លទ្ធផលជំរឿនសត្វត្មាត ២០២២៖ ចំនួនសត្វត្មាតក្នុងព្រៃធម្មជាតិកម្ពុជាមានចំនួនកើនឡើង
ភ្នំពេញ៖ យោងតាមលទ្ធផលជំរឿនបានបង្ហាញថា ស្ថានភាពសត្វត្មាតកម្ពុជាក្នុងឆ្នាំ២០២២ កន្លងទៅកាន់តែមានសញ្ញាណវិជ្ជមាន ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា ប៉ុន្តែចាំបាច់ទាមទារនូវការបង្កើនការយកចិត្តទុកដាក់ពីគ្រប់ភាគីក្នុងការការពារនិងអភិរក្សសត្វកម្រនេះបន្ថែមទៀត។ នេះគឺជាការថ្លែងឱ្យដឹងពីសំណាក់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន។
បញ្ជាក់ប្រាប់នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នេះឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងថា នៅឆ្នាំ ២០២២ ជំរឿនបានបង្ហាញលទ្ធផលថា កម្ពុជាមានសត្វត្មាតទាំង ៣ ប្រភេទសរុបចំនួន ១៣៤ ក្បាល ក្នុងនោះរួមមានត្មាតផេះ ៧១ក្បាល ត្មាតត្នោត ៤៤ក្បាលនិងត្មាតភ្លើងចំនួន ១៩ក្បាល។ ចំនួនសត្វត្មាត មានការកើនឡើងចំនួន ១៣ ក្បាលបើប្រៀបធៀបនឹងឆ្នាំ២០២១ ដែលមានចំនួន ១២១ក្បាល។ លទ្ធផល ជំរឿនសត្វត្មាតថ្នាក់ជាតិឆ្នាំ២០២១ បានបង្ហាញថា សត្វត្មាត មានចំនួន សរុបចំនួន ១២១ក្បាល ក្នុងនោះ មាន ត្មាតភ្លើង ២០ក្បាល ត្មាតផេះ ៦៦ក្បាល និងត្មាតត្នោត ៣៥ ក្បាល ។

សមាជិកស្នូលនៃក្រុមអភិរក្សសត្វត្មាតកម្ពុជា (CVWG) រួមមានក្រសួងបរិស្ថាន (MoE) ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ(MAFF) មជ្ឈមណ្ឌលអង្គរសម្រាប់អភិរក្សជីវៈចម្រុះ (ACCB) អង្គការជីវិតធម្មជាតិនៅកម្ពុជា (BirdLife in Cambodia) អង្គការសមាគមអភិរក្សសត្វព្រៃ(WCS) អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ (WWF) ក្រុមហ៊ុនRising Phoenix និងសមាជិកសាមញ្ញរួមមាន សមាគមមគ្គុទ្ទេសក៍បក្សីកម្ពុជា(CBGA) សំ វាសនា ខន់សឺវេសិនធួរ (SVC) និងមជ្ឈមណ្ឌលអភិរក្សជីវៈចម្រុះ (CBC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងដៃគូពាក់ព័ន្ធបានធ្វើការងារលើការអភិរក្សសត្វត្មាតនៅកម្ពុជា។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា នេះគឺជាដំណឹងដ៏ល្អ សម្រាប់ក្រុមអ្នកអភិរក្ស និងសម្រាប់ជីវៈចម្រុះនៅប្រទេសកម្ពុជា និងនៅលើពិភពលោក។ ឯកឧត្តមមានប្រសាសន៍ថា ៖«ក្នុងនាមក្រសួងបរិស្ថាន សូមកោតសរសើរចំពោះក្រុមការងារស្រាវជ្រាវនៃក្រសួងបរិស្ថាន និងអង្គការដៃគូទាំងអស់នៃក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា ក៏ដូចជាមន្ត្រីឧទ្យានុរក្សទាំងអស់ ដែលកំពុងបំពេញភារៈកិច្ចរបស់ខ្លួននៅតាមតំបន់ការពារធម្មជាតិនានា ដើម្បីការពារនិងអភិរក្សទីជម្រកធម្មជាតិនៃដែនជម្រកសត្វព្រៃដែលមានវត្តមានសត្វត្មាត ពោលគឺបាននិងកំពុងធ្វើឱ្យតំបន់ធម្មជាតិនេះមានសុវត្ថិភាពកាន់តែខ្លាំងឡើងថែមទៀតសម្រាប់សត្វត្មាត និងសត្វព្រៃទាំងអស់ ដោយខិតខំប្រឹងប្រែងការពារព្រៃឈើជាទីជម្រក អាហារ និងប្រភពទឹកសម្រាប់សត្វព្រៃ និងជីវៈចម្រុះគ្រប់ប្រភេទ។

ឯកឧត្តម នេត្រ ភក្ត្រា បានអំពាវនាវថា៖«សូមស្នើគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួម ការពារ និងអភិរក្សសត្វត្មាតដែលជាប្រភេទសត្វកម្រនេះបន្ថែមទៀត ដោយចូលរួមការពារទីជម្រក លុបបំបាត់ការបំពុលនានា បញ្ឈប់ការដាក់អន្ទាក់ និងការបរបាញ់ និងបញ្ឈប់សកម្មភាពរំខានដោយមនុស្សផ្សេងៗទៀត ដើម្បីផលប្រយោជន៍ដល់ប្រព័ន្ធអេកូឡូស៊ី ភាពសម្បូរបែបនៃជីវៈចម្រុះ និង រក្សាបានកេរតំណែលធម្មជាតិសម្រាប់មនុស្សជំនាន់ក្រោយៗបន្តទៀត» ៕ ដោយ៖ម៉ាដេប៉ូ