សហព័ន្ធកីឡាបេស្បល សុហ្វបលកម្ពុជាប្រកាសតែងតាំងអាជ្ញាកណ្តាលអន្តរជាតិមួយរូបនិងមន្រ្តីទំនាក់ទំអន្តរជាតិមួយរូប
ភ្នំពេញ:សហព័ន្ធកីឡាបេស្បល សុហ្វបលកម្ពុជា បានបន្តចុះអនុស្សរណៈយោគយល់គ្នា ជាមួយបណ្តាដៃគូសហការ ដើម្បីជាការរួមចំណែកសម្រាប់ពន្លឿនការអភិវឌ្ឍវិស័យកីឡាបេស្បល សុហ្វបលនៅកម្ពុជា ឲ្យកាន់តែរីកចម្រើននិងមានសក្ដានុពលសម្រាប់ការប្រកួតប្រជែងលើឆាកអន្តរជាតិ។តាមរយ:អនុស្សរណៈនេះមន្រ្តីកីឡារូបត្រូវបានតែងតាំង។

អនុស្សរណៈនៃការយោគយល់គ្នានេះបានប្រកាសតែងតាំងមន្រ្តីជំនាញពីររូបគឺមន្រ្តីអា ជ្ញាកណ្តាលអន្តរជាតិ លោក Choi HongJoon និង លោក Andrew William Wangers ជាមន្រ្តីទទួលបន្ទុកទំនងអន្តរជាតិរបស់សហព័ន្ធ ។

លោក ឆែម ដារា ប្រធានសហព័ន្ធកីឡាបេស្បល សុហ្វបល មានប្រសាសន៍ថា នេះជាការចុះអនុស្សរណៈលើកទី២សម្រាប់អាណត្តិដឹកនាំថ្មីនេះ។ លោក បន្តថា ការចុះអនុស្សរណៈជាមួយដៃគូសហការជាបន្តបន្ទាប់នេះ គឺធ្វើឡើងក្នុងគោលដៅចូលរួមអភិវឌ្ឍវិស័យកីឡាបេស្បល សុហ្វបលរបស់កម្ពុជាឲ្យកាន់តែរីកចំរើន និងមានសក្កានុពលសម្រាប់ការប្រកួតប្រជែងលើឆាកអន្តរជាតិ។

ប្រធានសហព័ន្ធរូបនេះ បញ្ជាក់ថា អនុស្សរណៈលើកទី២នេះប្រកាសតែងតាំងមន្រ្តីពីរសម្រាប់អាជ្ញាកណ្តាលអន្តរជាតិ និង ទំនាក់ទំនងអន្តរជាតិ ព្រោះបច្ចុប្បន្នសហព័ន្ធត្រូវការចាំបាច់អាជ្ញាកណ្តាលអន្តរជាតិសម្រាប់បណ្តុះបណ្តាលធនធានមន្រ្តីអាជ្ញាកណ្តាលស្តង់ដារកម្រិតអន្តរជាតិជាជនជាតិកម្ពុជាឲ្យមានច្រើននៅកម្ពុជា ដើម្បីទទួលរៀបចំការប្រកួតជាលក្ខណៈអន្តរជាតិនៅលើទឹកដីកម្ពុជា។លោក Choi HongJoon ជាមន្រ្តីជំនាញអាជ្ញាកណ្តាលអន្តរជាតិប្រចាំសហព័ន្ធនេះ នឹងទទួលខុសត្រូវជួយបណ្តុះ បណ្តាលមន្រ្តីរបស់សហព័ន្ធដែលជាជនជាតិខ្មែរឲ្យអភិវឌ្ឍសមត្ថភាពក្លាយជាអាជ្ញាកណ្តាលអន្តរជាតិ។

ដោយឡែក សម្រាប់ការតែងតាំង លោក Andrew William Wangers ជាមន្រ្តីទទួលបន្ទុកទំនាកក់ទំនងអន្តរជាតិរបស់សហព័ន្ធ ដោយសារតែ សហព័ន្ធចាំបាច់ត្រូវការស្វែងរកដៃគូឧបត្ថម្ភទាំងជាតិនិងអន្តរជាតិ ដើម្បីឲ្យដៃគូឧបត្ថម្ភគាំទ្រជាថវិកា និងសម្ភារ ដល់សហព័ន្ធ ដើម្បីចូលរួមក្នុងផែនការអភិវឌ្ឍរបស់សហព័ន្ធឆ្ពោះទៅរកសក្កានុពល។

សូមបញ្ជាក់ថា អនុស្សរណៈយោគយល់គ្នានៃការប្រកាសតែងតាំងរបស់សហព័ន្ធកីឡាបេស្បល សុហ្វបលកម្ពុជា ជាមួយដៃគូនេះ ជាលើកទី២។អនុស្សរណៈលើកទី១ធ្វើជាមួយដៃគូជប៉ុន តែងតាំងគ្រូបង្វឹកអន្តរជាតិ និងទូតសុច្ឆន្ទៈរបស់សហព័ន្ធមានតួនាទីកៀរគរស្វែងរកមូលនិធិនៅប្រទេសជប៉ុន ដើម្បីជួយដល់សហព័ន្ធ៕
ដោយ:ជាវ ចន្ធូ