សុខសន្តិភាព បានធ្វើឱ្យកម្ពុជា បច្ចុប្បន្នមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ

ខេត្តកណ្តាល ៖ សាលាបុណ្យថ្មី ១ខ្នង ដែលត្រូវបានប្រសិទ្ធនាមថា សាលាបុណ្យវឌ្ឍនធម៌ឃ្លាំងមឿងត្បូង គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត ត្រូវបានសម្ពោធឆ្លងដាក់ជូនប្រជាពលរដ្ឋប្រើប្រាស់ នៅភូមិឃ្លាំងមឿងត្បូង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ។

លោក កែវ ច័ន្ទរ៉ា មេឃុំព្រែកអំពិល បានឲ្យដឹងថា ការកសាងសាលាបុណ្យថ្មីនេះ រួចរាល់ជាស្ថាពរ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ដោយមានការជួយឧបត្ថម្ភពី ឯកឧត្តមបណ្ឌិត កែវ បេងវឌ្ឍន៍ រួមនិងសហការី សរុបអស់ថវិកាចំនួន ២៦.០០០ដុល្លារ ។

ឯកឧត្តមបណ្ឌិត កែវ បេងវឌ្ឍន៍ ប្រធានគណៈអចិន្ត្រៃយ៍ ក្រុមការងារចុះមូលដ្ឋានឃុំព្រែកអំពិល និងឃុំព្រែកលួង ថ្លែងថា ផ្តើមចេញពីសុខសន្តិភាព បានធ្វើឱ្យកម្ពុជា មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និង អណាចក្រ ហើយតាមរយៈសមិទ្ធផលថ្មីនេះ ឯកឧត្តម បានអរគុណ សប្បុរសជនទាំងអស់ ដែលបានចូលរួម ថវិកា ដើម្បីរួមចំណែកកសាងនូវសាលាបុណ្យថ្មី១ខ្នងនេះឡើង សម្រាប់គោរពប្រតិបត្តិលើផ្នែកជំនឿសាសន៍។

ឯកឧត្តម ប្រធានគណៈអចិន្ត្រៃយ៍ ក្រុមការងារចុះមូលដ្ឋានឃុំព្រែកអំពិល និងឃុំព្រែកលួង បន្តថា ដោយមានការចង្អុលបង្ហាញ និងណែនាំដោយផ្ទាល់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកណ្តាល បានចាប់ផ្តើមចុះមកកាន់ឃុំព្រែកអំពិលនេះ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩។ បើគិតរហូតមកដល់ពេលនេះ មានរយៈពេលជិត ៤ឆ្នាំហើយ ។ ក្នុងរយៈពេល ៤ឆ្នាំកន្លងមកនេះ ក្រុមការងារបានចូលរួមចំណែកក្នុងអភិវឌ្ឍន៍ភូមិ-ឃុំ ឲ្យកាន់តែប្រសើរឡើង ជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធដូចជា ផ្លូវថ្នល់ លូរំដោះទឹក និងការជួយសម្រាលទុក្ខលំបាក របស់ប្រជាពលរដ្ឋ តាមរយៈនៃការឧបត្ថម្ភជាថវិកា និងគ្រឿងឧបភោគ បរិភាគផ្សេងៗ។ល។ បើគិតទាំងសាលាបុណ្យថ្មី១ខ្នងនេះ នៅក្នុងឃុំព្រែកអំពិល មានទីកន្លែងសម្រាប់រៀបចំពិធីបុណ្យតាមព្រះពុទ្ធសាសនា ចំនួន ៥ហើយ គឺវត្តចំនួន៣ និងសាលាបុណ្យចំនួន២ ដែលរួមមាន៖ វត្តឃ្លាំងមឿងជើង, វត្តព្រែកក្របៅ, វត្តព្រែកអំពិល, សាលាបុណ្យទួលអណ្តូង និងសាលាបុណ្យវឌ្ឃនធម៌ឃ្លាំងមឿងត្បូង។

ឯកឧត្តមបណ្ឌិត កែវ បេងវឌ្ឍន៍ បានឧបត្ថម្ភដល់យាយជី តាជី ២០នាក់ ក្រុមប្រឹក្សាឃុំ ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ ប្រជាការពារ លោកគ្រូ អ្នកគ្រូ យុវជនស្មគ្រចិត្ត ២៨៣នាក់ និងបានឧបត្ថម្ភ ថវិកា ១លានរៀល សម្រាប់ចាត់ចែងក្នុងសាលាបុណ្យវឌ្ឍនធម៌ឃ្លាំងមឿងត្បូង នេះផងដែរ ៕

ដោយ ៖ ប៊ុន ធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner