អគ្គលេខាធិការគណៈវិស្វករកម្ពុជា៖ ការបណ្ដុះបណ្ដាលវិស្វករ ជាកម្លាំងចលករដ៏សំខាន់ក្នុងយុគសម័យបច្ចេកវិទ្យាទំនើប
ភ្នំពេញ៖ ការបណ្ដុះបណ្ដាលវិស្វករ យុវវិស្វករ ជាកម្លាំងចលករដ៏សំខាន់ក្នុងយុគសម័យបច្ចេកវិទ្យាទំនើបនេះ ដើម្បីដើរតាមបច្ចេកវិទ្យាទំនើប និងចូលរួមបង្កើតគំនិតថ្មីៗ រួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ។ នេះជាការលើកឡើងរបស់ ឯកឧត្តម សុខុម រិទ្ធីវុធ អគ្គលេខាធិការគណៈវិស្វករកម្ពុជា តំណាងឯកឧត្តម សុខុម ភគវន្តមុនី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ក្នុងសិក្ខាសាលាស្តីពីនវានុវត្តន៍ក្នុងវិស័យសំណង់ ដើម្បីអោយវិស្វករយល់ដឹងគ្រប់គ្រាន់ និងច្បាស់លាស់លើបញ្ហាផ្នែកសំណង់ កាលពីថ្ងៃទី៣១មីនា នៅសណ្ឋាគារភ្នំពេញ ។

លោកជំទាវ ខ្វៃ សុភាព អគ្គលេខាធិការរងគណៈវិស្វករកម្ពុជា ទទួលបន្ទុកគ្រប់គ្រងផ្នែកអប់រំ និងបណ្តុះបណ្តាល មានប្រសាសន៍ថា សិក្ខាសិលានេះរៀបចំឡើងក្រោមប្រធានបទ “នវានុវត្តន៍ក្នុងវិស័យសំណង់” ដើម្បីចូលរួមចំណែកលើកកម្ពស់ដល់សាធារណជនឱ្យដល់ដឹងពីចក្ខុវិស័យ និងយុទ្ធសាស្ត្រ អភិវឌ្ឍបច្ចេកវិទ្យា និងនវានុវត្តន៍របស់រាជរដ្ឋាភិបាល ព្រមទាំងការបណ្តុះបណ្តាលប្រកបដោយប្រសិទ្ធិភាព និងចែករំលែកនូវបទពិសោធន៍ថ្មីៗ និងជាជំនួយដើម្បីបង្កើនសមត្ថភាពជំនាញជូនវិស្វករជាតិ អំពីការប្រើប្រាស់បច្ចេកវិទ្យា ក្នុងការអភិវឌ្ឍមុខជំនាញ ការគ្រប់គ្រងការងារ និងបរិស្ថានក្នុងបរិបទ ការផ្លាស់ប្ដូរឌីជីថល ។ សិក្ខាសាលានេះ មានវាគ្មិនជាវិស្វករស្ត្រី ២រូប ដែលបញ្ជាក់យ៉ាងច្បាស់នូវការលើកកម្ពស់ស្រ្តីក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីជម្រុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម ប្រកបដោយសក្តានុពលភាព។

លោកជំទាវ បន្តថា ធនធានមនុស្ស កម្លាំងពលកម្ម គំនិតច្នៃប្រឌិតថ្មីៗ និងនវានុវត្តន៍ក្នុង ការប្រើប្រាស់បច្ចេកវិទ្យា គឺជាកត្តាចម្បង ដែលយើងកំពុងត្រូវការជាចាំបាច់នាពេលបច្ចុប្បន្ន ហើយធនធានវិស្វករជាតិ ជាកត្តាលីករដ៏សំខាន់មួយក្នុងការអភិវឌ្ឍជាតិ ជាពិសេស មានការចូលរួមចំណែកយ៉ាងសកម្មពីបណ្ដាប្រជាពលរដ្ឋទូទៅ វិស័យឯកជន និងរាជរដ្ឋាភិបាល ។

ឯកឧត្តម សុខុម រិទី្ធវុធ មានប្រសាសន៍ថា ក្នុងយុគសម័យបច្ចេកវិទ្យាទំនើបនេះ ការបណ្ដុះបណ្ដាលវិស្វករ យុវវិស្វករ ជាកម្លាំងចលករដ៏សំខាន់មិនអាចខ្វះបាន ដើម្បីដើរតាមបច្ចេកវិទ្យាទំនើប និងចូលរួមបង្កើតគំនិតថ្មីៗ ទាញយកអត្ថប្រយោជន៍ជាអតិបរិមាពីបច្ចេកវិទ្យាទំនើបទាំងនោះ រួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ។ ហេតុដូច្នេះសូមសមាជិក សមាជិកានៃអង្គសិក្ខាសាលាទាំងអស់ ត្រង់ត្រាប់នូវរាល់ខ្លឹមសារនៃបទបង្ហាញ ដើម្បីយកទៅអនុវត្តន៍ក្នុងពេលប្រតិបត្តិការវិជ្ជាជីវៈរបស់ខ្លួនប្រកបដោយគុណភាព និងការទទួលខុសត្រូវខ្ពស់។

ឯកឧត្តម សុខុម រិទ្ធីវុធ បានបន្តថា ក្រោមម្លប់សន្តិភាព បានធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យនិយាយជារួម ដោយឡែកវិស័យវិស្វកម្មសំណង់ ក៏ទទួលបានការអភិវឌ្ឍយ៉ាងខ្លាំងគួរឱ្យកត់សំគាល់ផងដែរ ដូចជាការរីកដុះដាល នៃអាគារខ្ពស់ៗ ស្ពានថ្នល់ខ្វាត់ខ្វែងជាសក្ខីភាព។

ឯកឧត្តម បានបញ្ជាក់ថា គណៈវិស្វករកម្ពុជា ជាអាជ្ញាធរវិស្វកម្មជាតិ និងជាមជ្ឈមណ្ឌលផ្តល់ការអភិវឌ្ឍចំណេះដឹង ជំនាញប្រតិបត្តិវិជ្ជាជីវៈដល់វិស្វករគ្រប់លំដាប់ថ្នាក់ ហើយក៏ជាស្ពានតភ្ជាប់វិស័យវិស្វកម្មជាតិនៅក្នុងតំបន់ និងសកលលោកផងដែរ។ ដូច្នេះការបណ្តុះបណ្តាលបំប៉នសមត្ថភាពប្រតិបត្តិជំនាញវិជ្ជាជីវៈ ជាកត្តាដ៏សំខាន់ ក្នុងការបង្កើនគុណភាព និងសុវត្ថិភាព នៃការផ្តល់សេវាវិស្វកម្មរបស់វិស្វករ ក្នុងគោលបំណងការពារនូវផលប្រយោជន៍ប្រជាជន និងសាធារណៈ ក៏ដូចជាការលើកកម្ពស់ កិត្តិយស សេចក្តីថ្លៃថ្នូរ វិជ្ជាជីវៈវិស្វកម្មផងដែរ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ សួង ពិសិដ្ឋ