ឯកឧត្តម ថោង ខុន៖ ជំរុញអោយរដ្ឋបាលខេត្តកំពតបង្កើនការផ្សព្វផ្សាយ និងអំពាវនាវឲ្យសិស្សានុសិស្ស ប្រជាពលរដ្ឋ ចូលរួមគាំទ្រព្រឹត្តការណ៍ស៊ីហ្គេម
ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ (CAMSOC) បានចុះពិនិត្យទីលានសម្រាប់ប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ ក្នុងព្រឹត្តការណ៍ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ នៅខេត្តក្រុងកំពត ខេត្តកំពត កាលពីចុងសប្តាហ៍កន្លងទៅ។
ពិធីចុះពិនិត្យនេះ មានការចូលរួមពីគណកម្មការទីលានប្រកួត គណកម្មការស្នាក់នៅហូបចុក និងតំណាងរដ្ឋបាលខេត្តកំពត រួមមន្រ្តីសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា។

លោក ស្រ៊ុន លាង អគ្គលេខាធិការរងសហព័ន្ធកីឡាកានូ និងរ៉ូអ៊ីងកម្ពុជា បានអោយដឹងថា គិតត្រឹមថ្ងៃទី២៦ ខែមីនា មានប្រតិភូ និងកីឡាករអន្តរជាតិ ២៨៨នាក់ មកពី៨ប្រទេស បានចុះឈ្មោះចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខនេះ ខណៈ៣ប្រទេសមិនទាន់ចុះឈ្មោះ មានវៀតណាម ទីម័រខាងកើត និងប្រ៊ុយណេ។ លោកអគ្គលេខាធិការរង បន្ថែមថា សម្រាប់ស៊ីហ្គេមសហព័ន្ធកីឡាទូកបានដាក់តែមួយប្រភេទកីឡាប៉ុណ្ណោះ គឺទូកប្រពៃណីខ្នាតអន្តរជាតិ ដែលមាន១៣វិញ្ញាសា ដាក់អោយអត្តពលិកក្នុងតំបន់ធ្វើការប្រកួតប្រជែង

ឯកឧត្តម ថោង ខុន បានជំរុញអោយរដ្ឋបាលខេត្តកំពតបង្កើនការផ្សព្វផ្សាយអោយខ្លាំង ជាពិសេសអំពាវនាវឲ្យសិស្សានុសិស្ស ប្រជាពលរដ្ឋ ចូលរួមគាំទ្រព្រឹត្តការណ៍ស៊ីហ្គេម ដោយត្រូវតុបតែងកែលម្អ រៀបចំរចនាសម័ន្ធតាមផ្លូវធំៗ បំពាក់ភ្លើងបំភ្លឺ ច្រកចេញ ច្រកចូលកន្លែងប្រកួត កន្លែងស្នាក់នៅ ដូចជាសណ្ឋាគារ រីសត ភោជនីដ្ឋាន និងតំបន់រមណីដ្ឋានទេសចរសំខាន់ៗ រួមទាំងបំផុសអោយបងប្អូនប្រជាពលរដ្ឋ តុបតែងផ្ទះដាក់ទង់ជាតិ ដើម្បីត្រៀមទទួលព្រឹត្តការណ៍ជាប្រវត្តិសាស្រ្តក្រោយខកខាន៦៤ឆ្នាំនេះ អោយទទួលបានជោគជ័យ។ ឯកឧត្តម អនុប្រធានអចិន្ត្រៃយ៍ ផ្តាំផ្ញើអោយរដ្ឋបាលខេត្ត យកចិត្តទុកដាក់លើបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ និងចរាចារផ្សេងៗអោយបានល្អប្រសើរសម្រាប់ប្រតិភូ អត្តពលិក ពេលទៅហ្វឹកហាត់ឬពេលប្រកួត និងពេលត្រឡប់មកវិញអោយបានល្អ។ ក្នុងនោះដែរ ខេត្តត្រូវស្នើអោយបងប្អូនប្រជានេសាទចូលរួមសហការ ដោយផ្អាកឬក៏បញ្ជៀសផ្លូវឆ្លងកាត់តំបន់រៀបចំការប្រកួតជាបណ្តោះអាសន្ន កុំអោយប៉ះពាល់បច្ចេកទេសផ្សេងៗនាំរំខាន់ដល់ព្រឹត្តការណ៍ប្រកួតផងដែរ។

គួរបញ្ជាក់ថា ខេត្តកំពត នឹងត្រូវធ្វើជាម្ចាស់ព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទិ៣២ លើកីឡាប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ដែលនឹងប្រព្រឹត្តទៅចាប់ពីនៅថ្ងៃទី៨ ដល់ថ្ងៃទី១៦ ខែឧសភា៕




ដោយ៖ ចាន់ វិចិត្រ