ក្រសួងសាធារណការ ជំរុញការប្រើប្រាស់សេវាធានារ៉ាប់រងលើយានយន្តដឹកជញ្ជូនឱ្យកាន់តែមានភាពល្អប្រសើរ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការធានារ៉ាប់រងយានយន្តដឹកជញ្ជូនអ្នកដំណើរ និងទំនិញ ដើម្បីបញ្ជ្រាបការយល់ដឹង និងជំរុញការប្រើប្រាស់សេវាធានារ៉ាប់រងចំពោះយានយន្តដឹកជញ្ជូនឱ្យកាន់តែមានភាពល្អប្រសើរនៅកម្ពុជា។ឯកឧត្តម ពៅ ម៉ាលី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយពីកាតព្វកិច្ចធានារ៉ាប់រងលើយានយន្តដឹកជញ្ជូនអ្នកដំណើរ និងទំនិញនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងពិភាក្សាស្វែងយល់អំពីអត្ថប្រយោជន៍ ក៏ដូចជាដំណោះស្រាយលើបញ្ហាដែលបានជួបប្រទះរបស់អ្នកប្រើប្រាស់ និងអ្នកផ្តល់សេវាធានារ៉ាប់រងលើរថយន្តធ្វើអាជីវកម្មដឹកជញ្ជូនកន្លងមក។ សិក្ខាសាលានេះក៏ ដើម្បីប្រមូលជាធាតុចូលសម្រាប់ក្រុមការងារអន្តរក្រសួង ឬផ្នែកពាក់ព័ន្ធពិនិត្យ និងពិភាក្សាឱ្យការអនុវត្តឱ្យបានល្អប្រសើរ មានតម្លាភាព និងមានអភិបាលកិច្ចល្អ។

ឯកឧត្តមរដ្ឋលេខាធិការគូសបញ្ជាក់ថា ក្រសួងគាំទ្រលើការអនុវត្តច្បាប់ស្តីពីការធានារ៉ាប់រងលើយានយន្តដឹកជញ្ជូនអ្នកដំណើរ និងទំនិញ ហើយក្រសួងក៏បានជំរុញ និងផ្សព្វផ្សាយដល់ប្រតិបត្តិករដឹកជញ្ជូនតាមរយៈការចេញសារាចរណែនាំស្តីពីការអនុវត្តកាតព្វកិច្ចធានារ៉ាប់រងភារកិច្ចទទួលខុសត្រូវយានយន្ត ឬធានារ៉ាប់រងតតិយជន និងកាតព្វកិច្ចធានារ៉ាប់រងការដឹកជញ្ជូនអ្នកដំណើរ។ ឯកឧត្តមបានបន្តទៀតថា ដើម្បីឱ្យការធានារ៉ាប់រងយានយន្តដឹកជញ្ជូនអ្នកដំណើរ និងទំនិញ អនុវត្តបានកាន់តែមានប្រសិទ្ធភាព  ក្រសួងសង្ឃឹមថាកម្មវិធីសិក្ខាសាលាថ្ងៃនេះនឹងបានបញ្ជ្រាបការយល់ដឹង និងមានកិច្ចសហការយ៉ាងស្អិតរមួត និងសកម្មពីគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់

ដើម្បីឱ្យការប្រើប្រាស់សេវាធានារ៉ាប់រងយានយន្តដឹកជញ្ជូនអ្នកដំណើរ និងទំនិញកាន់តែមានភាពល្អប្រសើរ។

លោក ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានប្រាប់ឱ្យដឹងថា ការប្រើប្រាស់នាសេវារ៉ាប់រងយានយន្តដឹកជញ្ជូននេះ គឺមានសារៈសំខាន់ខ្លាំងណាស់ ដោយហានិភ័យមួយចំនួនត្រូវបានកាត់បន្ថយ តាមរយៈការធានារ៉ាប់រងនេះ។

លោកបញ្ជាក់ថា ការប្រើប្រាស់នាសេវារ៉ាប់រងយានយន្តដឹកជញ្ជូននេះ នៅតាមបណ្តាប្រទេសអភិវឌ្ឍមួយចំនួន គេបានអនុវត្តយូរមកហើយ ហើយសេវាធានារ៉ាប់ បានក្លាយជាសេវាចាំបាច់មួយ ដែលតម្រូវឱ្យមានគ្រប់មធ្យោបាយទាំងអស់ ដែលនេះជាការផ្តល់ទំនុកចិត្តបន្ថែមដល់អតិថិជន។

យោងតាមរបាយការណ៍ពី និយ័តករធានារ៉ាប់រងកម្ពុជា នាពេលបច្ចុប្បន្ន មានចំនួនក្រុមហ៊ុនធានារ៉ាប់រងនៅកម្ពុជា បានកើនដល់ ៤០ក្រុមហ៊ុន ក្នុងនោះមានក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន ១៨ក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិតចំនួន ១៤ក្រុមហ៊ុន ធានារ៉ាប់រងខ្នាតតូចចំនួនប្រាំពីរនិងក្រុមហ៊ុនធានារ៉ាប់រងបន្តចំនួនមួយដែលកំពុងធ្វើប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ហើយមានទ្រព្យសកម្មសរុបប្រមាណ ៩៧៦ លានដុល្លារអាមេរិក និងមូលនិធិភាគហ៊ុនិកប្រមាណ ៤១៧ លានដុល្លារ៕

ដោយ៖វណ្ណ សុជាត

ads banner