លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ កិច្ចសហប្រតិបត្តិការកម្ពុជា ឡាវ ត្រូវបានលើកកម្ពស់ តាមរយៈ សកម្មភាពរបស់សមាគមនារីកម្ពុជា និងសហព័ន្ធនារីឡាវ
ភ្នំពេញ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន បានអនុញ្ញត្តិឲ្យ គណៈប្រតិភូជាន់ខ្ពស់នៃសហព័ន្ធនារី នៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលដឹកនាំដោយ លោកជំទាវ Inlavan Keobounphan សមាជិកគណកម្មាធិការកណ្តាលគណបក្ស និងជាប្រធានសហព័ន្ធនារីឡាវ ជួបសម្តែងការគួសម និងពិភាក្សាករងារនាព្រឹកថ្ងៃពុធទី២៩ ខែមីនា ឆ្នាំ២០២៣ ។

លោកជំទាវ Inlavan Keobounphan បានលើកឡើងថា សហព័ន្ធនារីឡាវ ជានិច្ចកាលតែងតែសហការយ៉ាងជិតស្និទ្ធជាមួយសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងសកម្មភាពមិត្តភាព រួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងសាមគ្គីភាព ឡាវ និងកម្ពុជា ដោយនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជន និងស្ត្រី នៃប្រទេសទាំងពីរ ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានប្រសាសន៍ថា ដំណើរទស្សនៈកិច្ចរបស់ លោកជំទាវ Inlavan Keobounphan នាពេលនេះ គឺស្របពេលដែលកម្ពុជា មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ។ លោកជំទាវក៏បានលើកឡើងអំពីវឌ្ឍនៈភាពរបស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន ដែលបានអនុវត្តកន្លងមក ។ ជាពិសេស ការអនុវត្តបាននូអនុស្សារណៈ ស្តីពីកិច្ចសហប្រតិបត្តិការរវាងសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងសហព័ន្ធនារីឡាវ ដែលបានចុះហត្ថលេខារួមគ្នាកន្លងមក ។ លោកជំទាវ សង្ឃឹមថា ប្រទេសទាំងពីរនឹងពង្រឹងនូវការផ្លាស់ប្តូរបទពិសោធន៍ជាមួយគ្នាទៅវិញទៅមក ក្នុងវេទិកាអន្តរជាតិ និងតំបន់ លើកកំពស់គុណភាព និងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ដើម្បីរួមចំណែកធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាពប្រពៃណី សាមគ្គីភាពពិសេស និង កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា-ឡាវ ៕



ដោយថេត ៖ វិចិត្រ និង ហេង សម្បត្តិ