សម្ដេចតេជោ ហ៊ុន សែន ស្វាគមន៍ចំពោះការផ្តល់ជំនួយជាង១០០លានដុល្លារ របស់សហភាពអឺរ៉ុបក្នុងការគាំទ្រវិស័យជលផលនៅកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាស ស្វាគមន៍ចំពោះសហភាពអឺរ៉ុប ដែលផ្តល់ជំនួយជាង១០០លានដុល្លារអាម៉េរិក សម្រាប់គាំទ្រវិស័យជលផល នៅកម្ពុជា ហើយជំនួយនេះ នឹងប្រកាសនៅថ្ងៃពុធសប្តាហ៍នេះ។ ការប្រកាសស្វាគមន៍នេះ បានធ្វើឡើងក្នុង ឱកាសដែលម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម ចច អេដហ្គា (George EDGAR) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ដែលចប់អាណត្តិចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ។

បើតាមឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បញ្ជាក់ប្រាប់អ្នកព័ត៌មាននៅក្រោយជំនួប បានឱ្យដឹងថា ឯកឧត្តម ចច អេដហ្គា បានលើកឡើងពីកិច្ចការមួយចំនួនដែលឯកឧត្តមចាត់ទុកជាសមិទ្ធផល សំខាន់ៗ ក្នុងបេសកកម្មការងាររយៈពេល៤ឆ្នាំនៅកម្ពុជា។ ឯកឧត្តម ចច អេដហ្គា ដែលធ្លាប់ធ្វើជាឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា កាលពីពេលកន្លងទៅផងដែរនោះ បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងខ្លាំងរបស់ប្រទេសកម្ពុជា។

ឯកឧត្តម ចច អេដហ្គា ក៏បានបញ្ជាក់អំពីការងារសំខាន់ៗ ដែលសហភាពអឺរ៉ុប បានយកចិត្តទុកដាក់ និងជំរុញសម្រាប់រួមចំណែកអភិវឌ្ឍន៍នៅកម្ពុជា ជាពិសេស លើវិស័យកសិកម្ម ដែលផ្តល់អត្ថប្រយោជន៍ ច្រើនដល់ ប្រជាជន និងប្រទេសកម្ពុជា។ ឯកឧត្តម ឯកអគ្គរដ្ឋទូតចប់អាណត្តិរូបនេះ បានបញ្ជាក់ថា នៅថ្ងៃពុធសប្តាហ៍នេះ សហភាពអឺរ៉ុប នឹងប្រកាសផ្តល់ជំនួយជាង១០០លានដុល្លារអាម៉េរិក សម្រាប់វិស័យជលផល។

សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះជំនួយនេះ ព្រោះរាជរដ្ឋាភិបាលក៏កំពុងយកចិត្តទុកដាក់ ខ្ពស់ទៅការងារជលផលនេះផងដែរ។ ជាក់ស្តែងកាលពីឆ្នាំ២០១២ រាជរដ្ឋាភិបាល បានសម្រេចលុប ចោល ឡូតិ៍នេសាទ ហើយផ្ដល់ឲ្យសហគមន៍ប្រជាពលរដ្ឋ។ ក្នុងជំនួបនេះ ឯកឧត្តម ចច អេដហ្គា បានគូសបញ្ជាក់អំពីការជួយទៅដល់វិស័យបម្រែបម្រួលអាកាសធាតុ ដែលកម្ពុជាជាប្រទេសមួយនៅតំបន់អាស៊ី-អាគ្នេយ៍ ដែលងាយរងគ្រោះ ដោយបម្រែបម្រួលអាកាសធាតុ ដែលជាបញ្ហាពិភពលោក។ មិនតែប៉ុណ្ណោះសហភាពអឺរ៉ុប នឹងបន្តជួយលើវិស័យព្រៃឈើ ដែលបច្ចុប្បន្នជាការងារអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រឆាំងការកាប់បំផ្លាញព្រៃឈើខុសច្បាប់។

ឯកអគ្គរដ្ឋទូតចប់អាណត្តិរបស់សហភាពអឺរ៉ុប បានលើកឡើងថា សហភាពអឺរ៉ុប ក៏បានធ្វើវិភាគទានដ៏ថ្លៃថ្លា ទៅដល់តុលាការខ្មែរក្រហម ដែលជាតុលាការកូនកាត់ឲ្យទទួលបានជោគជ័យ។ ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី អរគុណចំពោះសហភាពអឺរ៉ុប ដែលបានជួយវិភាគទាន ក្នុងការស្វែងរកយុត្តិធម៌ ចំពោះប្រជាពលរដ្ឋកម្ពុជា។ ជាពិសេស មិនត្រឹមតែប្រជាពលរដ្ឋ ដែលបាត់បង់អាយុជីវិត ប៉ុណ្ណោះទេ ថែមទាំងជួយដល់ប្រជាពលរដ្ឋរងគ្រោះ ដែលបានឆ្លងកាត់របបប្រល័យពូជសាសន៍មួយ នេះ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner