នាវាផ្ទុកយន្តហោះចម្បាំងអាមេរិកធ្វើដំណើរមកដល់ទីក្រុងប៊ូសាន ដើម្បីចូលរួមសមយុទ្ធជាមួយកូរ៉េខាងត្បូង និងជប៉ុន

សេអ៊ូល៖ នាវាផ្ទុកយន្តហោះចម្បាំងដើរដោយថាមពលនុយក្លេអ៊ែរមួយគ្រឿងរបស់សហរដ្ឋអាមេរិ USS Nimitz បានធ្វើដំណើរមកដល់ទីក្រុងកំពង់ផែ ប៊ូសាន ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។

មេបញ្ជាការក្រុមវាយប្រហាររបស់នាវាផ្ទុកយន្តហោះ USS Nimitz លោកឧត្តមនាវីទោ Christopher Sweeney បានប្រាប់អ្នកយកព័ត៌មាននៅលើនាវាថា សម្ព័ន្ធភាពអាមេរិក-កូរ៉េខាងត្បូងបានត្រៀមរួចរាល់ ដើម្បីសម្របខ្លួនទៅនឹងបញ្ហាប្រឈម រួមទាំងការគំរាមកំហែងថ្មីៗ សំដៅធានាសុវត្ថិភាពដល់ប្រជាជនកូរ៉េ និងអាមេរិកជំនាន់ក្រោយ។

លោកបានបង្ហើបថា បន្ទាប់ពីនាវា USS Nimitz ចាកចេញពីកំពង់ផែ វានឹងចូលរួមក្នុងសមយុទ្ធត្រីភាគីជាមួយកងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុន និងកងទ័ពជើងទឹកកូរ៉េខាងត្បូង។ យ៉ាងណាមិញ លោកមេបញ្ជាការមិនបានបញ្ជាក់ពីកាលបរិច្ឆេទនៃការចាកចេញរបស់នាវានោះទេ ប៉ុន្តែទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូងយ៉ុនហាប់បានរាយការណ៍ថា នាវាផ្ទុកយន្តហោះចម្បាំងអាមេរិកនេះទំនងជានឹងចាកចេញពីទីក្រុងកំពង់ផែ ប៊ូសាន នាដើមសប្តាហ៍ក្រោយ។

សូមជម្រាបថា សហរដ្ឋអាមេរិកមានបំណងពង្រឹងភាពជាដៃគូរត្រីភាគីរបស់ខ្លួនជាមួយជប៉ុន និងកូរ៉េខាងត្បូង នៅពេលដែលកូរ៉េខាងជើងពន្លឿនការអភិវឌ្ឍន៍នុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន។ បណ្តាប្រទេសក្នុងតំបន់កំពុងប្រឈមមុខនឹងការបង្កហេតុផ្នែកយោធាបន្ថែមទៀតដោយកូរ៉េខាងជើង បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួនពីរគ្រាប់ឆ្ពោះទៅសមុទ្រជប៉ុនកាលពីថ្ងៃចន្ទទី២៧ ខែមីនា ឆ្នាំ២០២៣៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner