កិច្ចសហប្រតិការជាច្រើនវិស័យ ត្រូវបាននាយករដ្ឋមន្រ្តីកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់ថែមទៀត

ភ្នំពេញ៖ វិស័យជាច្រើនត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី កម្ពុជា និងឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ីប្ដេជ្ញាលើកកម្ពស់ថែមទៀត។ការបញ្ជាក់នេះបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានរួមគ្នានាវេលាថ្ងៃត្រង់ ទី២៧ ខែ មីនា ឆ្នាំ២០២៣បន្ទាប់ពីជំនួបជាងមួយម៉ោង និងធ្វើជាអធិបតីភាពរួមគ្នាក្នុងពិធីចុះហត្ថលេខារួចរាល់ ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានសម្ដេចតេជោ ហ៊ុន សែន បាន បញ្ជាក់អំពីលទ្ធផលនៃជំនួបថាថ្នាក់ដឹកនាំទាំងពីរបានប្ដេជ្ញាលើក កម្ពស់ថែមទៀតនូវកិច្ចសហប្រតិបត្តិការគ្រប់វិស័យរួមទាំង ពាណិជ្ជកម្ម វិនិយោគ អប់រំ ទេសចរណ៍ ថាមពលការតភ្ជាប់និង ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ។ សម្តេចបញ្ជាក់ថា យើងបានលើកទឹកចិត្តឱ្យភាគីទាំងពីរបន្តការទស្សនកិច្ចជាន់ខ្ពស់ឱ្យ កាន់តែញឹកញាប់ និងគ្រប់កម្រិតដើម្បីពង្រឹងមិត្តភាពឱ្យកាន់តែជិត ស្និទ្ធ។បង្កើនទំនុកចិត្តឱ្យកាន់តែខ្ពស់ និងពង្រីកវិសាលភាព នៃសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយថែមទៀត ។

សម្តេចតេជោបានបន្តថា យើងទាំងពីរក៏បានឯកភាពពង្រឹងយន្តការ កិច្ច សហប្រតិបត្តិការទ្វេភាគីដែលមានស្រាប់ជាពិសេស គណៈ កម្មការ ចម្រុះកម្ពុជា-ម៉ាឡេស៊ី ។

ចំពោះវិស័យពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានសម្ដែងក្ដីរីករាយ ដែលពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ៦២០លានដុល្លារអាមេរិកក្នុង ឆ្នាំ២០២២ ដោយកើនឡើង២៤ភាគរយធៀបនឹងឆ្នាំ២០២១ ដែលសម្រេចបានជាង៥០០លានដុល្លារ។

ជាមួយនេះសម្ដេចតេជោក៏បានស្នើឱ្យបង្កើនទិញទំនិញបំពេញតម្រូវការឱ្យគ្នាទៅវិញទៅមក ដោយលើកទឹកចិត្តឱ្យវិនិយោគិន និងក្រុម ហ៊ុន ម៉ាឡេស៊ីមកធ្វើធុរកិច្ច និងវិនិយោគឱ្យបានកាន់តែច្រើន ។

ចំពោះវិស័យទេសចរណ៍វិញ សម្ដេចេជោ ហ៊ុន សែន បានស្នើឱ្យ មានកិច្ចសហការស្នើឱ្យម៉ាឡេស៊ី គាំទ្រដល់កម្ពុជាក្នុងការអភិវឌ្ឍ ការងារទេសចរណ៍មូស្លីមតាមរយៈការបណ្ដុះបណ្ដាល បច្ចេកទេស ។ ចំណែកវិស័យកសិកម្ម ភាគីទាំងពីរបានឯកភាពឱ្យមាន អនុស្សរណៈ នៃការយោគយល់ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ។ សម្តេចតេជោ ក៏បានស្នើឱ្យបង្កើនការទិញអង្ករនិងកសិផលពី កម្ពុជា តាមរយៈការ បង្កើត ក្រុមហ៊ុនប្រមូលទិញ និងកែច្នៃនៅកម្ពុជាសម្រាប់លក់នៅ លើ ទីផ្សារកម្ពុជា និងនាំចេញទៅកាន់ម៉ាឡេស៊ី និងទីផ្សារផ្សេងៗទៀត តាមផ្លូវដឹកជញ្ជូនពីក្រុងព្រះសីហនុទៅ ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តថា ទាក់ទងទៅនឹង វិស័យអប់រំ សម្ដេចបានអរគុណម៉ាឡេស៊ីដែលបានឯកភាព លើការ បណ្តុះបណ្តាល និងចែករំលែកបទពិសោធថែមទៀត តាមរយៈកិច្ច សហប្រតិបត្តិការបច្ចេកទេស។ សម្តេចតេជោ ក៏បានស្នើឱ្យបន្តអនុវត្ត យន្តការដែលមានស្រាប់ដើម្បីលើកកម្ពស់ការការពារសិទ្ធិពលករកម្ពុជាដែលធ្វើការនៅប្រទេសម៉ាឡេស៊ី ។

ចំពោះវិស័យថាមពល សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន ស្នើឱ្យនាយករដ្ឋមន្ត្រីម៉ាឡេស៊ីគាំទ្រចំពោះការស្ថាបនាខ្សែ កាប អគ្គិសនីក្រោមបាតសមុទ្រដែលត្រូវឆ្លងកាត់ដែនសមុទ្រប្រទេសម៉ាឡេស៊ីសម្រាប់គម្រោងពាណិជ្ជកម្មថាមពលបៃតងរវាងកម្ពុជា និង សិង្ហបុរី ដែលនេះជាកិច្ចសហប្របត្តិការមួយល្អផងដែររបស់យើង ។

សម្ដេចតេជោក៏បានថ្លែងពាក់ព័ន្ធទៅនឹងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយកម្ពុជា បានលើកទឹកចិត្តឱ្យតំបន់អាស៊ី ចូលរួម អភិវឌ្ឍឧស្សាហកម្ម ផលិតកម្មកែច្នៃ ឧស្សាហកម្មហាឡាល់ និង ឧស្សាហកម្មផ្នែកចំណេះដឹង និងបច្ចេកវិទ្យា។

នៅក្នុងវិស័យការពារជាតិនិងសន្តិសុខភាគីទាំងពីរបានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នពាក់ព័ន្ធការផ្លាស់ប្តូរគណៈប្រតិភូជំនាញ ដើម្បីដកពិសោធន៍ការងារប្រឆាំងនឹងការរត់ពន្ធ និងជួញ ដូរមនុស្ស និងការងារសម្អាតប្រាក់និងពិចារណាឱ្យ មាន អនុស្សរណៈ នៃការយោគយល់គ្នារវាងអគ្គស្នងការនគរបាលជាតិកម្ពុជានិងនគរបាលម៉ាឡេស៊ីស្ដីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ។

ក្នុងឱកាសនេះដែរសមភាគីទាំងពីរ ក៏បានឯកភាពគ្នាទៅលើការ ជំរុញកិច្ចសហប្រតិបត្តិការទៅលើវិស័យព័ត៌មាននិងគមនាគមន៍ សេដ្ឋកិច្ចឌីជីថល និងសន្តិសុខ តាមប្រព័ន្ធអ៊ីនធឺណិតថែមទៀត ។

នៅក្នុងជំនួបនេះដែរ ថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សាទៅលើ បញ្ហាតំបន់ និងអន្តរជាតិ ដែលជាបញ្ហា កង្វល់រួម គឺបញ្ហាមីយ៉ាន់ម៉ា, បញ្ហារ៉ូហ៊ីងយ៉ា បញ្ហាសមុទ្រចិនខាងត្បូង, បញ្ហាឧបទ្វីបកូរ៉េ, បញ្ហា ទាក់ទងទៅនឹងសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែនផងដែរ ។ ភាគីទាំងពីរ ក៏បានបង្ហាញសុទិដ្ឋិនិយមថា ប្រទេសទាំងពីរ នឹងរួមគ្នាដោះស្រាយ បញ្ហាប្រឈមរួម ទាំងក្នុងតំបន់ និងពិភពលោក ដើម្បីពង្រឹងនូវ សាមគ្គីភាព ៕

ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner