ឯកឧត្តម គុជ បញ្ញាសារ ៖ ការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា បានទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនមកកាន់កម្ពុជា

ភ្នំពេញ ៖ ឯកឧត្តម គុជ បញ្ញាសារ រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងពិធីប្រគល់ពានរង្វាន់ Cambodia Top30 Bar Awards នាយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ បានមានប្រសាសន៍ថា ការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា បានជម្រុញឱ្យវិស័យសេវាកម្មម្ហូបអាហារ និងការកម្សាន្ត បូករួមទាំងធនធានមនុស្សគ្រប់គ្រាន់ បានទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនមកកាន់កម្ពុជា ។

ឯកឧត្តម គុជ បញ្ញាសារ មានប្រសាសន៍បន្តថា អនុវិស័យម្ហូបអាហារ និងភេសជ្ជៈនៅកម្ពុជា ពិតជាកំពុងរីកដុះដាលគួរឱ្យកត់សម្គាល់ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលម្ហូបអាហារត្រូវបានក្លាយជាភាពទាក់ទាញទេសចរណ៍មួយបែប បន្ថែមលើជម្រើសនៃការជ្រើសរើសគោលដៅធ្វើដំណើរ ។ ពោលគឺភ្ញៀវទេសចរអាចនឹងសម្រេចចិត្តធ្វើដំណើរកម្សាន្តទៅគោលដៅមួយព្រោះតែចង់ភ្លក់រសជាតិម្ហូបអាហារនៅកម្ពុជា ពិសេសនាពេលខាងមុខភ្ញៀវទេសចរអាចនឹងសម្រេចចិត្តធ្វើដំណើរកម្សាន្តមកកម្ពុជា ជាពិសេសរាជធានីភ្នំពេញ ដើម្បីចង់ភ្លក់រសជាតិភេសជ្ជៈនៅបានីយដ្ឋានទាំង៣០ ដែលជាប់ចំណាត់ថ្នាក់ ។

ទន្ទឹមនឹងថ្វីដៃ រសជាតិ យើងគួរចាប់អារម្មណ៍ផងដែរចំពោះចំណេះជំនាញដែលបុគ្គលិកត្រូវតែមានជាចាំបាច់ រួមមាន ការយល់ដឹងអំពីរបៀបលាយស្រា សុវត្ថិភាពចំណីអាហារ និងការធ្វើបដិសណ្ឋារកិច្ចជូនភ្ញៀវដែលសុទ្ធសឹងជាកម្មវិធីដែលក្រសួងទេសចរណ៍យកចិត្តទុកដាក់ជាកិច្ចការអាទិភាព។ បន្ថែមលើនេះ ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ អនុលោមតាមប្រព័ន្ធស្តង់ដាចំណាត់ថ្នាក់សេវាកម្មទេសចរណ៍ និយាម វិធានការសុវត្ថិភាព សណ្តាប់ធ្នាក់ និងការណែនាំនានា សុទ្ធសឹងជាកត្តាសំខាន់ដែលអាជីវកម្មត្រូវយកចិត្តទុកដាក់។

លោក Alvin Sinclair ដែលស្ថាបនិកកម្មវិធី Top30 Awards កម្មវិធីនេះបានចាប់ផ្តើមជាមួយនឹងការជ្រើសរើសបារចំនួន ១៥០ នៅទូទាំងប្រទេសកម្ពុជា ប៉ុន្តែត្រូវបានវាយតម្លៃ និងជ្រើសរើសត្រឹមតែ ចំនួន៣០ ដែលបានត្រូវបានបង្ហាញខ្លួន និងទទួលបានពានរង្វាន់ក្នុងកម្មវិធីនេះ ។

សូមបញ្ជាក់ថា ពានរង្វាន់ Top30 Bar Awards បានបង្កើតឡើងដោយប្រទេសម៉ាឡេស៊ី មានគោលបំណងទទួលស្គាល់បារកំពូលរបស់ប្រទេស ខណៈពេលដែលរំលេចនូវជំនាញរបស់អ្នកក្រឡុកស្រាដើម្បីផ្សព្វផ្សាយពួកគេទៅកាន់ទីផ្សារក្នុងស្រុក និងពិភពលោកដែលមានសក្តានុពល លើសពីនេះ ពានរង្វាន់ដ៏មានកិត្យានុភាពនេះ ដើរតួជាវេទិកាមួយដើម្បីកែលម្អកេរ្តិ៍ឈ្មោះ និងគុណភាពនៃបារ វិស័យម្ហូបអាហារ និងភេសជ្ជៈ របស់ប្រទេសកម្ពុជា ។ បន្ថែមពីលើការទទួលស្គាល់បារល្អបំផុតនៅក្នុងប្រទេសកម្ពុជា ពានរង្វាន់របារកំពូលទាំង ៣០ របស់កម្ពុជា នឹងរៃអង្គាសថវិកាសម្រាប់មូលនិធិ អង្គការផ្កាយសមុទ្រកម្ពុជា ដែលជាអង្គការសប្បុរសធម៌កម្ពុជាមានបទពិសោធន៍ ១៦ឆ្នាំ ដោយប្រើការអប់រំដើម្បីផ្លាស់ប្តូរជីវិតរបស់កុមារក្រីក្រនៅកម្ពុជាផងដែរ ៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner