រដ្ឋមន្ត្រីក្រសួងសុខាភិបាល៖ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្លាំងលើវិស័យសុខាភិបាល ពិសេសសុខមាលភាពប្រជាពលរដ្ឋ

ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្លាំងលើវិស័យសុខាភិបាល ពិសេសសុខមាលភាពប្រជាពលរដ្ឋ ។ នៅឆ្នាំ២០៣០ខាងមុខ រាជរដ្ឋាភិបាលបានកំណត់គោលដៅ តម្រង់ទិស រយៈពេលមធ្យមនិងរយៈពេលវែង ក្នុងគ្រប់គ្រងធនធានមនុស្ស ស្ថេរភាពនយោបាយ ដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យមានការអភិវឌ្ឍរីកចម្រើន ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល បន្តថា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចចិត្តយ៉ាងត្រឹមត្រូវ ក្នុងការដាក់ចេញនូវវិធានការឆ្លើយតប ពិសេសយុទ្ធសាស្ត្រ បង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ រហូតទទួលបានជោគជ័យ និងបានបើកអោយដំណើរការ សេដ្ឋកិច្ចប្រទេសជាប្រក្រតីឡើងវិញនៅឆ្នាំ ២០២១ ។

ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានធ្វើឡើងបែបនេះ នាព្រឹកថ្ងៃទី២៩ មីនា ២០២៣ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលឆ្នាំ ២០២២និងលើកទិសដៅការងារឆ្នាំ២០២៣របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ។ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានជម្រុញឲ្យក្រុមគ្រូពេទ្យប្រកាន់ភ្ជាប់ក្រោមសីលធម៌ វិជ្ជាជីវៈ ដើម្បីធ្វើយ៉ាងណាអោយប្រជាពលរដ្ឋពេញចិត្ត នឹងសេវាកម្មរបស់វិស័យសុខាភិបាលរបស់យើង ។

លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានលើកឡើងនូវសមិទ្ធផល និងស្នាដៃការងារជាច្រើន ជាពិសេសការចូលរួមយ៉ាងសកម្មបំផុតក្នុងបេសកកម្មជាប្រវត្តិសាស្ត្រ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩កន្លងមក រហូតទទួលបានជោគជ័យ។ ជាមួយគ្នានេះអង្គសន្និបាតទបានប្ដេជ្ញារួមគ្នាដើម្បីពុះពារជម្នះគ្រប់ឧបសគ្គ ដោះស្រាយរាល់បញ្ហាប្រឈមដែលអាចកើតមាន និង បានឯកភាពលើទិសដៅអនុវត្តការងារឆ្នាំ២០២៣ របស់មន្ទីរសុខាភិបាល បន្ថែមលើលទ្ធផល បញ្ហាប្រឈម និងទិសដៅមួយចំនួន ។ អង្គសន្និបាតបានឯកភាពគោរពស្នើសុំ រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបង្កើតគណៈកម្មការលប់បំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាល ខុសច្បាប់ ថ្នាក់ខណ្ឌ ដើម្បីពង្រឹងយន្តការតាមដានត្រួតពិនិត្យសេវាសុខាភិបាលឯកជនឱ្យកាន់តែមាន ប្រសិទ្ធិភាព។

លោកបញ្ជាក់ផងដែរថា ដើម្បីឆ្លើយតបទៅនឹងព្រឹត្តិការណ៍សំខាន់ៗ ក្នុងឆ្នាំ២០២៣ ខាងមុខនេះ អង្គសន្និបាតទាំងមូល ក៏បានកំណត់ទិសដៅ ភារកិច្ច និងការទទួលខុសត្រូវរួមគ្នា ក្នុងការបន្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងជំងឺកាចសាហាវផ្សេងៗទៀត ព្រមទាំងត្រៀមលក្ខណៈរួចជាស្រេច ក្នុងការ ចូលរួមសហការផ្តល់សេវាសុខាភិបាលចាំបាច់ផ្សេងៗ ក្នុងឱកាសដែលរាជរដ្ឋាភិបាលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ ក្នុងរយៈពេលដ៏ខ្លីខាងមុននេះ៕

ដោយ ថេត វិចិត្រ+ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner