រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អំពាវនាវដល់ម្ចាស់អាជីវកម្ម ឧស្សាហកម្ម និងសិប្បកម្មក្នុងក្រុង ចូលរួមសន្សំសំចៃទឹកប្រើប្រាស់ដើម្បីចែករំលែកដល់ពលរដ្ឋខ្វះទឹកនៅជាយក្រុង

ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ម្សិលមិញ បានបញ្ជាក់ថា តាមស្ថានភាពនៃការផ្គត់ផ្គង់ទឹកស្អាតនៅទូទាំងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នារដូវប្រាំងឆ្នាំ២០២៣នេះ មានសភាពខ្វះខាតខ្លាំងបណ្តាលឱ្យតំបន់ជាយក្រុងមួយចំនួនក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ពុំទទួលបានទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ។

ដើម្បីដោះស្រាយបញ្ហាកង្វះទឹកស្អាតនេះ មុនពេលដែលរោងចក្រផលិតទឹកស្អាតថ្មី ដាក់ឱ្យដំណើរការនៅដើមខែឧសភា ខាងមុខ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សូមអតិថិជនឧស្សាហកម្ម និងសិប្បកម្មទាំងអស់ចូលរួមសន្សំសំចៃទឹក ក្នុងន័យចែករំលែកទឹកស្អាតដល់ប្រជាពលរដ្ឋរស់នៅខណ្ឌ សង្កាត់ ជាយរាជធានីភ្នំពេញ ដែលកំពុងខ្វះខាតទឹកប្រើប្រាស់ ឲ្យស្របតាមគោលនយោបាយ «ទឹកស្អាតសម្រាប់ទាំងអស់គ្នា» របស់រាជរដ្ឋាភិបាល តាមរយៈ៖

១. ជួយសន្សំសំចៃទឹក ដោយការកាត់បន្ថយការប្រើប្រាស់ទឹកប្រចាំថ្ងៃ

២. ផ្អាកការប្រើប្រាស់ទឹកដោយផ្ទាល់ពីបណ្ដាញទឹករដ្ឋនិងជំនួសវិញដោយត្រូវបើកទឹកបញ្ចូលក្នុងអាងស្តុកទុក ឬស៊ីទែន មុននឹងបន្តការប្រើប្រាស់

៣. ចៀសវាងការប្រើម៉ូទ័របូមទឹកផ្ទាល់ពីបណ្ដាញទឹក ដែលជាហេតុបណ្តាលឱ្យធ្លាក់សម្ពាធទឹក ក្នុងបណ្តាញចែកចាយ មិនអាចបញ្ជូនទឹកទៅតំបន់ជាយក្រុងបាន

៤. ពិនិត្យលទ្ធភាពផ្លាស់ប្តូរ ឬកែសម្រួលពេលវេលាផលិតកម្ម ឬការប្រើប្រាស់ទឹកក្នុងម៉ោងដែលកំពុងមានតម្រូវការគំហុក

៥. ចំពោះទីតាំងលាងរថយន្ត ត្រូវកាត់បន្ថយការប្រើប្រាស់ទឹក និងសូមម្ចាស់យានយន្តកាត់បន្ថយ ឬផ្អាកការលាងរថយន្តសម្រាប់ខែមីនា និងខែមេសា ឆ្នាំ២០២៣នេះ៕ដោយ ៖ ភារ៉ា និងប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner