ប្រធានាធិបតីបេឡារុស៖ បេឡារុសអាចជាមូលដ្ឋានផ្ទុកអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់រុស្ស៊ី
បេឡារុស៖ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បាននិយាយថា អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់រុស្ស៊ី អាចនឹងត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសបេឡារុស រួមទាំងឃ្លាំងអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់រុស្ស៊ីទៀតផង។ ការលើកឡើងនេះ ស្របទៅនឹងការថ្លែងរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ដែលបានប្រកាសឱ្យដឹងកាលពីសប្ដាហ៍មុនថា រុស្ស៊ីគ្រោងនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែររយៈចម្ងាយខ្លីដែលមានក
ម្លាំងផ្ទុះតូច នៅក្នុងប្រទេសបេឡារុសដែលជាប្រទេសជិតខាងរបស់ខ្លួន។
អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ ដូចជាក្បាលគ្រាប់មីស៊ីល ដែលលោក Lukashenko បានលើកឡើងក្នុងសុន្ទរកថា គឺជាការគំរាមកំហែងកាន់តែខ្លាំងឡើង ប្រសិនបើទីក្រុងមូស្គូសម្រេចបញ្ជូនអាវុធទាំងអស់នោះទៅកាន់ទឹកដីបេឡារុសពិតមែន។
គួរបញ្ជាក់ថា ទាំងប្រធានាធិបតីបេឡារុស និងប្រធានាធិបតីរុស្ស៊ី តែងតែបានចោទប្រកាន់ថា មហាអំណាចលោកខាងលិចមានបំណងចង់កម្ទេចប្រទេសរុស្ស៊ី និងបេឡារុស។ មេដឹកនាំបេឡារុសរូបនេះបានលើកឡើងថា «ប្រសិនបើចាំបាច់ លោក ពូទីន និងខ្ញុំនឹងសម្រេចណែនាំអំពីអាវុធយុទ្ធសាស្ត្រ
ហើយពួកគេត្រូវតែយល់ឱ្យបានច្បាស់អំពីរឿងនេះ។ សព្វថ្ងៃនេះ ជនបោកប្រាស់នៅបរទេសទាំងអស់នោះ កំពុងព្យាយាមបំផ្លាញពួកយើង»។ លោកបន្ថែមថា «យើងនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីការពារប្រទេសរបស់យើង រដ្ឋរបស់យើង និងប្រជាជនរបស់ពួកយើង»។
មេដឹកនាំរូបនេះបានបន្ថែមថា លោកមិនខ្លាចការដាក់ទណ្ឌកម្មរបស់លោកខាងលិចមកលើប្រទេសបេឡារុសនោះទេ ដោយលោកបានអះអាងថាទីក្រុងមីនស្កិ៍ (Minsk) ត្រូវបានបង្ខំឱ្យធ្វើបែបនេះ ពោលគឺដោយសារតែសម្ពាធរបស់លោកខាងលិចដែលមិនធ្លាប់មានពីមុនមក។ លោកក៏បានទទូចថា ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរនេះមិនបានបំពានលើកិច្ចព្រមព្រៀងអន្តរជាតិឡើយ។
លោកប្រធានាធិបតី Lukashenko ក៏បានបញ្ជាក់ដែរថា ទីក្រុងមីនស្កិ៍ បានរៀបចំខ្លួនរួចជាស្រេចដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួន តាមរយៈមធ្យោបាយណាមួយដែលចាំបាច់ រួមទាំងអាចនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរទៀតផងដែរ។ លោកបានអះអាងថា ការគាំទ្ររបស់លោកខាងលិចចំពោះទីក្រុងកៀវ (Kyiv) បានបង្កើនលទ្ធភាពដល់ការផ្ទុះសង្គ្រាមនុយក្លេអ៊ែរបន្ថែមទៀត ហើយកងកម្លាំងពិសេសរបស់បេឡារុស កំពុងឈរជើងនៅតាមព្រំដែនភាគខាងត្បូងជាប់នឹងអ៊ុយក្រែនដើម្បីការពារការបង្កហេតុណាមួយដែលអាចកើតមានឡើង។ យ៉ាងណាក៏ដោយ លោកបានអំពាវនាវឱ្យមានបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌរវាងរដ្ឋាភិបាលក្រុងមូស្គូ និងរដ្ឋាភិបាលក្រុងកៀវ។ លោកបានមានប្រសាសន៍ថា ៖ «យើងត្រូវតែបញ្ឈប់ឥឡូវនេះ មុនពេលជម្លោះកាន់តែខ្លាំងផ្ទុះឡើង។ ខ្ញុំស្នើឱ្យបញ្ចប់
ការសម្លាប់គ្នាបន្ថែមទៀត ហើយសុំឱ្យមានការបង្កើតបទឈប់បាញ់ឡើង»។
ប្រធានាធិបតីដែលបានឡើងកាន់អំណាចចាប់តាំងពីឆ្នាំ១៩៩៤ រូបនេះបានបន្ថែមថា «ការកសាងទឹកដីឡើងវិញ សន្តិសុខ និងបញ្ហាទាំងអស់ គួរតែត្រូវបានដោះស្រាយនៅលើតុចរចាដោយគ្មានលក្ខខណ្ឌ»។ លោកបន្តថា ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក និងផ្កាយរណបរបស់ពួកគេ បានបង្កឱ្យកើតមានសង្រ្គាមទ្រង់ទ្រាយធំមួយផ្ទុះឡើង ហើយសង្គ្រាមលោកលើកទីបី ជាមួយនឹងភ្លើងអាវុធនុយក្លេអ៊ែរ កំពុងតែឈានជិតមកដល់។
ដោយឡែក វិមានក្រឹមឡាំងបានបដិសេធការអំពាវនាវរបស់លោក Lukashenko កាលពីថ្ងៃសុក្រ ដែលថាចង់ឱ្យមានសន្តិភាពឡើងវិញ ។នេះបើយោងតាមការលើកឡើងរបស់អ្នកនាំពាក្យរុស្ស៊ីលោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov)។ អ្នកនាំពាក្យរូបនេះបាននិយាយថា គ្មានអ្វីផ្លាស់ប្តូរនៅក្នុងបរិបទអ៊ុយក្រែននោះទេ ហើយប្រតិបត្តិការយោធាពិសេសនឹងនៅតែបន្ត ព្រោះនេះជាមធ្យោបាយតែមួយគត់ដើម្បីសម្រេចបានគោលដៅដែលរុស្ស៊ីមានសព្វថ្ងៃ។ គួរឱ្យដឹងដែរថា ប្រទេសបេឡារុសបានអនុញ្ញាតឱ្យកងកម្លាំងរុស្ស៊ីប្រើប្រាស់ទឹកដីរបស់ខ្លួនជាកន្លែងឈរជើងដើម្បីបាញ់បង្ហោះគ្រាប់មីស៊ីល និងធ្វើការវាយលុកទៅកាន់ប្រទេសអ៊ុយក្រែន ។ប៉ុន្តែរហូតមកដល់ពេលនេះ ប្រធានាធិបតីបេឡារុស
តែងតែបានបដិសេធមិនបញ្ជូនកងទ័ពរបស់ខ្លួនទៅកាន់ព្រំដែនអ៊ុយក្រែននោះទេ៕
ប្រែសម្រួល៖ធា សុណា