កម្ពុជា-ជប៉ុន ចុះហត្ថលេខាលើការជំរុញការយល់ដឹងផ្នែកកម្មសិទ្ធិបញ្ញានៅកម្ពុជា
ភ្នំពេញ៖កម្ពុជា-ជប៉ុន តាមរយៈក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងអង្គភាពប្រកាសនីយបត្រតក្កកម្ម នៃប្រទេសជប៉ុន (JPO ) និងវិទ្យាស្ថានវិទ្យាស្ថានស្រាវជ្រាវ សេដ្ឋកិច្ច នៃអាស៊ាន និងអាស៊ីបូព៌ា (ERIA) នៃប្រទេសជប៉ុន បានចុះហត្ថលេខាស្តីពីកម្មសិទ្ធិបញ្ញាសម្រាប់នវានុវត្តន៍ ដើម្បីជំរុញការយល់ដឹង និងចំណេះជំនាញផ្នែកកម្មសិទ្ធិបញ្ញានៅកម្ពុជា ។

ពិធីចុះហត្ថលេខាខាងលើនេះធ្វើឡើងរវាងឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយលោក ហាម៉ាណូ កូអ៊ីជី( HAMANO Koichi) ស្នងការនៃអង្គភាពប្រកាសនីយបត្រតក្កកម្មនៃប្រទេសជប៉ុននិងលោក ហ៊ីដេតូស៊ី នីស៊ីមូរ៉ា( Hidetoshi Nishimura) ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច នៃអាស៊ាន និងអាស៊ីបូព៌ា ជប៉ុនកាលពីថ្ងៃទី៣០ខែមីនា ឆ្នាំ ២០២៣ ។ ក្រសួងឧស្សាហកម្មនៅថ្ងៃទី ៣១ខែមីនា បានឱ្យដឹងថា ភាគីទាំងបី បានសម្ដែងនូវអបអរសាទរ ចំពោះសមិទ្ធផលលេចចេញនៅពេលនេះដែលជាការចុះហត្ថលេខាដ៏មានសារ: សំខាន់ក្នុងលក្ខណ:ត្រីភាគី សម្រាប់ លើកកម្ពស់វិស័យកម្មសិទ្ធិបញ្ញា និងការបណ្តុះបណ្តាលបច្ចេកទេសទាំងផ្នែករដ្ឋ និងឯកជន

ដើម្បីជំរុញ ការយល់ដឹង និងចំណេះជំនាញផ្នែកកម្មសិទ្ធិបញ្ញា នៅកម្ពុជា ។ ក្រសួងបន្តថា នៅក្នុងអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការនេះ ក្រសួង អង្គភាព JPO និងវិទ្យាស្ថាន ERIA ជប៉ុនបានព្រមព្រៀងគ្នាក្នុងការផ្តល់ការគាំទ្រផ្នែកបច្ចេកទេស ដែលរួមមានការស្រាវជ្រាវលើវិ
ស័យកម្មសិទ្ធិបញ្ញា ការប្រព្រឹត្តិកម្មរួមគ្នានៃព្រឹត្តិការណ៍បច្ចេកទេសដូចជា សិក្ខាសាលា ការបង្រៀន និងសិក្ខាសាលា ការចែករំលែកចំណេះដឹង និងការលើកកម្ពស់ការផ្ទេរបច្ចេកវិទ្យា។ ការផ្សព្វផ្សាយសមិទ្ធផលនៃការស្រាវជ្រាវ ការសម្របសម្រួលនៃការផ្លាស់ប្តូរទស្សនកិច្ច ការផ្លាស់ប្តូរព័ត៌មាន និងការអនុវត្តល្អបំផុតលើគោល នយោបាយ ច្បាប់

និងបទប្បញ្ញត្តិទាក់ទងនឹងសិទ្ធិកម្មសិទ្ធិបញ្ញា និងទម្រង់ផ្សេងទៀតនៃកិច្ចសហប្រតិបត្តិការដែលបានព្រមព្រៀងគ្នាទៅវិញទៅមកក្នុងវិស័យកម្មសិទ្ធិបញ្ញា។

ពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្តម ចម ប្រសិទ្ធ បានលើកទឹកចិត្តបុគ្គលិកបច្ចេកទេសកម្ពុជាឱ្យបន្តពិភាក្សាក្នុងកិច្ចសហប្រតិបត្តិការសម្រាប់ការអនុវត្តគម្រោងនេះ និងបង្កើតសកម្មភាពបន្ថែមទៀត និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាង MISTI និង JPO និង ERIA ។ ជាមួយគ្នានេះ ឯកឧត្តមលើកឡើងថា ក្រៅពីកិច្ចសហប្រតិបត្តិការរបស់យើងជាមួយការិយាល័យប្រកាស

នីយបត្រតក្កកម្មជប៉ុន (JPO) ក្រសួងក៏បានធ្វើកិច្ចសហប្រតិបត្តិការលើវិស័យកម្មសិទ្ធិបញ្ញា( IP )ជាមួយការិយាល័យ IP សំខាន់ៗមួយចំនួននៅលើពិភពលោក ដូចជាការិយាល័យកម្មសិទ្ធិបញ្ញានៃប្រទេសសិង្ហបុរី (IPOS) -ការិយាល័យប្រកាសនីយបត្រតក្កកម្មអឺរ៉ុប(EPO) រដ្ឋបាលកម្មសិទ្ធិបញ្ញាជាតិចិន (CNIPA) ការិយាល័យកម្មសិទ្ធិបញ្ញាកូរ៉េ (KIPO) និងការិយាល័យប្រកាសនីយបត្រតក្កកម្ម និងពាណិជ្ជសញ្ញារបស់សហរដ្ឋអាមេរិក (USPTO) ជាដើម ៕
ដោយ៖ យុត្ថារ៉ូ