែលបានអូសបន្លាយជាច្រើនខែក្នុងឆ្នាំ២០១៩ អាជ្ញាធរហុងកុងបានគាបសង្កត់លើសិទ្ធិសេរីភាព និងបានចាប់ខ្លួនអ្នកនយោបាយ រួមទាំងសកម្មជនបក្សប្រឆាំងជាច្រើននាក់ទៀតផង។

ដោយឡែក រដ្ឋាភិបាលរបស់បណ្ដាប្រទេសលោកខាងលិចមួយចំនួនបានរិះគន់ច្បាប់នេះថាជាឧបករណ៍ប្រើប្រាស់ដើម្បីគាបសង្កត់ពលរដ្ឋហុងកុង ប៉ុន្តែអាជ្ញាធរចិនបានឆ្លើយតបថា វាជាយន្តការស្ដារស្ថិរភាពដល់តំបន់មជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏ធំមួយនេះ។ អ្នកតវ៉ាម្នាក់ដែលមាននាមត្រកូលឈ្មោះថា ឈៀវ (Chiu) អាយុ ៥០ ឆ្នាំបានឱ្យដឹងថា លោកស្រីកោតសរសើរចំពោះការទទួលបានឱកាសតវ៉ាបាតុកម្មក្នុងគ្រាដ៏លំបាកនេះ ហើយលោកស្រីបានមើលឃើញថា ខ្សែកាតពាក់សម្គាល់លេខផ្ទាល់ខ្លួននេះ ជាមធ្យោបាយមួយដើម្បីជួយសម្រួលដល់ការគ្រប់គ្រងហ្វូងមនុស្សដ៏ច្រើន។

យោងតាមសារព័ត៌មានរ៉យទ័រ លោកស្រីបានថ្លែងថា «វា​មិន​មែន​មាន​ន័យ​ថា​ដាក់​ខ្សែកាតសម្គាល់លេខ​លើ​យើងទាំងអស់គ្នា ជាការរឹតត្បិតសេរីភាពនៃការ​បញ្ចេញ​មតិ​របស់​យើងនោះ​ទេ។ ខ្ញុំគិតថាវាអាចទទួលយកបាន»។​ យ៉ាងណាក៏ដោយ អ្នកសង្កេតការណ៍នយោបាយ និងអ្នកការទូតលោកខាងលិចមួយចំនួន បាននិងកំពុងតាមដានមើល ថាតើអាជ្ញាធរនឹងអនុញ្ញាតឱ្យមានបាតុកម្មឡើងវិញនៅហុងកុង ពោលគឺនៅថ្ងៃទី៤ ខែមិថុនា និងថ្ងៃទី១ ខែកក្កដា ដែលវាគឺជាថ្ងៃនៃព្រឹត្តិការណ៍សង្គមដែលអាចទាក់ទាញមនុស្សរាប់ពាន់នាក់ឱ្យចូលរួម។

ជាការកត់សម្គាល់ កាលពីដើមខែនេះ សមាគមកម្មការិនីហុងកុងបានរៀបចំការដង្ហែរក្បួនដើម្បីទាមទារសិទ្ធិការងារ និងសិទ្ធិស្ត្រី ប៉ុន្តែត្រូវបានលុបចោលវិញនៅនាទីចុងក្រោយដោយមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់នោះទេ។ ប៉ុន្មានថ្ងៃក្រោយមក សមាគមបានលើកឡើងនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ប៉ូលិសបានអញ្ជើញពួកគេឱ្យចូលរួមកិច្ចប្រជុំមួយបន្ទាប់ពីបានផ្តល់ការអនុញ្ញាតឱ្យធ្វើបាតុកម្ម ហើយថាសមាគមបានព្យាយាមអស់ពីសមត្ថភាពហើយនៅក្នុងកិច្ចចរចានោះ ប៉ុន្តែ​នៅ​តែ​មិន​អាច​ធ្វើការ​តវ៉ា​ដូច​ដែល​ខ្លួន​បាន​រំពឹងទុកនោះ​ទេ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យផ្សេងៗគ្នា បានគូសបញ្ជាក់ឱ្យដឹងថា ប៉ូលិសសន្តិសុខជាតិបានព្រមានសមាជិកបួននាក់របស់ខ្លួន មិនឱ្យចូលរួមក្នុងការហែក្បួនរបស់សមាគមនោះទេ៕

ប្រែសម្រួលដោយ៖ ធា សុណា

ប្រភព៖ https://www.aljazeera.com/news/2023/3/26/hong-kongers-hold-first-protest-in-years-under-strict-rules

ads banner