សហរដ្ឋអាមេរិក ផ្អាកការចែករំលែកព័ត៌មាននុយក្លេអ៊ែរជាមួយរុស្ស៊ី
អាមេរិក៖ សហរដ្ឋអាមេរិក បានផ្អាកការចែករំលែកព័ត៌មាននុយក្លេអ៊ែររបស់ខ្លួនជាមួយប្រទេសរុស្ស៊ី ដើម្បីឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់ទីក្រុងម៉ូស្គូ ដែលផ្អាកការចូលរួមក្នុងសន្ធិសញ្ញានុយក្លេអ៊ែរទ្វេភាគី New START កាលពីខែមុន។
បើតាមសេចក្ដីរាយការណ៍របស់សារព័ត៌មានផ្សេងៗ ការសម្រេចរបស់សហរដ្ឋអាមេរិកចុងក្រោយនេះ ត្រូវបានបញ្ជូនជាព័ត៌មានទៅរុស្ស៊ីកាលពីថ្ងៃចន្ទ។ នេះបើតាមការឱ្យដឹង របស់ជំនួយការរដ្ឋមន្ត្រីក្រសួងការពារជាតិសម្រាប់គោលនយោបាយអវកាសនៃមន្ទីរបញ្ចកោណ លោក John Plumb ដែលបានប្រាប់ទៅអនុគណៈកម្មាធិការកងកម្លាំងយុទ្ធសាស្ត្រនៃគណៈកម្មាធិការសភាស្តីពីសេវាកម្មប្រដាប់អាវុធរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ ទី ២៨ ខែមីនា។
ជំហានរបស់ក្រុងវ៉ាស៊ីនតោននៅពេលនេះ ធ្វើឡើងចំពេលដែលភាពតានតឹងនៃទំនាក់ទំនងរវាងអាមេរិក និងរុស្ស៊ីកើនឡើង ជាពិសេសក្រោយពេលដែលរុស្ស៊ីផ្អាកការចូលរួមជាមួយសន្ធិសញ្ញា New START ហើយមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានប្រកាសពីផែនការដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាកទិកនៅប្រទេសបេឡារុសកាលពីសប្ដាហ៍មុន។
គួរបញ្ជាក់ថា សន្ធិសញ្ញានុយក្លេអ៊ែរ New START រវាងអាមេរិក និងរុស្ស៊ី បានអនុញ្ញាតឱ្យប្រទេសទាំងពីរពិនិត្យមើលឃ្លាំងអាវុធនុយក្លេអ៊ែររបស់ភាគីម្ខាងៗទៅវិញទៅមក។ប៉ុន្តែក្រោយការផ្អាករបស់
រុស្ស៊ី សហរដ្ឋអាមេរិកនៅតែបន្តចែករំលែកព័ត៌មានជាមួយក្រុងម៉ូស្គូ រហូតមកដល់ការសម្រេចចិត្តចុងក្រោយធ្វើឡើង។ នេះបើតាមការឱ្យដឹងបន្តទៀតរបស់លោក Plumb ដែលបញ្ជាក់ថា រុស្ស៊ីមិនបានបញ្ជូនព័ត៌មានអ្វីទាំងអស់ស្ដីពីនុយក្លេអ៊ែររបស់ខ្លួន បន្ទាប់ពីផ្អាកការចូលរួមក្នុងសន្ធិសញ្ញា New START។
បន្ថែមពីលើ លោក Plumb អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោកស្រី Adrienne Watson បានថ្លែងប្រាប់សារព័ត៌មាន Politico នៅថ្ងៃអង្គារដែរថា ការផ្អាករបស់រុស្ស៊ីលើសន្ធិសញ្ញា New STARTគឺជាភាព«មិនត្រឹមត្រូវស្របតាមច្បាប់»និងជា«អាកប្បកិរិយាមិនទទួលខុសត្រូវ»។
លោកស្រីបន្តថា ការសម្រេចចិត្តរបស់អាមេរិក ដែលផ្អាកការផ្ដល់ព័ត៌មាននុយក្លេអ៊ែរឱ្យរុស្ស៊ីនាពេលនេះ គឺជាវិធានការតបតស្របច្បាប់ «ដែលមានបំណងលើកទឹកចិត្តរុស្ស៊ីឱ្យត្រឡប់ទៅការអនុលោមតាមសន្ធិសញ្ញាវិញ»។
គួររំឭកផងដែរថា ទន្ទឹមនឹងការផ្អាកចូលរួមក្នុងសន្ធិសញ្ញា New START លោក ពូទីន បានព្រមានឱ្យដឹងកាលពីខែមុនផងដែរថា ក្រុងម៉ូស្គូនឹងត្រៀមខ្លួនរួចជាស្រេចក្នុងការសាកល្បងអាវុធនុយក្លេអ៊ែរថ្មីឡើងវិញ ប្រសិនបើទីក្រុងវ៉ាស៊ីនតោនហានធ្វើសកម្មភាពនេះមុន៕
ប្រែសម្រួលដោយ៖ ហួន ឌីណា