កម្ពុជា-វៀតណាម ប្តេជ្ញាប្រឹងប្រែងរួមគ្នាពង្រីកទំហំពាណិជ្ជកម្ម និងរួមគ្នាដោះស្រាយ បញ្ហាព្រំដែន
ក្នុងជំនួបពិភាក្សារវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម ង្វៀន វ៉ាន់ណេន លេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី១៩ សីហា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ង្វៀន វ៉ាន់ណេន បានប្តេជ្ញាប្រឹងប្រែងរួមគ្នាជំរុញទំហំពាណិជ្ជកម្មកម្ពុជានិងវៀតណាម ឱ្យកាន់តែធំធាត់បន្ថែម ទៀត។ សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ង្វៀន វ៉ាន់ណេន ក៏បានប្តេជ្ញាប្រឹងប្រែងរួមគ្នាដោះស្រាយ បញ្ហា ព្រំដែននៅសេសសល់នាពេលបច្ចុប្បន្ន ឱ្យបានរួចរាល់ផងដែរ។
បើតាមឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឲ្យដឹងថា សម្តេចតេជោ និងឯកឧត្តម ង្វៀន វ៉ាន់ណេន បានពិភាក្សាគ្នាពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម ព្រមទាំងបានផ្លាស់ប្ដូរមតិជុំវិញអំពីសភាពការណ៍នៅវៀតណាម និងក្នុងប្រទេសកម្ពុជា។ លេខាមជ្ឈិមបក្ស កុម្មុយនីស្តវៀតណាម បានបង្ហាញភាពរីករាយ ដែលបានឃើញពីការរីកចម្រើនរបស់កម្ពុជា ជាពិសេស ក្នុងរយៈពេលចុងក្រោយនេះ។ ឯកឧត្តមបានថ្លែងថា ឯកឧត្តមពិតជារីករាយនូវអ្វីដែលកម្ពុជា ទទួលបាន ហើយវៀតណាម នឹងបន្តពង្រឹងទំនាក់ទំនងក្នុងន័យបន្តរក្សាស្ថេរភាព សន្តិភាព និងការអភិវឌ្ឍ រួមទាំងការអភិវឌ្ឍព្រំដែនប្រទេសទាំងពីរ។
ក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ទំនាក់ទំនងកម្ពុជា-វៀតណាម មិនត្រឹមតែវិស័យការទូតប៉ុណ្ណោះទេ គឺគ្រប់វិស័យទាំងអស់។ សម្តេចតេជោ ក៏បានលើកបង្ហាញពីការធ្វើកំណែទម្រង់របស់កម្ពុជាក្នុងពេលបច្ចុប្បន្ន និងពេលអនាគតផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជា នឹងខិតខំធ្វើយ៉ាងណាពង្រីកទំនាក់ទំនង ក៏ដូចជា កិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ។ ជាពិសេសលើទំហំពាណិជ្ជកម្ម ដែលមានជាង៥ពាន់លានដុល្លារនេះ និងខិតខំធ្វើយ៉ាងណាដោះស្រាយបញ្ហាព្រំដែនប្រទេសទាំងពីរឱ្យបានឆាប់រួចរាល់៕ធ.ដ