កូរ៉េខាងត្បូង ក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេ លំដាប់ទី១៤ របស់កម្ពុជា នៅក្នុងឆ្នាំ២០២២

អត្ថបទដោយ៖
CPA

ភ្នំពេញ៖យោងតាមការចេញផ្សាយរបស់វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម  និងស្រាវជ្រាវ (TTRI) នៃក្រសួងពាណិជ្ជកម្ម  ដែលបានបោះពុម្ពផ្សាយព្រឹត្តិបត្រស្រាវជ្រាវអេឡិចត្រូនិក (iTrade Bulletin) វ៉ុលទី៣លេខទី៣(ជាភាសាខ្មែរ និងអង់គ្លេស) សម្រាប់ខែមីនា ឆ្នាំ២០២៣ បានបង្ហាញថា សាធារណរដ្ឋកូរ៉េ បានក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេទី១៤ របស់កម្ពុជា នៅក្នុងឆ្នាំ២០២២ ។ ព្រឹត្តិបត្រខាងលើបានបញ្ជាក់ទៀតថា នៅក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីសរុបរបស់​ប្រទេសទាំងពីរ សម្រេចបាន ៧៧៩លានដុល្លារ កើនឡើង០,៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលមានទឹកប្រាក់ ៧៧៤លានដុល្លារ។ នៅក្នុងនោះឆ្នាំ២០២២ កម្ពុជា នាំចេញទៅកូរ៉េ សម្រេចបាន ២៣៤ លានដុល្លារ កើនឡើងជាង២០ភាគរយ ប្រៀបធៀបឆ្នាំ២០២១មានទឹកប្រាក់ ១៩៤ លានដុល្លារ ខណៈកម្ពុជានាំចូលពីកូរ៉េមកវិញ មានទំហំទឹកប្រាក់ ៥៤៥លានដុល្លារ ថយចុះ៦ភាគរយ បៀបធៀបឆ្នាំ២០២១ មានទឹកប្រាក់ ៥៨០លានដុល្លារ។ សម្រាប់ច្រកទីផ្សារកូរ៉េវិញ កម្ពុជាទទួលបានអត្រាពន្ធអនុគ្រោះសម្រាប់ការនាំចេញទៅកាន់កូរ៉េ ក្រោមក្របខ័ណ្ឌចំនួនបីរួមមាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់( RCEP)  និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន និងកូរ៉េ (AKFTA)។

ជាមួយគ្នានេះដែរ ផលិតផលរបស់កម្ពុជា នាំចេញទៅកូរ៉េ ស្បែកជើង ស្រោមជើង និងវត្ថុប្រហាក់ប្រហែល ៥៤លានដុល្លារ
សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំធ្វើពីក្រណាត់ចាក់ ៥២លានដុល្លារ, ម៉ាស៊ីននិងឧបករណ៍អគ្គិសនី៤៥លានដុល្លារ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ មិនមែនធ្វើពីក្រណាត់ចាក់៣៥លានដុល្លារ និងអាលុយមីញ៉ូម និងវត្ថុធ្វើពីអាលុយមីញ៉ូម១២ដុល្លារ។ ដោយឡែកការនាំចូលរបស់កម្ពុជា ពីកូរ៉េមកវិញ យានក្រៅពីអយស្ម័យយានឬអយរថយន្តអគ្គិសនី និងបំណែកភាគ ១៣២លានដុល្លារ ភេសជ្ជៈស្រា និងទឹកខ្មេះ៥២លានដុល្លារ ម៉ាស៊ីនឧបករណ៍អគ្គិសនី ៣១លានដុល្លារ និងផលិតផលបានពីការចាក់ដោយម្ជុល ៣៤លានដុល្លារ។

ឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជាបាន​ប្រាប់​​ថា  ការដោះដូរពាណិជ្ជកម្មជាមួយកូរ៉េ មានការកើនឡើងដោយសារតែកិច្ចព្រមព្រៀង​នេះ មាន​លក្ខខណ្ឌ​ល្អ​ច្រើនជាង​កិច្ចព្រមព្រៀង​សេរី​ជាមួយ​ប្រទេស​ចិន​ទៅទៀត ជាពិសេស​ពន្ធ​លើ​ផលិតផល​កសិកម្ម ទទួលបាន​ការអនុគ្រោះ​ច្រើន។

លោក​បាន​បញ្ជាក់ថា កិច្ចព្រមព្រៀង​ជាមួយ​កូរ៉េ​នេះ មាន​លក្ខណៈ​បើកទូលាយ​ជាង​ចិន​ទៅទៀត ព្រោះថា​ពន្ធ​លើ​ផលិត​កសិកម្ម​ស្ទើរ​ស្មើ​សូន្យ​តែម្តង ចំណែក​ចិន មាន​ផលិត​កសិកម្ម​ខ្លះ​នៅជាប់​បន្ទុក ដូចជា​កៅស៊ូ​ជាដើម ប៉ុន្តែ​ក្រសួងពាណិជ្ជកម្ម​អះអាងថា នឹងធ្វើ​បណ្តើរ ច​ចារ​បណ្តើរ​ទៀត​ជាមួយ​ចិន។ ទោះជា​យ៉ាងណាក៏ដោយ ឧកញ៉ាបន្ថែមថា ក៏​នៅមាន​បញ្ហា​ប្រឈម​មួយចំនួន ដែល​វិស័យ​ឯកជន មានការ​ព្រួយបារម្ភ  កិច្ចព្រមព្រៀង

ជាមួយ​កូរ៉េ​នេះ ដោយ​បញ្ហា​ទាំងនោះ​រួមមាន​ដូចជា បរិយាកាស​ធុរកិច្ច និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​នៅមានកម្រិត ការអនុវត្ត​នីតិវិធី​នាំចេញ​នាំចូល ពុំទាន់​ស៊ីសង្វាក់ ផលិតកម្ម​កសិកម្ម​នៅ​តូចតាច និង​មាន​លក្ខណៈ​រាយប៉ាយ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​និរន្តរភាព​នៃ​ការផ្គត់ផ្គង់ គុណភាព​ផលិតផល និង​ថ្លៃដើម​ផលិត ដែល​ពុំ​អាចឆ្លើយតប​នឹង​លក្ខខណ្ឌ​តម្រូវការ​ទីផ្សារ​គោលដៅ លក្ខខណ្ឌ​តម្រូវការ​ទីផ្សារ​គោលដៅ និង​តម្លៃ​អគ្គិសនី​នៅ​ខ្ពស់ ជាដើម៕

ដោយ៖វណ្ណ សុជាតា

ads banner