រដ្ឋាភិបាលបញ្ឈប់ការចេញអាជ្ញាប័ណ្ណល្បែងភ្នាល់អនឡាញ
រដ្ឋាភិបាលបានបញ្ឈប់ការចេញអាជ្ញាប័ណ្ណឲ្យប្រកបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចអនឡាញ ទាំងក្នុងនិងក្រៅប្រទេសគ្រប់ប្រភេទ។ ការបិទអាជ្ញាប័ណ្ណនេះ បានបញ្ជាក់ឲ្យដឹងតាមរយៈសារាចរណែនាំមួយ ចុះហត្ថលេខាដោយសម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន កាលពីថ្ងៃទី១៨សីហា ដោយបញ្ឈប់ការផ្តល់គោលការណ៍ និងអាជ្ញាប័ណ្ណអនុញ្ញាតឲ្យប្រកបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចអនឡាយ (Internet Online) ទាំងក្នុង និងក្រៅប្រទេស។ ក្នុងសារាចរណែនាំ រាជដ្ឋាភិបាលបានណែនាំសមត្ថកិច្ចត្រូវបង្កើនការស្រាវជ្រាវ និងបង្រ្កាបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិច Online នេះទាំងក្នុងនិងក្រៅប្រទេស គ្រប់ប្រភេទ និងគ្រប់រូបភាព។ ទោះជាយ៉ាងណាក៏ដោយ ចំពោះអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិច Online ណា ដែលមានអាជ្ញាប័ណ្ណ នឹងត្រូវអនុញ្ញាតឲ្យធ្វើសកម្មភាពរហូតផុតសុពលភាព។
ការចេញសារាចរណ៍បញ្ឈប់អាជ្ញាប័ណ្ណអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចអនឡាញ បានធ្វើឡើង ក្រោយរាជរដ្ឋាភិបាលបានកត់សម្គាល់ថាមានពួកឧក្រិដ្ឋជនបរទេសមួយចំនួន បានជ្រកក្រោមរូបភាពល្បែង ភ្នាល់Onlineទាំងនេះ ដើម្បីធ្វើសកម្មភាពបោកប្រាស់ជំរិតទារប្រាក់ពីជនរងគ្រោះទាំងក្នុង និងក្រៅប្រទេស ដែល ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយក្នុងសង្គម។