រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អរគុណ JICA ដែលជួយគាំទ្រដល់ការលើកកម្ពស់សមត្ថភាព មន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ លើដំណើរការកំណែទម្រង់វិមជ្ឈការ និងវិជ្ឈការ នៅកម្ពុជា
ភ្នំពេញ ៖ ក្នុងឱកាសអនុញ្ញាតឱ្យ លោកស្រី KAMEI Haruko ប្រធាន JICA ចូលជួបសម្ដែងការគួរសម និងជម្រាបលា ខណៈលោកស្រីត្រូវបានបញ្ចប់អាណត្តិការងារ នៅកម្ពុជា កាលពីរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណចំពោះអង្គការ JICA ដែលបានជួយគាំទ្រដល់គម្រោងនានាជាច្រើននៅ កម្ពុជា។ សម្ដេច ក៏បានចាត់ទុកថា ការអភិវឌ្ឍដែលកម្ពុជាទទួលបានរហូតមកដល់បច្ចុប្បន្ននេះ គឺមានការរួមមួយផ្នែក ពីសំណាក់រដ្ឋាភិបាលជប៉ុន ក៏ដូចជាអង្គការ JICA ផងដែរ ហើយសង្ឃឹមជឿជាក់ថា JICA នឹងនៅតែបន្តគាំទ្រដល់គម្រោងនានា ដែលមានជាមួយ កម្ពុជា ក៏ដូចជាមួយក្រសួងមហាផ្ទៃ ។

លោកស្រី ប្រធាន JICA បានថ្លែងថា ឆ្នាំ២០២៣នេះ ជាឆ្នាំខួបនៃទំនាក់ទំនង៧០ឆ្នាំ នៃការបង្កើតចំណងការទូតរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ហើយក៏ជាខួបលើកទី៣០ឆ្នាំ នៃវត្តមានរបស់អង្គការ JICA ដែលបានបង្កើតការិយាល័យនៅកម្ពុជា ។ ក្នុងនោះលោកស្រីបន្តថា ព្រឹត្តិការណ៍ដ៏មានអត្ថន័យនាឆ្នាំនេះ ពិតជាអាចស្តែងឱ្យឃើញអំពីកិច្ចសហប្រតិបត្តិការដ៏ល្អជាច្រើនទសវត្សរ៍កន្លងមក រវាង JICA ជាមួយកម្ពុជា ។

ជាមួយគ្នានោះ លោកស្រីក៏បានវាយតម្លៃខ្ពស់ចំពោះការអនុវត្តគម្រោងនានា ជាមួយភាគីកម្ពុជា រួមទាំងក្រសួងមហាផ្ទៃ បើទោះបីជួបប្រទះនូវបញ្ហាប្រឈមដោយសារជំងឺកូវីដ១៩ ក៏ប៉ុន្តែនៅតែបន្តមានដំណើរការវិវឌ្ឍទៅមុខយ៉ាងល្អប្រសើរ។
ចំពោះគម្រោងជួយគាំទ្រដល់ការងារសុវត្ថិភាពផ្លូវថ្នល់ សម្ដេចក្រឡាហោម ក៏បានជម្រាបជូនលោកស្រីដែរថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងខិតខំដោះស្រាយដោយបង្កើតនូវយន្តការថ្នាក់ជាតិ និងអន្តរក្រសួងមួយហៅថា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយមានសម្ដេចផ្ទាល់ជាប្រធាន ក៏បានធ្វើកិច្ចការជាច្រើន រួមទាំងការងាររៀបចំច្បាប់គោលនយោបាយ ក៏ដូចជាការដាក់ចេញនូវវិធានការផ្សេងៗក្នុងការកាត់បន្ថយគ្រោះថ្នាក់ ៕


ដោយ-រ៉ាវុធ