យោធាមីយ៉ាន់ម៉ារំលាយគណបក្សរបស់លោកស្រី អោងសាន ស៊ូជី
ណៃពិដោរ: គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី អោងសាន ស៊ូជី នឹងត្រូវបានរំលាយចោល ដោយសារតែបរាជ័យក្នុងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតឡើងវិញ នៅក្រោមច្បាប់បោះឆ្នោតថ្មី។ នេះបើតាមការប្រកាសរបស់គណៈកម្មការរៀបចំការបោះឆ្នោតគ្រប់គ្រងដោយយោធាមីយ៉ាន់ម៉ា។

គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី ស៊ូជី ធ្លាប់បានប្រកាសថា ខ្លួននឹងមិនចូលរួមក្នុងការបោះឆ្នោតសកល ដែលប្រមុខរបបយោធាមីយ៉ាន់ម៉ា លោក មីន អោងឡាំង សន្យាថា នឹងរៀបចំឡើងនោះទេ ដោយអះអាងថា គឺជាការបោះឆ្នោតខុសច្បាប់។

ទោះបីជាយ៉ាងណា នៅក្នុងសេចក្ដីប្រកាសមួយនៅថ្ងៃទី២៨ ខែមីនានេះ ទូរទស្សន៍ Myawaddy TV បានចេញផ្សាយថា គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី ស៊ូជី ស្ថិតនៅក្នុងចំណោមគណបក្សនយោបាយចំនួន៤០ ដែលមិនបានបំពេញតាមក្រិតក្រមនៃកាលបរិច្ឆេទចុះបញ្ជីសម្រាប់ការបោះឆ្នោតសកល។

សូមរម្លឹកផងដែរថា របបដឹកនាំយោធាមីយ៉ាន់ម៉ា កាលពីខែមករាកន្លងទៅ បានប្រកាសទុកពេល២ខែ សម្រាប់គណបក្សនយោបាយទំាងអស់ ដើម្បីចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតឡើងវិញ នៅក្រោមច្បាប់បោះឆ្នោតថ្មី ដែលអ្នករិះគន់អះអាងថា មានការរឹតត្បិតខ្លាំង នៅមុនការបោះឆ្នោតសកលដែលមិនទាន់កំណត់កាលបរិច្ឆេទជាក់លាក់ចូលមកដល់៕

ប្រភព: AFP ប្រែសម្រួលដោយ: ឈឹម ទីណា