សហរដ្ឋអាមេរិក និងអ៊ុយក្រែនស្វែងរកការដកខ្លួនរបស់កងកម្លាំងរុស្ស៊ីចេញពីទឹកដីអ៊ុយក្រែន
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន បានសម្តែងការជំទាស់យ៉ាងខ្លាំង ជុំវិញសំណើបង្កើតបទឈប់បាញ់នៅអ៊ុយក្រែនរបស់ប្រទេសចិន ដែលមិនមានការដកខ្លួនរបស់កងកម្លាំងរុស្ស៊ី ពីទឹកដីប្រទេសអ៊ុយក្រែន។
ប្រទេសចិនបានចេញឯកសារកាលពីខែមុន ដែលជំរុញឱ្យរុស្ស៊ី និងអ៊ុយក្រែនស្វែងរកការសន្ទនា និងបទឈប់បាញ់។ នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីជាមួយសមភាគីជប៉ុន និងអឺរ៉ុប នៅថ្ងៃទី២៨ ខែមីនានេះ លោក ប្លីងគែន បាននិយាយថា បទឈប់បាញ់បែបនេះនឹងអនុញ្ញាតឱ្យរុស្ស៊ី បង្រួបបង្រួមផលប្រយោជន៍ដែលខ្លួនបានធ្វើ និង គ្រាន់តែប្រើពេលវេលាដើម្បីសម្រាក និងកែលម្អ ហើយបន្ទាប់មកធ្វើការវាយប្រហារម្តងទៀត។
ចំណែករដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ឌីមីត្រូ គូលេបា បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការដកខ្លួនរបស់រុស្ស៊ីចេញពីទឹកដីប្រទេសរបស់គាត់ ហើយថា ការបញ្ឈប់ការឈ្លានពានរបស់រុស្ស៊ី និងការស្ដារឡើងវិញនូវបូរណភាពទឹកដីរបស់អ៊ុយក្រែន គឺជាលក្ខខណ្ឌចាំបាច់សម្រាប់សន្តិភាព។
នៅក្នុងសារជាវីដេអូសម្រាប់កិច្ចប្រជុំនេះ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក ហាយ៉ាស៊ី យ៉ូស៊ីម៉ាសា បានសង្កត់ធ្ងន់លើការតាំងចិត្តរបស់ជប៉ុន ក្នុងនាមជាប្រធានប្រទេស G7 ក្នុងការខិតខំប្រឹងប្រែងរក្សាឯកភាពរបស់ G7 ដើម្បីបញ្ឈប់ការឈ្លានពានរបស់រុស្ស៊ីឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ លោកថា ជប៉ុននឹងជំរុញការដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងប្រឆាំងនឹងរុស្ស៊ី ក៏ដូចជាការគាំទ្រដ៏រឹងមាំសម្រាប់អ៊ុយក្រែន៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា

