រដ្ឋសភា នឹងបើកសម័យប្រជុំពេញអង្គ នៅថ្ងៃទី៣០ មីនាខាងមុខ
ភ្នំពេញ៖ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបានកំណត់កាលបរិច្ឆេទបើក សម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣ ខាងមុខដោយមានរបៀបវារៈសំខាន់ៗចំនួនបី។
នៅព្រឹកថ្ងៃទី ២៧ខែមីនា នេះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា។ កិច្ចប្រជុំបានអនុម័តកំណត់កាលបរិច្ឆេទ បើក សម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនាខាងមុខ ដោយមានរបៀបវារៈចំនួនបី។ ក្នុងនោះមាន៖
១- ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៦។
២- របាយការណ៍សង្ខេបស្តីពី សកម្មភាពការងាររបស់រដ្ឋសភា ចន្លោះ សម័យប្រជុំរដ្ឋសភាលើកទី៨ និងលើកទី៩ នីតិកាលទី៦។
៣- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៕អត្ថបទ៖ហេង សម្បត្តិ


