រុស្ស៊ី ​អនុម័ត​យុទ្ធសាស្ត្រថ្មី​មួយសំដៅដល់ការកាត់បន្ថយឥទ្ធិពលរបស់លោកខាងលិច

មូស្គូ៖ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ បានចុះហត្ថលេខាលើឯកសារស្ដីពីគោលនយោបាយការបរទេសដែលជាយុទ្ធសាស្ត្រថ្មីមួយសំដៅដល់ការកាត់បន្ថយឥទ្ធិពលរបស់លោកខាងលិច និងបញ្ជាក់កាន់តែច្បាស់បន្ថែមទៀតថាប្រទេសចិន និងឥណ្ឌា គឺជាដៃគូរបស់រុស្ស៊ីដ៏សំខាន់សម្រាប់ថ្ងៃអនាគត។​ ឯកសារ​គោលនយោបាយថ្មី​នេះ​បានគូសបញ្ជាក់​ពី​ការ​ប្រេះឆាទំនាក់ទំនងកាន់តែខ្លាំង និងបង្កជាសង្រ្គាម​ត្រជាក់​ម្ដងទៀតវាង​រុស្ស៊ី ​និង​លោកខាងលិច ​ជុំវិញបញ្ហាការឈ្លានពានរបស់ក្រុង​ម៉ូស្គូ ​ទៅលើទឹកដី​អ៊ុយក្រែន។ ឯកសារយុទ្ធសាស្ត្រខាងលើក៏បានបញ្ជាក់យ៉ាងច្បាស់ៗថា «សហព័ន្ធរុស្ស៊ីនឹងផ្តល់អាទិភាពដល់ការលុបបំបាត់ការត្រួតត្រា និងឥទ្ធិពលរបស់សហរដ្ឋអាមេរិក

និងប្រទេសអមិត្តផ្សេងទៀតនៅក្នុងនយោបាយពិភពលោក»។ ពាក្យថា «ប្រទេសអមិត្ត» គឺជាពាក្យដែលរុស្ស៊ីចង់សំដៅទៅលើប្រទេសជាច្រើនដែលស្ថិតនៅទ្វីបអឺរ៉ុប និងអាមេរិកខាងជើង ដែលបានថ្កោលទោសប្រតិបត្តិការយោធារបស់ទីក្រុងម៉ូស្គូនៅអ៊ុយក្រែន និងជាប្រទេសដែលបានអនុម័តដាក់ទណ្ឌកម្មទៅលើខ្លួន។

គួរដឹងដែរថា ឯកសារគោលនយោបាយថ្មីនេះមានកម្រាស់ ៤២ ទំព័រ ​ហើយត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័ររបស់វិមានក្រឹមឡាំង។ ក្នុងចំណោមគោលនយោបាយទាំងអស់នោះ ប្រទេសរុស្ស៊ីបានលើកឡើងថា ខ្លួននឹងបង្កើតលក្ខខណ្ឌសម្រាប់រដ្ឋទាំងអស់ នោះគឺការបដិសេធចំពោះអាណានិគមនិយម និងចំពោះប្រទេសណាដែលចង់ពង្រីកអនុត្តរភាព។ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ លោកពូទីន បានប្រកាសដោយលើកឡើងអំពីឯកសារនេះថា

«ការធ្វើបច្ចុប្បន្នភាពចំពោះយុទ្ធសាស្ត្ររបស់រុស្ស៊ីក្នុងការប្រាស្រ័យទាក់ទងជាមួយពិភពលោក គឺចាំបាច់ខ្លាំងណាស់ ដោយសារតែបរិបទនយោបាយនៅលើពិភពលោកមានការផ្លាស់ប្ដូរខ្លាំង»។ យុទ្ធសាស្ត្រខាងលើក៏បានឆ្លុះបញ្ចាំងពីជំហរប្រឆាំងលោកខាងលិចកាន់តែខ្លាំងឡើងពីសំណាក់មេដឹកនាំរុស្ស៊ី ខណៈដែលត្រូវប្រឈមមុខនឹងការដាក់ទណ្ឌកម្ម និងជំនួយយោធារបស់លោកខាងលិចទៅកាន់អ៊ុយក្រែន។

គួរកត់សម្គាល់ថា រុស្ស៊ីបានក្លាយជាប្រទេសឯកោកាន់តែខ្លាំងឡើងនៅលើឆាកអន្តរជាតិ ហើយតែងតែបានស្វែងរកការបង្កើតទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ចជាមួយបណ្តាប្រទេសក្នុងទ្វីបអាហ្រ្វិក និងអាស៊ី ដូចជាចិន និងឥណ្ឌាដែលជាប្រទេសប្រកាន់ជំហរអព្យាក្រឹតចំពោះការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន។ នៅក្នុងយុទ្ធសាស្ត្រថ្មីនេះផងដែរ រុស្ស៊ីបានគូសបញ្ជាក់ពីទំនាក់ទំនងជាមួយចិន និងឥណ្ឌា ដោយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរឹតចំណងទំនាក់ទំនង

និងកិច្ចសហប្រតិបត្តិការរវាងប្រទេសមហាអំណាចទាំងបី ដែលស្ថិតនៅគ្របដណ្ដប់លើទ្វីបអាស៊ី និងទ្វីបអឺរ៉ុប ឬហៅម៉្យាងទៀតថា អឺរ៉ាស៊ី។ ជាក់ស្ដែង ថ្មីៗ​នេះ លោក ពូទីន បាន​លើកឡើងអំពី​ទំនាក់ទំនង​ជា​ពិសេស​ជាមួយ​ប្រទេស​ចិន ក្នុង​អំឡុង​ពេល​ដែលលោក​ប្រធានាធិបតី ស៊ី ជីនភីង (Xi Jinping) ទៅបំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ម៉ូស្គូ​កាល​ពី​ដើម​ខែមីនាឆ្នាំ២០២៣​។

បន្ថែមលើនេះ ទីក្រុងម៉ូស្គូបានបង្កើនការផ្គត់ផ្គង់ថាមពលរបស់ខ្លួនទៅកាន់ប្រទេសចិន និងឥណ្ឌា បន្ទាប់ពីត្រូវបានកាត់ផ្តាច់ពីទីផ្សារអឺរ៉ុបស្ទើរតែទាំងស្រុង។

យុទ្ធសាស្ត្រខាងលើនេះ ក៏បានគូសបញ្ជាក់ផងដែរថា «ប្រទេសរុស្ស៊ីនឹងការពារតម្លៃនៃសីលធម៌ ប្រពៃណី ហើយប្រឆាំងនឹងអំពើអមនុស្សធម៌ និងអាកប្បកិរិយាមនោគមវិជ្ជាបែបសេរីនិយមផ្សេងទៀត»៕

ប្រែសម្រួលដោយ៖ ធា សុណា

ads banner