តួនាទី ភារកិច្ច នៃមជ្ឈមណ្ឌលអន្តរជាតិ ពិតជាមានសារសំខាន់ លើកិច្ចការទំនាក់ទំនង អន្តរជាតិផ្លូវការ ជាមួយបណ្តាសាកលវិទ្យាល័យ និងស្ថាប័នបរទេស
ភ្នំពេញ៖ សិក្ខាកាម១៥រូប ជាប្រធាន អនុប្រធានអង្គភាព ប្រធាន អនុប្រធានការិយាល័យ នាយកមជ្ឈមណ្ឌល អនុប្រធានការិយាល័យរដ្ឋបាល នាយក នាយរងមជ្ឈមណ្ឌលបណ្តុះបណ្តាលគ្រូអប់រំកាយ និងកីឡា នៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាទទួលបានការបំពាក់បំប៉នពីអង្គការក្រៅរដ្ឋាភិបាលបេះដូងមាសរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ស្តីអំពីតួនាទីភារកិច្ចនៃមជ្ឈមណ្ឌលអន្តរជាតិ នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ។

លោកNISHIYAMA Naoki អគ្គលេខាធិការនៃអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស បានមានប្រសាសន៍ថា សិក្ខាសាលានេះចាប់ផ្តើមពីថ្ងៃនេះរហូតដល់ថ្ងៃសុក្រ ជាសិក្ខាសាលាដំបូងនៅក្នុងគម្រោងជំហានទី២ ដែលមានឈ្មោះថា “សិក្ខាសាលាស្តីអំពីតួនាទីភារកិច្ចរបស់មជ្ឈមណ្ឌលអន្តរជាតិ”។ ការបង្កើតមជ្ឈមណ្ឌលអន្តរជាតិ គឺជាផ្នែកទី២ នៃគម្រោងនេះ ហើយនឺងជួយសម្រួលដល់ការរក្សាបណ្តាញទំនាក់ទំនងជាមួយនឹងសាកលវិទ្យាល័យ និងស្ថាប័នបរទេសនានា។

ក្នុងរយៈពេលបីថ្ងៃ យើងនឹងបញ្ជាក់ពីមុខងារ និងតួនាទីរបស់មជ្ឈមណ្ឌលអន្តរជាតិ។ បន្ទាប់ពីសិក្ខាសាលានេះ សមាជិកក្នុងមជ្ឈមណ្ឌលអន្តរជាតិ នឹងយល់ពីកិច្ចការត្រូវធ្វើបន្ទាប់ដើម្បីគាំទ្រដល់ការអភិវឌ្ឍរបស់វិទ្យាស្ថាន។ យើងសង្ឃឹមថា សិក្ខាកាមទាំងអស់អាចចែករំលែកព័ត៌មាន គំនិតជាច្រើន សហការ ធ្វើការរួមគ្នា ដើម្បីចាត់ចែងគ្រប់គ្រងមជ្ឈមណ្ឌលអន្តរជាតិ ប្រកបដោយប្រសិទ្ធភាព។

លោកបណ្ឌិត អ៊ុក ឌីវ៉ង់ អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡា ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណដល់អង្គការក្រៅរដ្ឋាភិបាលបេះដូងមាសដែលបានផ្តួចផ្តើមឲ្យមានការិយាល័យ ឬក៏មជ្ឈមណ្ឌលទំនាក់ទំនងអន្តរជាតិនៅវិទ្យាស្ថានជាតិអប់រំកាយនេះ ព្រោះយើងត្រូវការជាចាំបាច់បំផុតការងារទំនាក់ទំនងជាមួយបណ្តាប្រទេសនានា សម្រាប់ពេលខាងមុខនៅពេលដែលវិវឌ្ឍខ្លួនទៅជាគ្រឹះស្ថានឧត្តមសិក្សា។
លោកបណ្ឌិតបានជំរុញឲ្យសិក្ខាកាមទាំងអស់ខិតខំយកចិត្តទុកដាក់ទទួលយកចំណេះដឹងតាមរយៈការបណ្តុះបណ្តាលពីអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស ដើម្បីបង្កើនចំណេះដឹងពាក់ព័ន្ធនឹងតួនាទីភារកិច្ចនៃមជ្ឈមណ្ឌលអន្តរជាតិ ដែលមានកិច្ចការសំខាន់ៗជាច្រើនលើកិច្ចការទំនាក់ទំនងជាលក្ខណៈអន្តរជាតិផ្លូវការជាមួយបណ្តាសាកលវិទ្យាល័យ និងស្ថាប័នបរទេសនានា ដើម្បីបង្កើនកិច្ចសហការ និងការផ្លាស់ប្តូរបទពិសោធន៍ធនធានមនុស្ស និងកិច្ចការងារដែលជាប្រយោជន៍ដល់ជាតិផងដែរ ។

សូមបញ្ជាក់ថា សិក្ខាសាលាអំពីតួនាទីភារកិច្ចនៃមជ្ឈមណ្ឌលអន្តរជាតិ ដែលរៀបចំដោយអង្គការក្រៅរដ្ឋាភិបាលបេះដូងមាសនេះ ជាសកម្មភាពមួយនៅក្នុងគម្រោងជំហានទី២”តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ (ICT) រដ្ឋបាលចាត់ចែងបណ្ណាល័យ មជ្ឈមណ្ឌលអន្តរជាតិ ការវាយតម្លៃផ្ទៃក្នុង ការអភិវឌ្ឍគ្រូបង្រៀន ការគ្រប់គ្រងគរុនិស្សិត ការជួយជ្រោមជ្រែងអតីតគរុនិស្សិត និងប្រពន្ធ័គ្រប់គ្រងសន្តិសុខ ជាដើន ៕ ជាវ ចន្ធូ