បាតុកម្មទ្រង់ទ្រាយធំផ្ទុះឡើងនៅអ៊ីស្រាអែល បន្ទាប់ពីអ្នកនយោបាយជើងចាស់លោកណេតាន់យ៉ាហ៊ូដកតំណែងរដ្ឋមន្ត្រីការពារជាតិ
ហ៊្សេរុយសាឡិម៖ បាតុកម្មទ្រង់ទ្រាយធំនៅទូទាំងប្រទេសអ៊ីស្រាអែលបានផ្ទុះឡើងកាលពីថ្ងៃអាទិត្យ បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ប៊េនចាមីន ណេតាន់យ៉ាហ៊ូ ដកតំណែងរដ្ឋមន្រ្តីការពារជាតិ លោក Yoav Gallant ដែលជំរុញឱ្យបញ្ឈប់ផែនការផ្លាស់ប្ដូរប្រព័ន្ធតុលាការដ៏ចម្រូងចម្រាស់របស់រដ្ឋាភិបាល។
បើតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ក្រោយព័ត៌មានស្ដីពីការដកតំណែង បាតុកររាប់ម៉ឺននាក់ដែលខ្លះគ្រវីទង់ជាតិអ៊ីស្រាអែល បានដើរតាមផ្លូវទាំងយប់នៅទូទាំងប្រទេស។ក្រុមមនុស្សខ្លះ បានប្រមូលផ្តុំគ្នានៅខាងក្រៅផ្ទះរបស់លោក ណេតាន់យ៉ាហ៊ូ នាទីក្រុងហ្ស៊េរុយសាឡិម ហើយថាទាំងសម្រុកលើច្រកសន្តិសុខទៀតផង មុនស្ថានការណ៍ទីនោះត្រូវបានគ្រប់គ្រង។
គួរបញ្ជាក់ថា នេះមិនមែនជាបាតុកម្មលើកទី១នោះទេ វាគឺជាផ្នែកមួយនៃបាតុកម្មបន្តបន្ទាប់គ្នា ដែលប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាល លើការកែលម្អប្រព័ន្ធតុលាការ។ ជាផែនការដែល ដែលធ្វើឱ្យសម្ព័ន្ធស្ដាំជ្រុលនិយមរបស់លោក ណេតាន់យ៉ាហ៊ូ បានធ្លាក់ចូលទៅក្នុងវិបត្តិបន្ទាប់ពីឡើងកាន់ដំណែង។
លោករដ្ឋមន្រ្តី Gallant បានក្លាយជាសមាជិកជាន់ខ្ពស់ដំបូងគេនៃគណបក្សកាន់អំណាច Likud របស់លោក ណេតាន់យ៉ាហ៊ូ ដែលនិយាយប្រឆាំងនឹងផែនការនេះ ដោយលើកឡើងថា ការបែកបាក់ដ៏ធំកំពុងគំរាមកំហែងសន្ដិសុខរបស់ប្រទេសចុះខ្សោយ។
ក្នុងការប្រកាសពីការបណ្តេញលោក Gallant ការិយាល័យរបស់លោក ណេតាន់យ៉ាហ៊ូ មិនបានដាក់ឈ្មោះអ្នកជំនួស ឬផ្តល់ព័ត៌មានលម្អិតផ្សេងទៀតទេ ដោយគ្រាន់តែចេញសេចក្ដីថ្លែងការណ៍ថា៖ «នាយករដ្ឋមន្រ្តី ប៊េនចាមីន ណេតាន់យ៉ាហ៊ូ បានសម្រេចចិត្តនៅល្ងាច(ថ្ងៃអាទិត្យ)នេះ ដើម្បីដកតំណែងរដ្ឋមន្ត្រីការពារជាតិ លោក Yoav Gallant»។
ជុំវិញភាពចលាចលដែលកាន់តែខ្លាំងៗទៅក្រោយការដកតំណែងរបស់លោក Gallant មេដឹកនាំគណបក្សប្រឆាំង លោក Yair Lapid និងលោក Benny Gantz បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយថ្កោលទោសទង្វើរបស់លោក ណេតាន់យ៉ាហ៊ូ។ សេចក្ដីថ្លែងការណ៍នោះ លើកឡើងថា៖ «សន្តិសុខរដ្ឋមិនអាចជាសន្លឹកបៀក្នុងល្បែងនយោបាយទេ» ហើយបន្តថា លោក ណេតាន់យ៉ាហ៊ូ បានធ្វើហួសព្រំដែននៅយប់នេះ ទាំងអំពាវកុំឱ្យបក្ស Likud ធ្វើការ «បំផ្លាញសន្តិសុខជាតិ»។
គួរបញ្ជាក់ថា ផែនការកែប្រែប្រព័ន្ធតុលាការរបស់លោក ណេតាន់យ៉ាហ៊ូ នឹងផ្តល់សិទ្ធិអំណាចដល់សភា ដើម្បីលុបចោលសេចក្តីសម្រេចរបស់តុលាការកំពូល ដែលនឹងស្តារតុល្យភាពរវាងស្ថាប័នតុលាការ និងនីតិប្រតិបត្តិ។
ចំណែកក្រុមអ្នករិះគន់លើកឡើងថា កំណែទម្រង់នឹងដកប្រព័ន្ធត្រួតពិនិត្យ និងតុល្យភាពរបស់អ៊ីស្រាអែល ហើយប្រមូលផ្តុំអំណាចនៅក្នុងដៃរបស់ក្រុមដែលកំពុងគ្រប់គ្រងប្រទេស។ ពួកគេក៏និយាយផងដែរថា លោក ណេតាន់យ៉ាហ៊ូ ដែលកំពុងស្ថិតក្នុងការកាត់ទោសពីបទពុករលួយ ស្នើផែនការនេះឡើងដោយមានទំនាស់ផលប្រយោជន៍៕
ដោយ៖ហួន ឌីណា
ប្រភព៖ Netanyahu sacks defence minister, sparking mass protests